ពលរដ្ឋសាទរយ៉ាងខ្លាំង ផ្លូវបេតុងថ្មី ប្រវែងជាង៤គីឡូម៉ែត្រ ក្នុងស្រុកកណ្តាលស្ទឹង ស្ថាបនាដោយមន្ទីរអភិវឌ្ឍន៍ជនបទ ខេត្តកណ្ដាល

ពលរដ្ឋសាទរយ៉ាងខ្លាំង ផ្លូវបេតុងថ្មី ប្រវែងជាង៤គីឡូម៉ែត្រ ក្នុងស្រុកកណ្តាលស្ទឹង ស្ថាបនាដោយមន្ទីរអភិវឌ្ឍន៍ជនបទ ខេត្តកណ្ដាល

ខេត្តកណ្ដាល៖ មន្ទីរអភិវឌ្ឍន៍ជនបទខេត្តកណ្ដាលបាននិងកំពុងអនុវត្តគម្រោងស្ថាបនាផ្លូវចាក់បេតុងថ្មីមួយខ្សែមានប្រវែងសរុប៤,៤០២ ម៉ែត្រ ទទឹង៩ម៉ែត្រដើម្បីបង្កើនភាពងាយស្រួលក្នុងការធ្វើដំណើរ និងការដឹកជញ្ជូនរបស់ប្រជាពលរដ្ឋនៅក្នុងតំបន់។ ផ្លូវបេតុងនេះ តភ្ជាប់ចាប់ពី ឃុំបាគូ ចំណុចមុខសាលាស្រុកកណ្ដាលស្ទឹង ឆ្លងកាត់ឃុំគោកត្រប់ និងភ្ជាប់ទៅកាន់ឃុំសៀមរាប ត្រង់ចំណុច ផ្លូវជាតិលេខ២។

ជាក់ស្ដែង នៅរសៀលថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៦នេះ លោកស្រី ជី ថាវី ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកណ្ដាលបានដឹកនាំមន្ត្រីជំនាញចុះពិនិត្យវឌ្ឍនភាពនៃការស្ថាបនាផ្លូវខាងលើនេះដោយផ្ទាល់។

ក្នុងឱកាសនោះ លោកស្រីបានបញ្ជាក់ថា ការស្ថាបនាផ្លូវនេះ ត្រូវបានអនុវត្តទៅតាមបទដ្ឋានបច្ចេកទេស និងគំនូសប្លង់ដែលបានកំណត់យ៉ាងត្រឹមត្រូវ ដើម្បីធានាគុណភាព និងភាពរឹងមាំប្រើប្រាស់បានយូរអង្វែង។ លោកស្រីក៏បានណែនាំឲ្យក្រុមការងារបច្ចេកទេស និងក្រុមហ៊ុនសាងសង់ឲ្យបន្តយកចិត្តទុកដាក់ខ្ពស់លើគុណភាពការងារ និងពន្លឿនដំណើរការសាងសង់ឲ្យបានទាន់តាមផែនការដែលបានកំណត់។

តាមផែនការ ការដ្ឋានស្ថាបនាផ្លូវនេះ គ្រោងនឹងបញ្ចប់នៅ ចុងខែឧសភា ឆ្នាំ២០២៦ ខាងមុខនេះ។

ទន្ទឹមនោះ ប្រជាពលរដ្ឋដែលរស់នៅតាមបណ្តោយផ្លូវបេតុងថ្មីបានសម្តែងការរីករាយ និងសាទរយ៉ាងខ្លាំងចំពោះគម្រោងស្ថាបនាផ្លូវបេតុងនេះ ព្រោះវានឹងជួយសម្រួលដល់ការធ្វើដំណើរ ការដឹកជញ្ជូនកសិផល និងជួយលើកកម្ពស់សេដ្ឋកិច្ចនៅក្នុងសហគមន៍ឲ្យកាន់តែប្រសើរឡើង៕

img 20260311 193714 227 img 20260311 193714 597 img 20260311 193714 499 img 20260311 193714 397 img 20260311 193713 959 img 20260311 193714 474 img 20260311 193713 818 img 20260311 193713 853 20260311 155911 20260311 155927

 

Scroll to Top