មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថានខ្សឹបខ្សៀវថា រឿងរ៉ាវជា ច្រើននៅមន្ទីរបរិស្ថានខេត្តមណ្ឌលគិរីដែលត្រូវបែកធ្លាយជាបន្តបន្ទាប់ដល់ថ្នាក់ដឹកនាំក្រសួងនិងមានការធ្វើអធិការកិច្ចផងនោះថ្មីៗនេះក្រសួងបានព្រមានលោកឌិនប៊ុនធឿនអនុប្រធានមន្ទីរបរិស្ថានពាក់ព័ន្ធនឹងការអនុវត្តតួនាទីដែលលាយឡំដោយអំពើពុករលួយ។ ប្រភពនេះប្រាប់ថា យ៉ាងហោចណាស់មានមួយករណីទៀតដែលក្រសួងកំពុងស៊ើបអង្កេតដោយមិនរាប់បញ្ចូលបញ្ហាសាច់សារលោហិតនៅក្នុងមន្ទីរនោះឡើយ។
មជ្ឈដ្ឋានជាច្រើនបានចោទសួរថា តើរឿងអ្វីដែលលោកឌិន ប៊ុនធឿន ទទួលរងនូវការព្រមាននោះ?
ប្រភពពីអាម៉ីអាថោងនៅមណ្ឌលគិរីបង្ហើបដំបូងថា ពាក់ព័ន្ធករណីរ៉ែមាសនៅភ្នំរហាវស្ថិតក្នុងដែនជម្រកសត្វព្រៃកែវសីមា។ ប៉ុន្តែពេលនេះមន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថានបានព្រលយថា ពាក់ព័ន្ធករណីដោះលែងគ្រឿងចក្រដែលឈូសឆាយដីព្រៃតំបន់ដែនជម្រកសត្វព្រៃកែវ សីមា។ ប្រភពថា ជំហានដំបូងដោះលែងអ្នកបើកបរគ្រឿងចក្រនិងក្រោយមកបានដោះលែងគ្រឿងចក្រទាំងនោះទៀតជាថ្នូរនិងលាបសក្ការៈ(?)
ប្រភពបានបង្ហាញថា ក្រុមការងារបានឃ្លាំមើលវត្ថុតាង អេស្ការវ៉ាទ័រ ជាប់ពាក់ព័ន្ធនិងករណីការឈូសឆាយដីព្រៃ ដែលកម្លាំងជំនាញបរិស្ថាន ចាប់ឃាត់ កាលពីថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៥ វេលាម៉ោង១៣និង២៥នាទី នៅចំណុចដៃអូរប៉ោ និយាមកា៧២៤៦៣៨,១៣៦៧៣៨៨ ស្ថិតនៅភូមិពូហ្សាម ឃុំសែនមនោរម្យ ស្រុកអូររាំង ខេត្តមណ្ឌលគិរី ដែលបាននាំអ្នកបើកបរអេស្ការវ៉ាទ័រឈ្មោះ ធុន វឌ្ឍនៈ ភេទប្រុស អាយុ២៩ ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិដោះក្រមុំ សង្កាត់សុខដុម ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី កសាងសំណុំ រឿងបញ្ជូនទៅតុលាការ។
លុះដល់យប់ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៥ សម្រាប់តែមានមនុស្ស១ក្រុមទៀត មកលួចបើកបរអេស្ការវ៉ាទ័រទៅពេលនោះ ក្រុមការងារបានធ្វើការតាមទាន់អេស្ការវ៉ាទ័រ ត្រង់ចំណុច ភ្នំកាច់ ចង្កេះ និយាមកា ៧៣១៨៩៧, ១៣៦៥១២២ ស្ថិតនៅភូមិពូហ្សាម ឃុំសែនមនោរម្យ ស្រុកអូររាំង ខេត្តមណ្ឌលគិរី ក្រុមការងារក៏បានធ្វើការឃាត់សួរនាំអ្នកបើកបរអេស្ការវ៉ាទ័រ ឈ្មោះ ម៉ុក សំរិត (ហៅឌី) និងអោយបើកអេស្ការវ៉ាទ័រត្រលប់ទៅស្នាក់ការរងរកាថ្មីវិញ លុះមកដល់ពាក់កណ្តាលផ្លូវ ស្រាប់តែមាន រថយន្ត FORD១គ្រឿង ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ2BQ-3068 បើកបរដោយឈ្មោះខ្លា បានមកកាក់ អេស្ការវ៉ាទ័រអោយឈប់រួចហៅអ្នកបើកបរអេស្ការវ៉ាទ័រនោះឡើងរថយន្តចេញទៅបាត់។ បន្ទាប់មកក្រុមការ ងារបានធ្វើការបើកអេស្ការវ៉ាទ័រខាងលើយកមករក្សាទុកនៅស្នាក់ការរងរកាថ្មីដើម្បីបន្តនីតិវិធីច្បាប់។
បើទោះជាយ៉ាងណាក៏ដោយអេស្កាវ៉ាទ័រនោះត្រូវបានដោះលែងនៅថ្ងៃទី៧ ខែមករាឆ្នាំ២០២៦។ នៅរសៀលថ្ងៃទី២៩ខែមីនានេះលោក ឌិន ប៊ុនធឿន មិនអាចទាក់ ទងដើម្បីសុំការបំភ្លឺបានទេ ប៉ុន្តែកាលពីសប្តាហ៍មុនពាក់ ព័ន្ធនឹងការព្រមាននេះលោកមានប្រសាសន៍ថា លោក ទើបតែឃើញលិខិតព្រមាននោះនេះដែរ។ លោកមិនមានអ្វីបកស្រាយទេ ដោយលោកជំរុញឲ្យអ្នក កាសែត សួរថ្នាក់ដឹកនាំក្រសួងបរិស្ថានទើបដឹងរឿងច្បាស់។
មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថានមានប្រសាសន៍ថា មានសំណុំរឿងមួយពីពាក់ព័ន្ធនឹងលោកឌិន ប៊ុនធឿន ដែលក្រសួងកំពុងធ្វើការស៊ើបអង្កេត។ រឿងរ៉ាវយ៉ាងណានោះរង់ចាំមើលពេលវេលានឹងបង្ហាញ៕


