ឯកឧត្តមផន រឹម បញ្ជាក់ច្បាស់ៗករណីធ្លាយលិខិតអនាមិកក្នុងមន្ទីរសាធារណការ ខេត្តកណ្ដាល ជុំវិញការចោទប្រកាន់បក្ខពួកនិយម ខណៈលោកប្រធានមន្ទីរ មិនបានស្រាយបំភ្លឺឲ្យបានច្បាស់លាស់!..

ឯកឧត្តមផន រឹម បញ្ជាក់ច្បាស់ៗករណីធ្លាយលិខិតអនាមិកក្នុងមន្ទីរសាធារណការ ខេត្តកណ្ដាល ជុំវិញការចោទប្រកាន់បក្ខពួកនិយម ខណៈលោកប្រធានមន្ទីរ មិនបានស្រាយបំភ្លឺឲ្យបានច្បាស់លាស់!..

ខេត្តកណ្ដាល៖ ក្រោយពីមានការបែកធ្លាយលិខិតអនាមិកចំនួន២ច្បាប់ ដែលអះអាងថា ផ្ញើចេញពីក្រុមមន្ត្រីរាជការនៅក្នុងមន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្តកណ្ដាល ដោយលើកឡើងពីបញ្ហាបក្ខពួកនិយម ការប្រើប្រាស់មន្ត្រីចូលនិវត្តន៍ និងការតែងតាំងមុខតំណែងដែលអាចផ្ទុយនឹងបទប្បញ្ញត្តិរដ្ឋបាលនោះ ពេលនេះក្រសួងសាធារណការ និងដឹកជញ្ជូន បានចេញមុខបកស្រាយជាផ្លូវការ ដើម្បីបំភ្លឺចំពោះមតិសាធារណៈ។

លិខិតអនាមិកដែលត្រូវបានបែកធ្លាយមកកាន់អ្នកសារព័ត៌មាន កាលពីថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៦ បានឱ្យដឹងថា លោក ជា សារ៉ាន់ ដែលត្រូវបានអះអាងថា ជាមន្ត្រីចូលនិវត្តន៍ នៅតែបន្តមានឥទ្ធិពល និងកាន់កាប់ការងារពាក់ព័ន្ធនឹងការគ្រប់គ្រងការដ្ឋានថែទាំផ្លូវជាតិមួយចំនួនក្នុងខេត្តកណ្ដាល។ លិខិតនោះ ក៏បានលើកឡើងពីការប្រើប្រាស់ថវិការដ្ឋ និងគ្រឿងចក្រ ក្នុងលក្ខណៈដែលអ្នកសរសេរលិខិតចាត់ទុកថា «អនាធិបតេយ្យ» ព្រមទាំងចោទប្រកាន់លើការរៀបចំតែងតាំងមុខតំណែងបន្ថែម ដែលអាចផ្ទុយនឹងអនុក្រឹត្យកំណត់រចនាសម្ព័ន្ធរដ្ឋបាល។

ទាក់ទិននឹងករណីខាងលើនេះ ឯកឧត្តម ផន រឹម អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន បានប្រាប់អ្នកកាសែតអោយបានដឹង នៅថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៦ថា លោក ជា សារ៉ាន់ ពិតជាត្រូវបានដាក់ឱ្យចូលនិវត្តន៍ តាមប្រកាសលេខ ០២៤ សក.ប្រក.បល ចុះថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៦ របស់ក្រសួងសាធារណការ និងដឹកជញ្ជូន។

ឯកឧត្តមផន រឹម អ្នកនាំពាក្យក្រសួងបានបញ្ជាក់ប្រាប់អ្នកសារព័ត៌មានថា ដោយសារលោក ជា សារ៉ាន់ ជាវិស្វករមេកានិច ដែលមានបទពិសោធន៍ជាង៣៣ឆ្នាំ លើវិស័យសាធារណការ និងធ្លាប់ចូលរួមការងារកសាង ជួសជុល និងថែទាំហេដ្ឋារចនាសម្ព័ន្ធស្ពាន និងផ្លូវជាច្រើនក្នុងខេត្តកណ្ដាល ទើបមន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្តកណ្ដាល សម្រេចជ្រើសរើសលោកឱ្យបន្តជួយការងារក្នុងនាមជាមន្ត្រីជាប់កិច្ចសន្យា ដើម្បីឆ្លើយតបទៅនឹងតម្រូវការការងារដែលកំពុងមមាញឹក។

យោងតាមការបញ្ជាក់របស់ក្រសួង លោក ជា សារ៉ាន់ ត្រូវបានទទួលស្គាល់ជាមន្ត្រីជាប់កិច្ចសន្យា តាមលិខិតលេខ ៤៩២ មស.កណ ចុះថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៦ របស់មន្ទីរមុខងារសាធារណៈ ខេត្តកណ្ដាល និងត្រូវបានចាត់តាំងឱ្យជួយបំពេញការងារនៅការិយាល័យសាធារណការ ស្របពេលដែលមន្ទីរកំពុងអនុវត្តការងារជួសជុល និងថែទាំផ្លូវជាតិ ផ្លូវខេត្ត និងគម្រោងអភិវឌ្ឍនានា។

