ពលរដ្ឋក្រុងតាខ្មៅ ស្នើអាជ្ញាធរ និងភាគីពាក់ព័ន្ធ ចុះពិនិត្យការដ្ឋានកាយផ្លូវជាតិលេខ២១ ក្រោយបង្កផលប៉ះពាល់ធ្ងន់ធ្ងរដល់ការរស់នៅ និងការធ្វើដំណើរ

ពលរដ្ឋក្រុងតាខ្មៅ ស្នើអាជ្ញាធរ និងភាគីពាក់ព័ន្ធ ចុះពិនិត្យការដ្ឋានកាយផ្លូវជាតិលេខ២១ ក្រោយបង្កផលប៉ះពាល់ធ្ងន់ធ្ងរដល់ការរស់នៅ និងការធ្វើដំណើរ

ខេត្តកណ្ដាល៖ ប្រជាពលរដ្ឋរស់នៅតាមបណ្ដោយផ្លូវជាតិលេខ២១ ស្ថិតក្នុងភូមិថ្មី២ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្ដាល បានស្នើសុំឲ្យក្រសួងសាធារណការ និងដឹកជញ្ជូន រដ្ឋបាលខេត្តកណ្ដាល មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកណ្ដាល ព្រមទាំងក្រុមហ៊ុនម៉ៅការសាងសង់ ចុះពិនិត្យស្ថានភាពជាក់ស្ដែងនៃការដ្ឋានកាយផ្លូវដាក់ប្រព័ន្ធលូរំដោះទឹក ដែលកំពុងបង្កការលំបាកយ៉ាងខ្លាំងដល់ជីវភាពប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ។

ប្រជាពលរដ្ឋបានលើកឡើងថា ការអនុវត្តគម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធគឺជារឿងល្អ និងមានសារៈសំខាន់សម្រាប់ប្រយោជន៍រយៈពេលវែង ប៉ុន្តែការអនុវត្តគួរតែមានផែនការច្បាស់លាស់ និងគិតគូរដល់ផលប៉ះពាល់ជាក់ស្ដែងទៅលើប្រជាពលរដ្ឋ ជាពិសេសការធ្វើដំណើរ ការប្រកបរបររកស៊ី និងសុវត្ថិភាពក្នុងការចេញចូលផ្ទះសម្បែង។

ពលរដ្ឋបញ្ជាក់ថា ស្ទើរតែគ្រប់គ្រួសារមានមធ្យោបាយធ្វើដំណើរផ្ទាល់ខ្លួន ត្រូវចេញទៅធ្វើការព្រឹកល្ងាច ប៉ុន្តែស្ថានភាពផ្លូវដែលត្រូវបានកាយ និងបិទខ្ទប់ បានធ្វើឲ្យការចេញចូលជួបការលំបាកខ្លាំង។ មិនត្រឹមតែប៉ុណ្ណោះ អាជីវកម្មលក់ដូររបស់ពលរដ្ឋក៏រងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ខណៈអតិថិជនពិបាកចូលដល់ទីតាំង។

អ្វីដែលគួរឲ្យព្រួយបារម្ភជាងនេះ គឺផ្លូវចូលសាលារៀនក៏ត្រូវបានបិទផងដែរ ដែលធ្វើឲ្យអាណាព្យាបាល លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស ប្រឈមការលំបាកក្នុងការធ្វើដំណើរទៅសិក្សា និងបំពេញការងារ។

ប្រជាពលរដ្ឋបានបង្ហាញក្តីបារម្ភថា ក្នុងករណីមានអ្នកជំងឺ ឬស្ថានការណ៍បន្ទាន់ ការចេញចូលរថយន្តសង្គ្រោះ ឬមធ្យោបាយដឹកជញ្ជូនផ្សេងៗ អាចជួបឧបសគ្គធ្ងន់ធ្ងរ ដែលអាចប៉ះពាល់ដល់អាយុជីវិតប្រជាពលរដ្ឋ។

ជុំវិញបញ្ហានេះ ប្រជាពលរដ្ឋសង្ឃឹមយ៉ាងមុតមាំថា ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន, ឯកឧត្តម គួច ចំរើន អភិបាលខេត្តកណ្ដាល, លោក បូរី វង្សសានិត្យ ព្រមទាំងក្រុមហ៊ុនម៉ៅការសាងសង់ នឹងយកចិត្តទុកដាក់ ចុះពិនិត្យ និងស្វែងរកដំណោះស្រាយបន្ទាន់ ដូចជារៀបចំផ្លូវបណ្ដោះអាសន្ន ឬច្រកចេញចូលសមស្រប ដើម្បីបន្ធូរបន្ថយការលំបាកជូនប្រជាពលរដ្ឋ។

ការអភិវឌ្ឍគឺជារឿងចាំបាច់ ប៉ុន្តែការអភិវឌ្ឍដែលមិនគិតគូរពីផលប៉ះពាល់ និងជីវភាពប្រជាពលរដ្ឋ អាចធ្វើឲ្យគម្រោងល្អក្លាយជាបន្ទុករបស់សង្គម។ ដូច្នេះ ភាគីពាក់ព័ន្ធគួរតែពន្លឿនការងារ និងរៀបចំដំណោះស្រាយជាក់ស្ដែង ដើម្បីធានាថា «ការអភិវឌ្ឍ» មិនមែនជាការបង្កការលំបាកដល់ប្រជាពលរដ្ឋនោះទេ៕

img 20260506 090758 317 960x580 img 20260506 090753 228 960x580 img 20260506 090741 356 960x580 img 20260506 091601 521 960x580 img 20260506 091605 225 960x580 img 20260506 091610 310 960x580 20260506 090610 20260506 090530 20260506 090517 20260506 090506 20260506 090504 20260506 090500

Scroll to Top