ខេត្តបាត់ដំបង ៖ វីដេអូដែលថតជាប់ដោយកាមេរ៉ាសុវត្ថិភាព បង្ហាញពីសកម្មភាពពួកជនទុច្ចរិតកំពុងដឹក ជញ្ជូនកេសទំនិញ (បារី) ឆ្លងអូរព្រំដែនពីខ្មែរទៅថៃ ដោយខុសច្បាប់ទាំងកណ្ដាលថ្ងៃ តាមច្រករបៀងមួយកន្លែង ក្នុងទឹកដីស្រុកកំរៀង បានបែកធ្លាយ ហើយត្រូវបានគេយកទៅបង្ហោះព្រោងព្រាត លើបណ្ដាញសង្គម ចាប់តាំងពីព្រឹកថ្ងៃទី០៧ មេសា រហូតមក បើទោះជារូបភាពនោះ ត្រូវអាជ្ញាធរស្រុកនេះអះអាងថា បានកើត ឡើងតាំងពីចុងខែមីនាកន្លងមកក្ដី តែវាជារឿងថ្មីសម្រាប់ពេលនេះ ហើយបានបញ្ជូនសំណុំរឿងទៅតុលាការរួច ហើយ។
ឃ្លីបវីដេអូដែលមានរយៈពេលត្រឹម០៩វិនាទី បានបង្ហាញពីសកម្មភាពបុរសខ្លួនទទេ ស្លៀកតែខោខ្លីត្រឹមជង្គង់ បានប្រឹងប្រែងសែងជញ្ជូនស្បោងធំៗពណ៌ខ្មៅ ដែលគេអះអាងថា ជាស្បោងច្រក«កេសបារី»។ តាមរយៈរូបភាព នេះ គេអាចដឹងថា បុរសម្នាក់នោះ បានប្រឹងអោបស្បោងពណ៌ខ្មៅនោះពីដីខ្មែរ ឆ្លងអូរព្រំដែនទៅដាក់នៅខាងទឹកដីថៃ តាមច្រករបៀងមួយកន្លែង ដែលស្ថិតនៅមិនឆ្ងាយប៉ុន្មានពី «កាស៊ីណូ»មួយ នៅក្បែរច្រកទ្វារអន្តរជាតិ «ដូង» ក្នុងស្រុកកំរៀង ។
យោងលើពេលវេលាដែលថតជាប់នឹងកាមេរ៉ាសុវត្ថិភាព យ៉ាងច្បាស់ក្រឡែតនោះបានបង្ហាញថា សកម្មភាពដឹក ជញ្ជូនបារីរបស់ឈ្មួញបានធ្វើឡើង នៅល្ងាចថ្ងៃទី ២៤ មីនា កន្លងទៅថ្មីៗនេះ ។ ប៉ុន្តែមិនត្រូវបានគេទម្លាយឲ្យ ដឹង ឬគេយកទៅផ្សព្វផ្សាយឲ្យមហាជនបានដឹងទេ ក្រោយកើតហេតុភ្លាមៗ បើទោះជាថ្ងៃបន្ទាប់ គេឃើញមានអាជ្ញាធរគ្រប់ជាន់ថ្នាក់ និងសមត្ថកិច្ចគ្រប់ជំនាញបានចុះព្រោងព្រាតទៅពិនិត្យដល់ច្រកងងឹតនោះក្ដី ។
អភិបាលស្រុកកំរៀង លោក សុខ ដែន ទទួលស្គាល់នៅរសៀលថ្ងៃទី០៧ មេសាថា «ពិតជាបានកើតមានរឿងនេះមែន នៅក្នុងស្រុកកំរៀង» ។
លោកអភិបាលបានថ្លែងថា «តាមរូបភាពនេះ កើតឡើងយូរដែរហើយ គឺកាលពីថ្ងៃទី ២៤ មីនា ឆ្នាំ២០២៦ តែគេទើបឃើញគេយកមកបង្ហោះ» ។ ត្រង់ចំណុចនេះ លោកបានបញ្ជាក់ថា «១ថ្ងៃក្រោយកើតហេតុ គឺនៅថ្ងៃទី២៥ មីនាខ្ញុំនិងអភិបាលខេត្ត រួមជាមន្ត្រីជំនាញផង បានចុះភ្លាមៗទៅដល់ទីតាំងនោះ ដើម្បីពិនិត្យសកម្មភាពនៃច្រកចេញចូល ។