ពាក់ព័ន្ធនឹងការចោទប្រកាន់ថា មានការរៀបចំតែងតាំងអនុប្រធានមន្ទីរទី៤ និងទី៥ ដែលអាចផ្ទុយនឹងអនុក្រឹត្យរដ្ឋបាលនោះ ឯកឧត្តមអ្នកនាំពាក្យបានបញ្ជាក់ថា បច្ចុប្បន្នមន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្តកណ្ដាល មានអនុប្រធានមន្ទីរចំនួន៥រូបរួចហើយ ហើយក្នុងពេលខាងមុខនេះ មានអនុប្រធានមន្ទីរ២រូប នឹងត្រូវដល់អាយុចូលនិវត្តន៍។

ឯកឧត្តមបន្តថា យោងតាមអនុក្រឹត្យលេខ ១១៤ អនក្រ.បក មាត្រាទី៥ ចំណុចទី២ បានកំណត់ថា មន្ទីរជំនាញថ្នាក់រាជធានី-ខេត្ត អាចមានអនុប្រធានមន្ទីរច្រើនបំផុតត្រឹម៣រូប ដូច្នេះមន្ទីរ សាធារណការនិងដឹកជញ្ជូនខេត្តកណ្ដាល មិនមានការស្នើសុំតែងតាំងបន្ថែមអនុប្រធានមន្ទីរទី៤ ឬទី៥ ដូចការលើកឡើងក្នុងលិខិតអនាមិកឡើយ។

ចំពោះលោក ជ្រា ថាវរិទ្ធ ដែលត្រូវបានលើកឈ្មោះក្នុងលិខិតអនាមិកនោះ ក្រសួងបានបញ្ជាក់ថា បច្ចុប្បន្នជាប្រធានការិយាល័យដឹកជញ្ជូនផ្លូវគោក នៃមន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្តកណ្ដាល ហើយមានបទពិសោធន៍ជាប្រធានការិយាល័យបច្ចេកទេស នៅខេត្តព្រះសីហនុរយៈពេល៧ឆ្នាំ និងមានជំនាញផ្នែកវិស្វកម្មហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន។

ទាក់ទិនករណីខាងលើនេះអ្នកសារព័ត៍មាន ពុំអាចសុំការបំភ្លឺបន្ថែមបានទេពីលោក បូរី វង្សសានិត្យ ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកណ្ដាលបាននៅឡើយនោះទេ នាថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៦នេះ ព្រោះទូរស័ព្ទខលចូលតែពុំមានអ្នកលើក។

សូមរំលឹកថាកាលពីថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២៦ លោកបូរី វង្សានិត ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកណ្ដាល មិនបានស្រាយបំភ្លឺឲ្យបានច្បាស់លាស់នោះទេ ដៃលោកគ្រាន់តែឆ្លើយតបមកកាន់បណ្ដាញសារព័ត៌មានពេញចិត្តមេឌា តាមមិនបានទំនាក់ទំនងតេលេក្រាម ទាក់ទងនឹងរឿងខាងលើនេះថា”ខ្ញុំកំពុងធ្វើការជាមួយនឹងខាងក្រសួងដើម្បីស្រាវជ្រាវ”។

ជុំវិញករណីនេះ មជ្ឈដ្ឋានមួយចំនួនយល់ថា ការបែកធ្លាយលិខិតអនាមិក បានឆ្លុះបញ្ចាំងពីភាពមិនច្បាស់លាស់ និងបញ្ហាទំនាក់ទំនងផ្ទៃក្នុងស្ថាប័ន ដែលអាចបង្កឱ្យមានការសង្ស័យពីសាធារណជន។ ទន្ទឹមនឹងនេះ ការចេញមុខបកស្រាយពីភាគីក្រសួង ក៏ជាជំហានសំខាន់មួយក្នុងការបង្ហាញពីគោលការណ៍តម្លាភាព និងការទទួលខុសត្រូវរបស់ស្ថាប័នសាធារណៈ។

ទោះជាយ៉ាងណា អ្នកតាមដានសង្គមមួយចំនួន លើកឡើងថា ដើម្បីបញ្ចប់ការចម្រូងចម្រាស និងបង្កើនទំនុកចិត្តពីមន្ត្រីខាងក្នុង ក៏ដូចជាសាធារណជន អាជ្ញាធរពាក់ព័ន្ធគួរតែមានការពិនិត្យ និងបង្ហាញព័ត៌មានឱ្យបានច្បាស់លាស់ជាបន្តបន្ទាប់ ជាពិសេសពាក់ព័ន្ធនឹងការប្រើប្រាស់មន្ត្រីជាប់កិច្ចសន្យា ការបែងចែកភារកិច្ច និងការគោរពតាមបទប្បញ្ញត្តិរដ្ឋបាល ដើម្បីធានាប្រសិទ្ធភាពការងារ តម្លាភាព និងយុត្តិធម៌ក្នុងស្ថាប័នរដ្ឋ៕

img 20260511 201049 103 img 20260511 201052 628 img 20260511 201055 704 photo 2026 05 07 07 40 25 3 735x1024 1 735x580 photo 2026 05 07 07 40 24 5 994x580 photo 2026 05 07 07 40 24 6 989x580 photo 2026 05 07 07 40 24 8 996x580

Scroll to Top