ឯកឧត្តម អ៊ុន ចាន់ដា អមដំណើរសម្តេចវិបុលសេនាភក្តី សាយ ឈុំ អញ្ជើញចូលរួមពិធីបង្សុកូល និងសំណេះសំណាលជាមួយប្រជាពលរដ្ឋក្នុងស្រុកកោះសូទិន

ឯកឧត្តម អ៊ុន ចាន់ដា អមដំណើរសម្តេចវិបុលសេនាភក្តី សាយ ឈុំ អញ្ជើញចូលរួមពិធីបង្សុកូល និងសំណេះសំណាលជាមួយប្រជាពលរដ្ឋក្នុងស្រុកកោះសូទិន

ខេត្តកំពង់ចាម៖ នារសៀលថ្ងៃ ថ្ងៃសៅរ៍ ២រោច ខែចេត្រ ឆ្នាំម្សាញ់ សប្តស័ក ព.ស ២៥៦៩ ត្រូវនឹងថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២៦នេះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម បានអមដំណើរសម្តេចវិបុលសេនាភក្តី សាយ ឈុំ ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ អញ្ជើញចូលរួមពិធីបង្សុកូលឧទ្ទិសកុសល និងសំណេះសំណាលជាមួយប្រជាពលរដ្ឋ ស្ថិតនៅសាលាសន្សំកុសល ភូមិទី១០ ឃុំកោះសូទិន ស្រុកកោះសូទិន ខេត្តកំពង់ចាម ដែលជាស្រុកកំណើតរបស់សម្តេច។

ស្ថិតក្នុងឱកាសដ៏វិសេសវិសាលនោះ សម្តេចវិបុលសេនាភក្តី សាយ ឈុំ បានអញ្ជើញថ្វាយគ្រឿងសក្ការៈបូជា ផ្កាភ្ញី ទៀនធូប ដល់ព្រះរតនត្រ័យ និងសមាទានសីល ដើម្បីចាប់មហាកុសលតាមគន្លងព្រះពុទ្ធសាសនា។ បន្ទាប់មក សម្តេចបាននិមន្តព្រះសង្ឃចំនួន ៥អង្គ ស្វាធ្យាយចម្រើនព្រះបរិត្ត និងរៀបចំពិធីបង្សុកូល ដើម្បីឧទ្ទិសកុសលផលបុណ្យជូនដល់ ដួងវិញ្ញាណក្ខន្ធបុព្វការីជន មាតាបិតា ជីដូនជីតា និងញាតិកាទាំងប្រាំពីរសន្តាន ដែលបានចែកឋានទៅកាន់បរលោក និង យុទ្ធជន យុទ្ធនារី ដែលបានពលីជីវិតយ៉ាងក្លាហានក្នុងការការពារបូរណភាពទឹកដី ដើម្បីបុព្វហេតុជាតិមាតុភូមិ។

ក្រោយកិច្ចពិធីសាសនា ព្រះសង្ឃបានសូត្រធម៌ប្រសិទ្ធពរជ័យ សិរីសួស្ដី ជ័យមង្គល ជូនដល់សម្តេចវិបុលសេនាភក្តី និងលោកជំទាវ ព្រមទាំងបុត្រាបុត្រី និងថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ សូមមានសុខភាពល្អបរិបូរណ៍ កម្លាំងមាំមួន និងបញ្ញាឈ្លាសវៃ ដើម្បីបន្តដឹកនាំ និងអភិវឌ្ឍន៍ប្រទេសជាតិឱ្យកាន់តែរីកចម្រើន រក្សាបាននូវសុខសន្តិភាពជារៀងរហូតតទៅ។

ក្នុងឱកាសនោះដែរ សម្តេចវិបុលសេនាភក្តី ក៏បានប្រគេនទេយ្យវត្ថុ និងបច្ច័យដល់ព្រះសង្ឃ ព្រមទាំងបានចែកជូនអំណោយសប្បុរសធម៌ជាថវិកាដល់បងប្អូនប្រជាពលរដ្ឋដែលបានចូលរួមក្នុងបរិយាកាសស្និទ្ធស្នាល និងពោរពេញដោយសេចក្តីត្រេកអរជាពន់ពេក៕

img 20260405 102202 406 img 20260405 102142 444 img 20260405 102138 207 img 20260405 102213 048 img 20260405 102220 496 img 20260405 102115 510 img 20260405 102110 948 img 20260405 102129 583 img 20260405 102133 003 img 20260405 102124 210 img 20260405 102149 760 img 20260405 102158 444 img 20260405 102226 017

 

 

Scroll to Top