ខេត្តតាកែវ៖ ក្រុមជនខិលខូចមានគ្នាប្រហែល៥ទីតាំងបានលួចស្តុបប្រេងសាំងម៉ាស៊ូតក្នុងប៊ីដុង ឬកានលក់អោយពលរដ្ឋ ទាំងគ្មានច្បាប់អនុញតិពេញឃុំចារ ស្រុកព្រៃកប្បាស ខេត្តតាកែវ មន្ត្រីពាក់ពន្ធ័បានត្រឹមឆ្លើយដាក់គ្នា។
ប្រភពពីពលរដ្ឋនៅក្នុងតំបន់នោះបានអោយដឹងថា កាលគ្រាដែលប្រេងសាំង និងម៉ាស៊ូត មិនទាន់ឡើងថ្លៃក្រុមជនខិលខូចទាំង៥ទីតាំង រួមមានឈ្មួញនៅភូមិបាំងបាត់ភូមិស្វាយចាល់ និងនៅជាប់ផ្សាចារ ឃុំចារ មិនមែនជាអាជីវកលក់ដូរប្រេងឥន្ធនៈឡើយ តែដល់ប្រេងឡើងថ្លៃស្រាប់តែមានប្រេងស្តុបពេញផ្ទះ លក់អោយពលរដ្ឋទាំងកានៗទៅវិញ។
ពាក់ពន្ធ័ករណីខាងលើលោកទ្រី មករា ចៅហ្វាយរងស្រុកព្រៃកប្បាស បានទទួលស្គាល់ថា ពិតជាមានជនឆ្លៀតឱកាស ស្តុបប្រេងលក់នៅចំនុចខាងលើពិតមែនលទ្ធផលបានស្រង់ឈ្មោះរួចហើយ តែមិនទាន់ឆ្លងលោកឌឹម គឹមសាន្ត ចៅហ្វាយស្រុកព្រៃកប្បាសនៅឡើយ។
លោកទ្រី មករា បានបន្តទៀតថា ករណីក្រុមជនខិលខូចលួចស្តុបប្រេងលក់ គឺជាទង្វើខុសច្បាប់ លោករង់ចាំបញ្ចាលោកចៅហ្វាយស្រុក ដើម្បីចាត់ការតាមនីតិវិធីច្បាប់។
ចំណែកលោកអនុប្រធានមន្ទីរពាណិជ្ជកម្មខេត្តតាកែវ បានរុញអោយអ្នកកាសែត សួរទៅខាងមន្ទីររ៉ែ និងថាមពលទៅទើបដឹងរឿង។
រីឯលោកសុច សាវឿន អនុប្រធានក្តាប់រួម នៃមន្ទីររ៉៉ែ និងថាមពលខេត្តតាកែវ បានអោយអ្នកកាសែតដឹងថាក្រុមការងាររបស់លោកមានតែ៤នាក់ទេ ចុះទៅអនុវត្តមិនទាន់ពេលវេលាទេ គឺត្រូវរង់ចាំជុំគ្នាជាមួយមន្ទីរពាណិជ្ជកម្ម និងមន្ត្រី ក ប បថែមទៀត។
លោកសុច សាវឿន បានបញ្ជាក់បន្ថែមថា ខាងអាជ្ញាធម៌ដែនដី បើបានដឹងរឿងក្រុមជនខិលខូចដូចការលើកឡើងខាងលើ គួរធ្វើរបាយការណ៍បញ្ជូនមកថ្នាក់លើ ដើម្បីមន្ត្រីជំនាញចុះទៅអនុវត្តច្បាប់អោយទាន់ពេលវេលា៕


