អស់ដើមអាកាស្យ៉ា នៅដំបន់កសិទេសចរណ៍ហ៊ុន សែនភ្នំជីសូរ ខណៈប្រធានមន្ទីរទេសចរណ៍ខេត្តអះអាងថា មិនបានដឹង!..

អស់ដើមអាកាស្យ៉ា នៅដំបន់កសិទេសចរណ៍ហ៊ុន សែនភ្នំជីសូរ ខណៈប្រធានមន្ទីរទេសចរណ៍ខេត្តអះអាងថា មិនបានដឹង!..

ខេត្តតាកែវ៖ ករណីកាប់ដើមអាកាស្យ៉ា នៅតំបន់កសិទេសចរណ៍ហ៊ុន សែនភ្នំជីសូរ ស្ថិតក្នុងស្រុកសំរោង កំពុងក្លាយជាបញ្ហា ដែលទាក់ទាញការចាប់អារម្មណ៍ ពីសាធារណជន បន្ទាប់ពីមានការចែករំលែករូបភាពបង្ហាញពីសកម្មភាពដើមឈើ ត្រូវបានកាប់សល់តែគល់ ដោយឯកឧត្តមបណ្ឌិត ម៉ុង រិទ្ធី កាលពីប៉ុន្មានថ្ងៃកន្លងទៅនេះ។

នៅថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៦ លោក ឈូក ប៊ុនថន ប្រធានមន្ទីរទេសចរណ៍ខេត្តតាកែវ បានបញ្ជាក់ថា លោកមិនបានដឹងជាមុន អំពីសកម្មភាពកាប់ដើមអាកាស្យ៉ានោះទេ។ លោកបានបន្តថា ទោះបីជាលោកបានដឹងថា មានក្រុមហ៊ុនឯកជនមួយ ស្នើសុំវិនិយោគអភិវឌ្ឍន៍នៅតំបន់ភ្នំជីសូរក៏ដោយ ប៉ុន្តែពាក់ព័ន្ធនឹងឯកសារច្បាប់ និងអាជ្ញាប័ណ្ណពាក់ព័ន្ធ មិនមានឯកសារណាមួយបានបញ្ជូនមកដល់មន្ទីររបស់លោកឡើយ។

លោក ឈូក ប៊ុនថន បន្ថែមថា បន្ទាប់ពីមានការកាប់ដើមឈើរួចហើយ លោកបានចូលរួមចុះពិនិត្យជាមួយក្រុមការងាររដ្ឋបាលខេត្ត ទើបបានដឹងថា ដើមអាកាស្យ៉ាត្រូវបានកាប់អស់ជាច្រើន។ លោកក៏បានណែនាំឲ្យសារព័ត៌មាន សួរព័ត៌មានបន្ថែមពីអ្នកនាំពាក្យសាលាខេត្ត ដើម្បីទទួលបានការបំភ្លឺច្បាស់លាស់ជាងនេះ។

យ៉ាងណាមិញ នៅថ្ងៃដដែលនេះ អ្នកនាំពាក្យសាលាខេត្តតាកែវ លោក លី សាវ៉េត មិនអាចទាក់ទងសុំការបំភ្លឺបានទេ ដោយទូរសព្ទហៅចូលគ្មានអ្នកទទួល។

ជាមួយគ្នានេះដែរ អាជ្ញាធរមូលដ្ឋាន រួមមានមេឃុំស្លា និងមេឃុំរវៀង បានឲ្យដឹងស្រដៀងគ្នាថា ពួកលោកគ្រាន់តែបានដឹងថា មានគម្រោងវិនិយោគអភិវឌ្ឍន៍នៅតំបន់ភ្នំជីសូរ ប៉ុន្តែមិនធ្លាប់បានឃើញឯកសារច្បាប់ ឬអាជ្ញាប័ណ្ណណាមួយពាក់ព័ន្ធនោះឡើយ ខណៈសកម្មភាពកាប់ដើមអាកាស្យ៉ាបានប្រព្រឹត្តរហូតអស់។

ប្រភពពីប្រជាពលរដ្ឋក្នុងតំបន់បានអះអាងថា មេក្លោងកាប់ដើមអាកាស្យ៉ាមានឈ្មោះ ជា បូរិទ្ធ ដែលមានមុខរបរមិនច្បាស់លាស់ និងរស់នៅខាងលិចភ្នំជីសូរ ព្រមទាំងលោក ជឹម សុវណ្ណរិទ្ធ សមាជិកក្រុមប្រឹក្សាស្រុកសំរោង និងបក្ខពួកមួយចំនួនផ្សេងទៀត។

ទាក់ទងនឹងការចោទប្រកាន់នេះ លោក ជឹម សុវណ្ណរិទ្ធ បានបញ្ជាក់ថា លោកគ្រាន់តែចុះទៅត្រួតពិនិត្យការងារជំនួសឲ្យលោក ជា បូរិទ្ធ ប៉ុណ្ណោះ។ លោកអះអាងថា សកម្មភាពនោះមានច្បាប់អនុញ្ញាតត្រឹមត្រូវ ប៉ុន្តែលោកមិនមានឯកសារ ឬថតអាជ្ញាប័ណ្ណទុកក្នុងទូរសព្ទដៃដើម្បីបង្ហាញបានឡើយ។

ចំណែកលោក កៅ វគ្កសែល អភិបាលស្រុកសំរោងបានឲ្យដឹងនៅថ្ងៃទី២០នេះដែរថា លោកបានបញ្ជាទៅលោកមេឃុំរវៀង និងមេឃុំស្លា ចុះស្រាវជ្រាវធ្វើរបាយការណ៍ដើម្បីឆ្លើយតបនឹងសំណេររបស់ឯកឧត្តមបណ្ឌឹត ម៉ុង រិទ្ធី ករណីអស់ដើមអាកាស្យ៉ានៅដំបន់កសិទេសចរណ៍ហ៊ុន សែនភ្នំជីសូរ។

សូមបញ្ជាក់ដែរថា ឯកឧត្តមបណ្ឌិត ម៉ុង រិទ្ធី បានសរសេរនៅលើបណ្តាញសង្គមហ្វេសប៊ុកដោយបានរំលឹកថា ក្នុងឆ្នាំ១៩៩៥-១៩៩៦ លោកបានចូលរួមអភិវឌ្ឍតំបន់ភ្នំជីសូរ ដោយសាងសង់ទំនប់ ប្រឡាយ និងដាំដើមអាកាស្យ៉ា ជាង ៦០,០០០ ដើម។ ប៉ុន្តែក្នុងការចុះពិនិត្យថ្មីៗនេះ លោកឃើញថា ដើមអាកាស្យ៉ាជាច្រើនត្រូវបានបាត់បង់ សល់តែគល់ បង្កើតបានជាសំណួរថា តើត្រូវបានដុត ឬលក់ និងប្រាក់ចំណូលទៅណា។ លោកមិនប្រឆាំងការអភិវឌ្ឍទេ ប៉ុន្តែស្នើឲ្យអាជ្ញាធរបកស្រាយឲ្យច្បាស់លាស់៕

img 20260418 183521 160 img 20260418 183520 565 img 20260418 183520 247 img 20260418 183520 417 img 20260418 183520 826 fb img 1776568787168 fb img 1776568791911 fb img 1776568802580 fb img 1776568784576 img 20260420 141515 245 img 20260420 141522 611 img 20260420 143422 185

Scroll to Top