មិនតែប៉ុណ្ណោះ យើងបានប្រគល់មន្ត្រីជំនាញប្រមូលភស្ដុតាងស្រាវជ្រាវវែកមុខជនប្រព្រឹត្ត ធ្វើកំណត់ហេតុជាក់លាក់ ចងក្រងជាសំណុំរឿងបញ្ជូនទៅតុលាការរួចរាល់ហើយដែរ តែយើងមិនទាន់ឃើញតុលាការមានចំណាត់ការលើករណីនេះនៅឡើយទេ ។ អ៉ីចឹង សំណុំ រឿងនេះ បានដល់ដៃតុលាការហើយ» ។
ពាក់ព័ន្ធនឹងមុខសញ្ញារត់ពន្ធ «បារី» ឆ្លងដែនពីប្រទេសកម្ពុជាទៅកាន់ប្រទេសថៃនេះ បើតាមការកត់សម្គាល់កន្លងមក បានកើតមានឡើងតាំងពីមុនពេលប្រទេសទាំង០២ មើលមុខគ្នាមិនចំមកម្ល៉េះ (មុនពេលច្បាំងគ្នាបិទព្រំដែន) ។ កាលណោះ ពួកឈ្មួញបានធ្វើសកម្មភាពដ៏មមារញឹក និងខ្លាំងក្លាបំផុត នៅតាមច្រករបៀងនានា ក្នុងទឹកដីស្រុកសំពៅលូន ។
គេដឹងថា ច្រករបៀងរត់ពន្ធបារីឆ្លងដែនដ៏មមារញឹកទាំង នោះ ស្ថិតនៅមិនឆ្ងាយប៉ុន្មានពីច្រកទ្វារអន្តរជាតិ«ភ្នំដី» ឡើយ ។ មេឈ្មួញជួញដូរបារី ឬស្រា សុទ្ធជាមន្ត្រីមាន អំណាច ដែលរស់នៅក្នុងស្រុកជាប់ព្រំដែននេះតែម្ដង ។ ក្រោយមក នៅពេលតាមបន្ទាត់ព្រំដែនប៉ះទង្គិចគ្នាដោយអាវុធរវាងកងទ័ពកម្ពុជា និងថៃ ហហើយត្រូវបានភាគីទាំង២បិទជិតឈឹង តែពួកមេខ្លោងរត់ពន្ធបារីនេះ ក៏នៅតែឆ្លៀតរត់ពន្ធបារីឆ្លងដែនបានជាបន្តបន្ទាប់ ។
ពេលខ្លះ ក៏របូតបាត់ ពេលខ្លះក៏ត្រូវបានពួកសត្រូវសៀមចាប់បាន ហើយពេលខ្លះ ពួកឈ្មួញដឹកជញ្ជូនឆ្លងដែនមិនទាន់ ក៏ត្រូវកម្លាំងការពារព្រំដែនកម្ពុជា បង្ក្រាបបានជាបន្តបន្ទាប់ដែរ ។ ប៉ុន្តែគេមិនដែលរកមុខមេខ្លោងណាម្នាក់ឃើញទេ ក្របួចបានតែពួកកម្មករស៊ីឈ្នូលលីសែងទំនិញខុសច្បាប់ឆ្លងអូរព្រំដែនតែប៉ុណ្ណោះ ។
ងាកមកតាមដានពីសកម្មភាពជនទុច្ចរិត រត់ពន្ធបារីឆ្លង ដែននៅស្រុកកំរៀងវិញ តើពេលណាទើបមន្ត្រីជំនាញចាត់ការលើសំណុំរឿងនេះ? ខណៈពួកជនទុច្ចរិតនៅតែបន្តធ្វើសកម្មភាពមិនឈប់ឈរ ។ រីឯខ្សែបន្ទាត់ព្រំដែននៃប្រទេសទាំង០២ នៅបិទជិតឈឹងមិនទាន់បង្ហើបសោះ៕


