ប្រជាពលរដ្ឋចោទសួរ៖ ការចាក់បេតុងពីលើផ្លូវកៅស៊ូចាស់ខូចខាត នៅមុខសាលាជាស៊ីម ក្រុងដូនកែវ តើស្របតាមលក្ខណៈបច្ចេកទេសដែរឬទេ?

ប្រជាពលរដ្ឋចោទសួរ៖ ការចាក់បេតុងពីលើផ្លូវកៅស៊ូចាស់ខូចខាត នៅមុខសាលាជាស៊ីម ក្រុងដូនកែវ តើស្របតាមលក្ខណៈបច្ចេកទេសដែរឬទេ?

ខេត្តតាកែវ៖ ប្រជាពលរដ្ឋមួយចំនួនបានលើកឡើងនូវចម្ងល់ និងការព្រួយបារម្ភពាក់ព័ន្ធនឹងការសាងសង់ផ្លូវបេតុងថ្មីមួយខ្សែ ស្ថិតនៅតំបន់ទល់មុខសាលាជាស៊ីម ក្នុងក្រុងដូនកែវ ខេត្តតាកែវ ខណៈក្រុមហ៊ុនសាងសង់បានអនុវត្តវិធីចាក់បេតុងពីលើផ្លូវកៅស៊ូចាស់ដែលមានសភាពខូចខាតស្រាប់។

ប្រជាពលរដ្ឋខ្លះបានសួរថា ការសាងសង់បែបនេះតើអាចធានាគុណភាព និងអាយុកាលប្រើប្រាស់បានយូរឬទេ? ហើយតើការចាក់បេតុងពីលើផ្លូវកៅស៊ូចាស់ ដោយមិនឃើញមានការកាយយកស្រទាប់ចាស់ចេញ ឬរៀបចំគ្រឹះឡើងវិញ ធ្វើឡើងស្របតាមលក្ខណៈបច្ចេកទេសដែរឬទេ?

តាមអ្នកជំនាញផ្នែកសំណង់ និងបច្ចេកទេសផ្លូវ បានបញ្ជាក់ថា ការចាក់បេតុងពីលើផ្លូវកៅស៊ូចាស់ មិនមែនជារឿងខុសបច្ចេកទេសទាំងស្រុងនោះទេ ប៉ុន្តែត្រូវអនុវត្តតាមស្តង់ដារបច្ចេកទេសយ៉ាងតឹងរ៉ឹង។ មុននឹងចាក់បេតុង ក្រុមការងារត្រូវតែធ្វើការត្រួតពិនិត្យស្ថានភាពផ្លូវចាស់ជាមុន ដូចជា កម្រិតការខូចខាត សមត្ថភាពទ្រទម្ងន់ និងស្ថានភាពគ្រឹះក្រោមផ្លូវ។

ប្រភពដដែលបានបន្តថា ប្រសិនបើផ្លូវកៅស៊ូចាស់នៅមានគ្រឹះរឹងមាំ និងមិនទ្រុឌទ្រោមខ្លាំង អាចប្រើជាស្រទាប់មូលដ្ឋានសម្រាប់ចាក់បេតុងពីលើបាន ដើម្បីសន្សំថវិកា និងពន្លឿនការសាងសង់។ ប៉ុន្តែ បើផ្លូវចាស់មានការបាក់ស្រុត ឬគ្រឹះក្រោមផ្លូវខ្សោយ ការចាក់បេតុងពីលើដោយមិនកែលម្អគ្រឹះជាមុន អាចបណ្តាលឱ្យផ្លូវថ្មីឆាប់ប្រេះ បាក់ ឬស្រុតក្នុងរយៈពេលខ្លី។

ជាមួយគ្នានេះ អ្នកបច្ចេកទេសក៏បានលើកឡើងថា ផ្លូវបេតុងដែលសាងសង់ត្រឹមត្រូវ ត្រូវមានកម្រាស់សមស្រប មានដែកសរសៃ ឬសំណាញ់ដែកពង្រឹងគុណភាព និងមានប្រព័ន្ធបង្ហូរទឹកល្អ ដើម្បីការពារការជ្រាបទឹកចូលគ្រឹះផ្លូវ ដែលជាមូលហេតុធ្វើឱ្យផ្លូវខូចលឿន។

ប្រជាពលរដ្ឋនៅតំបន់នោះ ក៏ស្នើឱ្យអាជ្ញាធរ និងមន្ត្រីជំនាញពាក់ព័ន្ធ ចុះត្រួតពិនិត្យគុណភាពសំណង់ និងបញ្ជាក់ជាសាធារណៈអំពីស្តង់ដារបច្ចេកទេសនៃគម្រោង ដើម្បីឱ្យប្រជាពលរដ្ឋមានទំនុកចិត្ត និងធានាបាននូវគុណភាពផ្លូវប្រើប្រាស់បានយូរអង្វែង។

មហាជនមួយចំនួនយល់ឃើញថា ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធជារឿងល្អ ប៉ុន្តែគុណភាពសំណង់ និងការអនុវត្តតាមបទដ្ឋានបច្ចេកទេស គឺជាចំណុចសំខាន់ដែលមិនគួរមើលរំលង ព្រោះផ្លូវថ្នល់ជាសម្បត្តិសាធារណៈ និងជាប្រយោជន៍រួមរបស់ប្រជាពលរដ្ឋក្នុងការធ្វើដំណើរ៕

img 20260518 142011 683 img 20260518 142012 254 img 20260518 142012 052

Scroll to Top