មហាជនត្រូវការបំភ្លឺច្បាស់ពីអាជ្ញាធរ “ច្បាប់ដើរតាមសំណង់” ឬការអនុវត្តមិនតឹងរឹង? ចំពោះសំណង់ល្មើសច្បាប់នៅច្បារអំពៅ! 

មហាជនត្រូវការបំភ្លឺច្បាស់ពីអាជ្ញាធរ “ច្បាប់ដើរតាមសំណង់” ឬការអនុវត្តមិនតឹងរឹង? ចំពោះសំណង់ល្មើសច្បាប់នៅច្បារអំពៅ! 

រាជធានីភ្នំពេញ៖ បញ្ហាសំណង់សង្ស័យអត់ច្បាប់នៅខណ្ឌច្បារអំពៅកំពុងក្លាយជាចំណុចចាប់អារម្មណ៍ បន្ទាប់ពីមានការរាយការណ៍ពីទីតាំងមួយចំនួនដែលកំពុងសាងសង់ដោយមិនមានឯកសារត្រឹមត្រូវគ្រប់លក្ខណៈ ខណៈអាជ្ញាធរមូលដ្ឋានមើលទៅមិនទាន់មានវិធានការច្បាស់លាស់។

តាមប្រភពព័ត៌មាន បានឲ្យដឹងថា មានសំណង់សង្ស័យអត់ច្បាប់មួយទីតាំង នៅចំណុចរោងចក្រក្រដាស តាមផ្លូវបេតុង ភូមិបោះអង្កាញ់ សង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ។ មួយទីតាំងទៀត ជាសំណង់ផ្ទះជួលចំនួន៨ល្វែង លើផ្ទៃដីជាង១,០០០ម៉ែត្រការ៉េ និង១ល្វែងទៀតនៅក្បែរគ្នា ស្ថិតនៅភូមិចំពុះក្អែក សង្កាត់ព្រែកថ្មី ដែលមានតែលិខិតអនុញ្ញាតសាងសង់ ប៉ុន្តែមិនមានលិខិតអនុញ្ញាតបើកការដ្ឋានសាងសង់ទេ ទោះបីសំណង់បានដំណើរការសាងសង់ទៅដល់ប្រមាណ៧០% រួចហើយក៏ដោយ។

ការអនុវត្តបែបនេះ ត្រូវបានមើលឃើញថា អាចបង្ហាញពីភាពមិនសមស្របក្នុងការអនុវត្តច្បាប់ស្តីពីសំណង់ ដោយមានលក្ខណៈដូចជា “ច្បាប់រត់តាមសំណង់” ជំនួសឱ្យសំណង់អនុវត្តតាមច្បាប់។

ទាក់ទិននឹងករណីនេះ លោកស្រី វ៉ា សុរិន ចៅសង្កាត់ព្រែកថ្មី បានបញ្ជាក់ថា សង្កាត់គ្រាន់តែចុះហត្ថលេខាលើពាក្យស្នើសុំ ដើម្បីបញ្ជូនទៅថ្នាក់លើប៉ុណ្ណោះ មិនមែនមានន័យថា អនុញ្ញាតឲ្យសាងសង់ឡើយ។ ចំណែកការងារបច្ចេកទេស និងការអនុញ្ញាតផ្លូវការ គឺស្ថិតនៅក្រោមសមត្ថកិច្ចរបស់ថ្នាក់ខណ្ឌ និងស្ថាប័នពាក់ព័ន្ធ។

ដូចគ្នានេះ លោក យូ ប៊ុនថៃ សមាជិកក្រុមប្រឹក្សាសង្កាត់ព្រែកថ្មី ក៏បានបញ្ជាក់ថា សង្កាត់មិនបានអនុញ្ញាតឲ្យសាងសង់ទេ ហើយការចុះហត្ថលេខាគឺជាការបញ្ជូនឯកសារទៅថ្នាក់លើប៉ុណ្ណោះ។ ទោះយ៉ាងណា លោកបានបញ្ជាក់បន្ថែមថា សំណង់ខាងលើមានលិខិតអនុញ្ញាតសាងសង់ចុះហត្ថលេខាដោយលោក ម៉ូវ ម៉ានិត អភិបាលខណ្ឌច្បារអំពៅ ប៉ុន្តែមិនមែនជាលិខិតអនុញ្ញាតបើកការដ្ឋានសាងសង់ឡើយ។

យ៉ាងណាក៏ដោយ គិតត្រឹមពេលនេះ អង្គភាពព័ត៌មានមិនទាន់ទទួលបានការបកស្រាយផ្លូវការពីលោក ម៉ូវ ម៉ានិត នៅឡើយទេ ដែលបង្កើតឲ្យមានសំណួរច្រើនពីសាធារណជនអំពីការគ្រប់គ្រង និងការអនុវត្តច្បាប់ក្នុងតំបន់នេះ។

ទាកទិនករណីនេះ អ្នកជំនាញមើលឃើញថា ការអនុវត្តច្បាប់សំណង់ត្រូវការការសម្របសម្រួលច្បាស់លាស់រវាងថ្នាក់មូលដ្ឋាន និងថ្នាក់ខណ្ឌ ព្រមទាំងការត្រួតពិនិត្យបន្តបន្ទាប់ ដើម្បីទប់ស្កាត់ការកើតមានសំណង់ខុសច្បាប់ដែលអាចបង្កហានិភ័យដល់សុវត្ថិភាព និងបរិស្ថានរស់នៅ។

ជាមួយគ្នានេះ ក៏មានការអំពាវនាវដល់លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងលោក សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីកម្ម និងសំណង់ មេត្តាចាត់តាំងមន្ត្រីជំនាញចុះត្រួតពិនិត្យស្រាវជ្រាវ និងអនុវត្តវិធានការឲ្យបានតឹងរឹង ដើម្បីធានាការអនុវត្តច្បាប់ឲ្យមានប្រសិទ្ធភាព និងទប់ស្កាត់ភាពអនាធិបតេយ្យក្នុងវិស័យសំណង់នៅរាជធានីភ្នំពេញ។

បញ្ហានេះ ក៏ជាសញ្ញាបញ្ជាក់ថា ការលើកកម្ពស់ការយល់ដឹងច្បាប់ស្តីពីសំណង់សម្រាប់មន្ត្រីមូលដ្ឋាន គឺជាចំណុចចាំបាច់មួយ ដើម្បីធានាថាការអភិវឌ្ឍន៍ក្រុងប្រព្រឹត្តទៅតាមគន្លងច្បាប់ មានសុវត្ថិភាព និងចីរភាព៕

img 20260402 185616 033 img 20260402 185615 726 fb img 1774951798688 fb img 1774951724441 img 20260402 185504 516 img 20260402 185504 184 videocapture 20260331 191202 videocapture 20260331 191147 videocapture 20260331 191126 20260331 144009 20260331 143201

Scroll to Top