ការដ្ឋានឃ្លាំងនៅភូមិក្រពើហាកើត កំពុងដំណើរការសាងសង់ បើទោះបីអាជ្ញាធរក្រុងតាខ្មៅ ហាមឃាត់”ឆ្កែចេះតែព្រួស,មនុស្សចេះតែដើរ”

ការដ្ឋានឃ្លាំងនៅភូមិក្រពើហាកើត កំពុងដំណើរការសាងសង់ បើទោះបីអាជ្ញាធរក្រុងតាខ្មៅ ហាមឃាត់”ឆ្កែចេះតែព្រួស,មនុស្សចេះតែដើរ”

ខេត្តកណ្ដាល៖ រដ្ឋបាលក្រុងតាខ្មៅ កាលពីថ្ងៃទី០៧ខែ មេសាឆ្នាំ២០២៦ មានបោះត្រាក្រហមនិងចុះហត្ថលេខាដោយលោក ឃឹម សំភារៈ អភិបាលក្រុងតាខ្មៅបានបិទនៅលើការដ្ឋាន១កន្លែងលើដងផ្លូវជាតិលេខ២ ក្នុងភូមិក្រពើហាកើត សង្កាត់ព្រែកឬស្សី ក្រុងតាខ្មៅ ដែលក្នុងខ្លឹមសារនៃលិខិតបិទប្រកាសនោះគឺ”ផ្អាក” ដំណើរ ការសាងសង់ជាបណ្ដោះអាសន្នដោយរង់ចាំច្បាប់ទម្លាប់ចេញជាផ្លូវការសិន។ ប៉ុន្តែ នៅគ្រាដែលលិខិតប្រកាសបិទភ្ជាប់និងជញ្ជាំងការដ្ឋាននោះ នៅខាងក្នុង គេឃើញក្រុមកម្មករនៅតែបន្តធ្វើការងារជាធម្មតា។

សេចក្តីប្រកាសនោះ ម្ចាស់ការដ្ឋានមានឈ្មោះឈុន គា ដែល”មិនព្រឺ”បន្តិចឡើយ ចំពោះក្រដាស១សន្លឹកដែលចៅហ្វាយក្រុង ប្រើកូនចៅយកទៅបិទនៅលើជញ្ជាំងការដ្ឋាននោះឡើយ។ ទង្វើបែបនេះធ្វើឲ្យប្រជាពលរដ្ឋសើចចំអកចំពោះរដ្ឋបាលក្រុងតាខ្មៅ ដែលមិនអាចឲ្យ ប្រជាពលរដ្ឋ ឬម្ចាស់ការដ្ឋានខាងលើនេះ គោរពតាមច្បាប់របស់ប្រទេស។ មិនតែប៉ុណ្ណោះថែមទាំងមានពាក្យចំអកឡកឡឹយ មកលើរដ្ឋបាលក្រុងតាខ្មៅថា មិនអាច”ធ្វើអី” ម្ចាស់ទីតាំងនេះបានឡើយ បើទោះបីជាបានចេញច្បាប់ឲ្យផ្អាកការដ្ឋានហើយក៏ដោយ។

គួរបញ្ជាក់ថា កាលពីថ្ងៃទី០៧ខែមេសាឆ្នាំ២០២៦ លោកឃឹម សំភារៈ អភិបាលក្រុងតាខ្មៅបានចេញលិខិត ១ ដោយបិទភ្ជាប់ នឹងរបងការដ្ឋាន ដែលមានខ្លឹមសារថា ជូនចំពោះលោក ឈ្មោះ ឈុន គា ដែលបានសាងសង់ការដ្ឋានអគារឃ្លាំងទំហំ(២៣.៨០០៥០.០០) ម៉ែត្រ ចំនួន ០១ កន្លែង មានចំណុចនិយាមកា UTM (X= 493705,Y=1268772) ដែលមានក្បាលដីលេខ ០៨១១០២០៤-០៩៣៣ ស្ថិត នៅផ្លូវជាតិលេខ២ ភូមិក្រពើហាកើត សង្កាត់ព្រែកឫស្សី ក្រុងតាខ្មៅ ខេត្តកណ្តាល បានកំពុងសាងសង់ ដោយគ្មានលិខិតអនុញ្ញាតសាងសង់ពីសមត្ថកិច្ចជំនាញ និងគ្មានកិច្ចសន្យាជាប់ព្រំ។

ដូច្នេះការដ្ឋានសំណង់របស់លោកអ្នក ត្រូវធ្វើការផ្អាកការដ្ឋានចាប់ពីថ្ងៃចេញលិខិតនេះតទៅ។ ក្នុងករណីការដ្ឋានរបស់លោកអ្នកមិនបានអនុវត្តតាមទេ រដ្ឋបាលក្រុងតាខ្មៅ នឹងចាត់វិធានការតាមអនុក្រឹត្យលេខ ២២៤ ហើយបញ្ជូនសំណុំឯកសារទៅតុលាការដើម្បី ចាត់ការតាមនីតិវិធីច្បាប់។

លិខិត”ផ្អាក”របស់លោកចៅហ្វាយក្រុងនេះ មិនស្ថិតនៅក្នុងក្រសែភ្នែករបស់ម្ចាស់ឃ្លាំងនោះឡើយ។ បើទោះបីជាមានលិខិត”ផ្អាក” ក៏ដោយក៏ដំណើរការរដ្ឋាននៅតែធ្វើជាដដែល។ ដូច្នេះវាប្រៀបដូចជា”ឆ្កែចេះតែព្រុស,មនុស្សចេះតែដើរ” ដែលប្រការនេះ ប្រជាពលរដ្ឋសើចចំអកចំពោះរដ្ឋបាលក្រុងតាខ្មៅ ដែលបណ្ដោយឲ្យទីតាំងការដ្ឋានឃ្លាំងមួយដំណើរការដោយរលូន បើទោះបីជាបានចេញលិខិត ផ្អាកហើយក៏ដោយ។

លោកឃឹម សំភារៈ អភិបាល ក្រុងតាខ្មៅបានបញ្ជាក់បន្ថែមនៅរសៀលថ្ងៃទី២៣ខែមេសានេះថា នឹងបញ្ជូនកម្លាំងឲ្យមកត្រួតពិនិត្យមើលបន្ថែម។ ប៉ុន្តែយ៉ាងណាក៏ដោយបើតាមនីតិវិធី ដែលភ្ជាប់ជាមួយនឹងលិខិតដែលបិទនៅជញ្ជាំងការដ្ឋាននោះ រដ្ឋបាលក្រុងតាខ្មៅនឹងចាត់វិធានការបន្តតាមផ្លូវច្បាប់ បើម្ចាស់ការដ្ឋានមិនគោរពតាមសេចក្តីជូនដំណឹងខាងលើនេះទេ៕

img 20260423 173128 751 videocapture 20260423 173738 videocapture 20260423 173732 img 20260423 173720 165 20260423 165636 20260423 165630 20260423 163950

 

Scroll to Top