កម្មករ៤នាក់ ត្រូវបានកោះហៅដើម្បីសាកសួរស្រាវជ្រាវរក «មេខ្លោង» រត់ពន្ធនាំបារីឆ្លងដែនខុសច្បាប់តាមច្រក «ស្ពានដែក» ស្រុកកំរៀង

កម្មករ៤នាក់ ត្រូវបានកោះហៅដើម្បីសាកសួរស្រាវជ្រាវរក «មេខ្លោង» រត់ពន្ធនាំបារីឆ្លងដែនខុសច្បាប់តាមច្រក «ស្ពានដែក» ស្រុកកំរៀង

ខេត្តបាត់ដំបង៖ បន្ទាប់ពីបែកធ្លាយវីដេអូសកម្មភាពនាំបារីឆ្លងដែនខុសច្បាប់តាមច្រក «ស្ពានដែក» នៅភូមិអូដាលើ ឃុំបឹងរាំង ស្រុកកំរៀង ខេត្តបាត់ដំបង កម្លាំងសមត្ថកិច្ចជំនាញបានឃាត់ខ្លួនកម្មករ៤ នាក់ ដើម្បីសួរនាំ និងរកព័ត៌មានលម្អិតពីប្រភពនៃទំនិញ និងអ្នកនៅពីក្រោយខ្នង។

សមត្ថកិច្ចបានចុះអន្តរាគមន៍ និងសួររកព័ត៌មានពីក្រុមកម្មករដែលពាក់ព័ន្ធ ដើម្បីស្វែងរកម្ចាស់បារី «មេខ្លោង» ឬអ្នកមានអំណាច ដែលអនុញ្ញាតឱ្យមានការនាំចេញ- ចូលតាមច្រកនេះ។ តំបន់ដែលមានសកម្មភាពរត់ពន្ធទំនិញនិងនាំមនុស្សឆ្លងដែន ដោយខុសច្បាប់ខាងលើ ត្រូវគ្រប់គ្រងដោយអង្គភាពជំនាញ ៣ គឺ នគរបាលអន្តោប្រវេសន៍, យោធាផ្នែកទំនាក់ទំនងព្រំដែន និងកងពលលេខ ៥៣។

វីដេអូដែលថតជាប់ដោយកាមេរ៉ាសុវត្ថិភាព បង្ហាញពីសកម្មភាពពួកជនទុច្ចរិតកំពុងដឹក ជញ្ជូនកេសទំនិញ (បារី) ឆ្លងអូរព្រំដែនពីខ្មែរទៅថៃ ដោយខុសច្បាប់ទាំងកណ្ដាលថ្ងៃ តាមច្រករបៀងមួយកន្លែង ក្នុងទឹកដីស្រុកកំរៀង បានបែកធ្លាយ ហើយត្រូវបានគេយកទៅបង្ហោះព្រោងព្រាត លើបណ្ដាញសង្គម ចាប់តាំងពីព្រឹកថ្ងៃទី០៧ មេសា រហូតមក បើទោះជារូបភាពនោះ ត្រូវអាជ្ញាធរស្រុកនេះអះអាងថា បានកើត ឡើងតាំងពីចុងខែមីនាកន្លងមកក្ដី តែវាជារឿងថ្មីសម្រាប់ពេលនេះ ហើយបានបញ្ជូនសំណុំរឿងទៅតុលាការរួច ហើយ។

ពាក់ព័ន្ធនឹងមុខសញ្ញារត់ពន្ធ «បារី» ឆ្លងដែនពីប្រទេសកម្ពុជាទៅកាន់ប្រទេសថៃនេះ បើតាមការកត់សម្គាល់កន្លងមក បានកើតមានឡើងតាំងពីមុនពេលប្រទេសទាំង០២ មើលមុខគ្នាមិនចំមកម្ល៉េះ (មុនពេលច្បាំងគ្នាបិទព្រំដែន) ។ កាលណោះ ពួកឈ្មួញបានធ្វើសកម្មភាពដ៏មមារញឹក និងខ្លាំងក្លាបំផុត នៅតាមច្រករបៀងនានា ក្នុងទឹកដីស្រុកសំពៅលូន ។

