ខេត្តកណ្តាល៖ បញ្ហាសំណង់សង្ស័យអត់ច្បាប់នៅស្រុកស្អាង បន្តលេចឡើងជាបន្តបន្ទាប់ បើទោះបីមានការណែនាំយ៉ាងម៉ឺងម៉ាត់ពីថ្នាក់ខេត្តឱ្យពង្រឹងការគ្រប់គ្រងក៏ដោយ។ ស្ថានភាពនេះ បង្ហាញឱ្យឃើញពីចន្លោះ ប្រហោងក្នុងការអនុវត្តច្បាប់នៅមូលដ្ឋាន ដែលត្រូវការការយកចិត្តទុកដាក់ និងកែលម្អជាបន្ទាន់។
លោក ឈាង តាង មេឃុំព្រែកគយឱ្យដឹងថា សំណង់មួយចំនួននៅតែបន្តសាងសង់ដោយគ្មានលិខិត អនុញ្ញាត និងមិនគោរពបទប្បញ្ញត្តិច្បាប់។ ជាក់ស្តែង មានសំណង់មួយស្ថិតនៅចំណុចផ្លូវចូលវត្តស្អាងភ្នំ ក្នុងភូមិព្រែករុន ឃុំព្រែកគយ ដែលត្រូវបានអះអាងថា មិន ទាន់មានច្បាប់អនុញ្ញាតសាងសង់ ខណៈការសាងសង់បានអនុវត្តទៅមុខរហូតដល់ជាងពាក់កណ្តាលហើយ។
លោក ចាប ពលវឌ្ឍន៍ ប្រធានការិយាល័យរៀបចំដែនដី នគរូបនីយកម្ម សំណង់ និងភូមិបាលស្រុកស្អាង បាន ឱ្យដឹងថា កំពុងស្វែងរកព័ត៌មានបន្ថែមពីមន្ត្រីជំនាញពាក់ព័ន្ធ ដើម្បីបំភ្លឺស្ថានភាពច្បាប់នៃសំណង់ខាងលើ។ ទោះជាយ៉ាងណា រហូតមកដល់ពេលនេះ មិនទាន់មាន ការបញ្ជាក់ច្បាស់លាស់ថា សំណង់នោះមានច្បាប់ត្រឹមត្រូវ ឬអត់នៅឡើយ។
ការពន្យារពេលក្នុងការបំភ្លឺ និងភាពមិនច្បាស់លាស់នេះ បង្កើតជាសំណួរចំពោះតួនាទី និងការទទួលខុសត្រូវរបស់ស្ថាប័នជំនាញនៅមូលដ្ឋាន ជាពិសេសនៅពេលដែលមាន ការបញ្ជាក់ពីមេឃុំថា ម្ចាស់សំណង់មិនទាន់បានសុំច្បាប់។ ស្ថានភាពបែបនេះ បង្ហាញថា ការអនុវត្តច្បាប់នៅមូលដ្ឋានមិនទាន់មានប្រសិទ្ធភាពគ្រប់គ្រាន់នៅឡើយទេ។
មតិសាធារណៈលើកឡើងថា ការអនុញ្ញាតឱ្យសំណង់អត់ច្បាប់បន្តរីករាលដាល អាចបង្កផលប៉ះពាល់យ៉ាងធ្ងន់ដល់សុវត្ថិភាពសាធារណៈ សណ្ដាប់ធ្នាប់សង្គម និងផែនការអភិវឌ្ឍរយៈពេលវែង ព្រមទាំងប៉ះពាល់ដល់ភាពជឿជាក់របស់ប្រជាពលរដ្ឋលើអាជ្ញាធរផងដែរ។ ប្រភពបន្តថា ក្នុងបរិបទនេះ អាជ្ញាធរពាក់ព័ន្ធត្រូវចុះពិនិត្យជាក់ ស្តែងលើទីតាំងដែលមានការលើកឡើង អនុវត្តវិធានការតាមច្បាប់ដោយតឹងរឹង និងបង្ហាញភាពច្បាស់លាស់ចំពោះសាធារណជន។ ព្រមទាំងត្រូវពង្រឹងយន្តការត្រួតពិនិត្យជាប្រព័ន្ធដើម្បីទប់ស្កាត់ការកើតមានសំណង់ ខុសច្បាប់ថ្មីៗ។
គួររំលឹកថា លោក ហាក់ សុខមករា អភិបាលរងខេត្តកណ្ដាល បានសង្កត់ធ្ងន់ក្នុងកិច្ចប្រជុំកន្លងមកថា ការ គ្រប់គ្រងសំណង់ត្រូវអនុវត្តឱ្យបានម៉ឺងម៉ាត់ និងត្រឹមត្រូវ ដើម្បីធានាសុវត្ថិភាព និងការអភិវឌ្ឍប្រកបដោយរបៀប រៀបរយ។ ដូច្នេះ ការអនុវត្តជាក់ស្តែងនៅមូលដ្ឋាន គឺជាចំណុចសំខាន់ដែលមិនអាចមើលរំលងបានឡើយ៕


