ខេត្តកណ្ដាល៖ លោកឃឹម សំភារ អភិបាលក្រុងតាខ្មៅបានឲ្យដឹងនៅថ្ងៃទី០២ខែឧសភានេះថា ការដ្ឋានឃ្លាំងនៅភូមិក្រពើហាកើត ស្ថិតនៅតាមបណ្ដោយផ្លូវជាតិលេខ២ ក្នុងក្រុងតាខ្មៅ ដែលអាជ្ញាធរក្រុងផ្អាក សកម្មភាពការសាងសង់នោះ ឥឡូវម្ចាស់ការដ្ឋានបានរត់ការសុំច្បាប់ដល់រដ្ឋបាលខេត្តហើយ។ ស្របពេលនោះគេឃើញការដ្ឋានកំពុងចាប់ដំណើរការឡើងវិញហើយដែរ។ ដោយរង់ចាំការចេញច្បាប់ទំនងជាយូរ ដូច្នេះម្ចាស់ការដ្ឋានសំណង់ឃ្លាំងបង្ខំចិត្ត ឲ្យកម្មករធ្វើការ ទាំងដែលខ្លួនមិនទាន់មានច្បាប់? យ៉ាងណាក៏ដោយ អាជ្ញាធរក្រុងតាខ្មៅហាក់ដូច ជាមានការយោគយល់។
រំឮកអំពីការដ្ឋានឃ្លាំងនេះឡើងវិញ ហាក់ដូចជាមានការវិលវល់ នៅក្រោមអំណាចរបស់រដ្ឋបាលក្រុងតាខ្មៅ ដែលបានចេញសេចក្តីជូនដំណឹង ផ្អាកសកម្មភាពការសាង សង់ចំពោះទីតាំងឃ្លាំងខាងលើ ហើយត្រូវបានម្ចាស់ឃ្លាំងហែកសេចក្តីជូនដំណឹង ដែលមានបោះត្រាក្រហមនិងចុះហត្ថលេខា ដោយលោកអភិបាលក្រុងឃឹម សំភារ បោះចូលក្នុងធុងសំរាម ហើយហៅឡានសំរាមដឹកយកទៅបោះចោលនៅឯទីវាលសំរាម។ ការដែលម្ចាស់ឃ្លាំងហ៊ានហែកសេចក្តីជូនដំណឹងរបស់លោកឃឹម សំភារ
យកទៅបោះចោលនោះ ត្រូវបានប្រជាពលរដ្ឋក្រុងតាខ្មៅមើលឃើញថា ទឹកប៊ិចរបស់លោកអភិបាលក្រុងតាខ្មៅសាបដូចទឹកទន្លេ ចំពោះមុខម្ចាស់ឃ្លាំងដ៏មានឥទ្ធិពល។
គួរបញ្ជាក់ថា ការដ្ឋានឃ្លាំង១កន្លែង នៅក្រុងតាខ្មៅដំណើរការដោយគ្មានគោរព តាមច្បាប់ទម្លាប់ប្រទេសជាតិនោះ អាជ្ញាធររដ្ឋបាលក្រុងតាខ្មៅ បានចេញលិខិតផ្អាកសកម្មភាពទាំងស្រុង នៅវេលារសៀលថ្ងៃទី ២៣ ខែ មេសា ដោយគេឃើញលិខិតផ្អាក បិទភ្ជាប់នៅនឹងរបងជញ្ជាំងការដ្ឋាន។ ប៉ុន្តែនៅព្រឹកថ្ងៃទី២៤ខែមេសានេះ លិខិតជូន ដំណឹងផ្អាក ដែលចុះហត្ថលេខា និងបោះត្រាក្រហមដោយរដ្ឋបាលក្រុងតាខ្មៅនោះ ត្រូវបានហែកបកចោល បោះចូលក្នុងធុងសំរាមទៅហើយ។ បញ្ហានេះធ្វើឲ្យពលរដ្ឋក្រុងតាខ្មៅចោទជាសំណួរថា តើអំណាចថៅកែការដ្ឋានឃ្លាំងខាងលើ ធំជាងសេចក្តីជូនដំណឹងរបស់រដ្ឋបាលក្រុងតាខ្មៅ ឬក៏អំណាចនៃច្បាប់ប្រទេស ដែលអនុវត្តដោយលោកឃឹម សំភារ អភិបាលក្រុងតាខ្មៅខ្សោយជាង ឥទ្ធិពលអំណាចឈ្មួញថៅកែឃ្លាំងខាងនេះ? រឿងនេះប្រជាពលរដ្ឋមើលទៅងាយយល់ទេ គឺថាឈ្មួញ ថៅកែការដ្ឋាន ឈ្មោះឈុន គៀ ពិតជាខ្លាំង,ធំជាងច្បាប់ប្រទេស ដោយហ៊ានហែកសេចក្តីជូនដំណឹងរដ្ឋបាលក្រុងតាខ្មៅ យកទៅដាក់ចូលក្នុងធុងសំរាម ដឹកយកទៅបោះចោលធ្វើព្រងើយ និងម្យ៉ាងទៀតប្រជាពលរដ្ឋមើល ឃើញថា កំសោយនៃការដឹកនាំរបស់រដ្ឋបាលក្រុងតាខ្មៅ ក៏ធ្វើឲ្យឈ្មួញជាន់ឈ្លឺច្បាប់ប្រទេសជាតិផងដែរ។
កាលពីថ្ងៃទី០៧ខែមេសាឆ្នាំ២០២៦ លោកឃឹម សំភារៈ អភិបាលក្រុងតាខ្មៅបានចេញលិខិត១ ច្បាប់ដោយបិទ ភ្ជាប់ នឹងរបងការដ្ឋានដែលមានខ្លឹមសារថា ជូនចំពោះលោក ឈ្មោះ ឈុន គា ដែលបានសាង សង់ការដ្ឋានអគារឃ្លាំងទំហំ(២៣.៨០០៥០.០០) ម៉ែត្រ ចំនួន ០១ កន្លែង មានចំណុចនិយាមកា UTM (X= 493705,Y =1268772) ដែលមានក្បាលដីលេខ ០៨១១០២០៤ -០៩៣៣ ស្ថិត នៅផ្លូវជាតិលេខ២ ភូមិក្រពើហាកើត សង្កាត់ព្រែកឫស្សី ក្រុងតាខ្មៅ ខេត្តកណ្តាល បានកំពុងសាងសង់ ដោយគ្មានលិខិត អនុញ្ញាតសាងសង់ពីសមត្ថកិច្ចជំនាញ និងគ្មានកិច្ច សន្យាជាប់ព្រំ។ ដូច្នេះការដ្ឋានសំណង់របស់លោកអ្នក ត្រូវធ្វើការផ្អាកការដ្ឋានចាប់ពីថ្ងៃចេញលិខិតនេះតទៅ។ ក្នុងករណីការដ្ឋានរបស់លោកអ្នកមិនបានអនុវត្តតាមទេ រដ្ឋបាលក្រុងតាខ្មៅ នឹងចាត់វិធានការតាមអនុក្រឹត្យលេខ ២២៤ ហើយបញ្ជូនសំណុំឯកសារទៅតុលាការដើម្បី ចាត់ការតាមនីតិវិធីច្បាប់។
បើទោះជាទង្វើខុសច្បាប់នេះ កំពុងតែដំណើរការយ៉ាង ណាក៏ដោយប៉ុន្តែឥឡូវត្រូវបានម្ចាស់ការរដ្ឋានសំណង់កំពុងដំណើរការឡើងវិញ ទាំងការដ្ឋានក៏ដូចជាបញ្ហាផ្លូវច្បាប់រត់ដល់រដ្ឋបាលខេត្តហើយ។ តើអាចរង់ចាំច្បាប់ ទម្លាប់ធ្លាក់មកដល់សិនបានឬទេ? ហេតុអ្វីក៏ចេះតែបន្តប្រព្រឹត្តល្មើសច្បាប់យ៉ាងដូច្នេះ? ករណីនេះគឺដូចអ្វីដែលគេថាចេះតែព្រុសមនុស្សចេះតែដើរ! តើអាជ្ញាធរជាអ្វី?៕