គេដឹងថា ច្រករបៀងរត់ពន្ធបារីឆ្លងដែនដ៏មមារញឹកទាំង នោះ ស្ថិតនៅមិនឆ្ងាយប៉ុន្មានពីច្រកទ្វារអន្តរជាតិ«ភ្នំដី» ឡើយ ។ មេឈ្មួញជួញដូរបារី ឬស្រា សុទ្ធជាមន្ត្រីមាន អំណាច ដែលរស់នៅក្នុងស្រុកជាប់ព្រំដែននេះតែម្ដង ។ ក្រោយមក នៅពេលតាមព្រំដែនប៉ះទង្គិចគ្នាដោយអាវុធរវាងកងទ័ពកម្ពុជា និងថៃ ហហើយត្រូវបានភាគីទាំង២ បិទជិតឈឹង តែពួកមេខ្លោងរត់ពន្ធបារីនេះក៏នៅតែឆ្លៀត រត់ពន្ធបារីឆ្លងដែនបានជាបន្តបន្ទាប់ ។

ពេលខ្លះ ក៏របូតបាត់ ពេលខ្លះក៏ត្រូវបានពួកសត្រូវសៀមចាប់បាន ហើយពេលខ្លះ ពួកឈ្មួញដឹកជញ្ជូនឆ្លងដែនមិនទាន់ ក៏ត្រូវកម្លាំងការពារព្រំដែនកម្ពុជា បង្ក្រាបបានជាបន្តបន្ទាប់ដែរ ។ ប៉ុន្តែគេមិនដែលរកមុខមេខ្លោងណាម្នាក់ឃើញទេ ក្របួចបានតែពួកកម្មករស៊ីឈ្នូលលីសែងទំនិញខុសច្បាប់ឆ្លងអូរព្រំដែនតែប៉ុណ្ណោះ ។

ងាកមកតាមដានពីសកម្មភាពជនទុច្ចរិត រត់ពន្ធបារីឆ្លង ដែននៅស្រុកកំរៀងវិញ តើពេលណាទើបមន្ត្រីជំនាញចាត់ការលើសំណុំរឿងនេះ? ខណៈពួកជនទុច្ចរិតនៅតែបន្តធ្វើសកម្មភាពមិនឈប់ឈរ ។ រីឯខ្សែបន្ទាត់ព្រំដែនប្រទេសទាំង២នៅបិទជិតឈឹងមិនទាន់បង្ហើបសោះ។

សកម្មភាពនេះ មិនត្រឹមតែបង្កឱ្យរដ្ឋបាត់បង់ចំណូលពន្ធប៉ុណ្ណោះ តែវាក៏ផ្គើនទៅនឹងបទបញ្ជារបស់រាជរដ្ឋាភិបាល ស្តីពី ការគ្រប់គ្រងព្រំដែន និងសន្តិសុខជាតិ។ មហាជននៅតែរង់ចាំចំណាត់ការក្ដៅពី លោក សុខ លូ អភិបាល ខេត្តបាត់ដំបង និងលោកឧត្តមសេនីយ៍ មេបញ្ជាការកង ពលអន្តរាគមន៍លេខ ៥៣ ក្នុងការទប់ស្កាត់ និងវែកមុខមេខ្លោងប្រព្រឹត្តបទល្មើសរត់ពន្ធទំនិញ និងមនុស្សឆ្លង ដែនខុសច្បាប់យ៉ាងអាណាធិបតេយ្យ ខណៈភាគីថៃបាននឹងកំពុងឈ្លានពានទឹកដីកម្ពុជា ហើយច្រកព្រំដែនទាំង អស់ត្រូវបានបិទទាំងស្រុង ប៉ុន្តែបែរជាមានមន្ត្រីខិលខួចគុបគិតជាមួយឈ្មួញ បើកភ្លើងខៀវនាំបារីចេញពីកម្ពុជាចូលទៅថៃបែបនេះ៕

img 20260409 152253 778 img 20260409 152253 896 img 20260409 152254 151 img 20260409 152253 992 img 20260409 152254 441 img 20260409 152253 799

Scroll to Top