ខេត្តតាកែវ៖ លោកកង អាណាន់ អភិបាលក្រុងដូនកែវបានឲ្យពេញចិត្តមេឌាដឹងនៅព្រឹកថ្ងៃទី០៦ ខែមេសា ឆ្នាំ ២០២៦ នេះថា អាជ្ញាធរក្រុងបានចេញច្បាប់រួមតែម្ដង ឱ្យម្ចាស់សំណង់១កន្លែង ដើម្បីដំណើរការសាងសង់ ក្នុងអ្វីដែលលោកអះអាងថា ដើម្បីបង្កលក្ខណៈងាយស្រួលដល់ប្រជាពលរដ្ឋ។ យ៉ាងណាក៏ដោយ នៅទីកន្លែងនៃការដ្ឋាននោះ មិនឃើញមានច្បាប់បើកការដ្ឋាន ត្រូវបានបិទភ្ជាប់ជាសម្គាល់នោះឡើយ។
ប្រជាពលរដ្ឋក្រុងដូនកែវនិយាយថា សំណង់ភូមិគ្រឹះមួយកន្លែងស្ថិតនៅភូមិឡូរី សង្កាត់រការក្នុង ក្រុងដូនកែវ ដែលមានម្ចាស់ឈ្មោះ ស៊ុន យ៉ាដា កំពុងដំណើរការសាងសង់ប្រហែល៥០%ហើយ។ តាមច្បាប់ត្រូវមានលិខិតមួយផ្សេងទៀតស្ដីពីការបើកការដ្ឋាន ដែលត្រូវយកមកបិទភ្ជាប់និងទីតាំងសំណង់នេះ។ ប៉ុន្តែករណីខាងលើគេមិនឃើញលិខិតបើកការដ្ឋាននោះឡើយ។
លោក ហួត តុងលីម ប្រធានភូមិបាលក្រុងដូនកែវមានប្រសាសន៍នៅព្រឹកថ្ងៃទី០៦ ខែមេសានេះអោយពេញចិត្តមេឌាដឹងថា បើសំណង់នោះមានលិខិតអនុញ្ញាតត្រឹមសាលាក្រុង គឺគេធ្វើច្បាប់តែមួយ(ម្តង)ប៉ុណ្ណោះ។ លោកបានបញ្ជាក់ថា លិខិតបើកការដ្ឋានត្រូវបានធ្វើឲ្យរួចតែម្ដង ដើម្បីកុំឲ្យពិបាកក៏ហៅម្ចាស់សំណង់មកធ្វើ។
ករណីមិនឃើញបិទលិខិតបើកការដ្ឋាននោះ លោកប្រធានភូមិបាលបានបញ្ជាក់ថា វាជារឿងរបស់គាត់សំខាន់យើងពិបាកហៅគាត់ ដើម្បីឲ្យគាត់មកធ្វើលិខិតបើកការដ្ឋាននេះ ដូច្នេះយើងធ្វើតែម្ដងតាមច្រកចេញចូលតែមួយ។
លោកផង់ ពិន ចៅសង្កាត់រកាក្នុង មានប្រសាសន៍ហាក់មិនដឹងអំពីបញ្ហាសំណង់ នៅក្នុងមូលដ្ឋានរបស់ខ្លួននោះទេ លោកប្រាប់ថា ខ្ញុំមិនសូវដឹងអ្វីប៉ុន្មានទេ ប៉ុន្តែបើមានការអនុញ្ញាត គឺគេអនុញ្ញាតឲ្យទាំងអស់តែម្ដង។
លោកកង អាណាន់ អភិបាលក្រុងដូនកែវ មានប្រសាសន៍ ស្រដៀងនិងមន្ត្រីខាងលើនេះដែរ។ លោកអះអាងយ៉ាងដូច្នេះថា គឺមានលិខិតបើកការដ្ឋានរួចរាល់ហើយ ជាមួយ នឹងច្បាប់អនុញ្ញាត។ លិខិតបើកការដ្ឋាន នៅពេលសុំលិខិតអនុញ្ញាតសាងសង់គឺ ភ្ជាប់ជាមួយគ្នានោះហើយ ដោយមិនអាចអត់បានទេ ។ លោកបានបញ្ជាក់ទៀតថា យើងរៀបចំឲ្យគាត់តែម្ដងទេ ដោយមិនបាច់មក២,៣ដងឡើយ តែនៅពេលដែលរួចរាល់ហើយ ត្រូវមានលិខិតបិទការដ្ឋាន។
មជ្ឈដ្ឋាននានាបានចោទសំណួរថា តើការអនុញ្ញាតច្បាប់ព្រមគ្នាក្នុងពេលតែមួយ ចំពោះបញ្ហាសំណង់ត្រឹមត្រូវដែរឬទេ?៕


