ខេត្តកណ្ដាល៖ បន្ទាប់ពីធ្លាយភាពមិនប្រក្រតី នៃការដឹកនាំរបស់លោកស្រីនាយិការវិទ្យាល័យជ័យវរ្ម័នទី ស្រុកកៀនស្វាយ ខេត្តកណ្ដាលនោះមក មន្ទីរអប់រំយុវជននិងកីឡាខេត្តកណ្ដាល បានចុះស្រាវជ្រាវ ដោយរកឃើញភាពមិនប្រក្រតីមួយចំនួនដូចអ្វីដែលសារព័ត៌មានបានចុះផ្សាយនោះមែន។ ប៉ុន្តែចំណុចខ្លះបានបញ្ជាក់បន្ថែមថាមានការព្រមព្រៀងពីអាណាព្យាបាលសិស្ស នេះបើយោងតាមប្រភពដែលបណ្ដាញសារព័ត៌មានពេញចិត្តមេឌាទទួលបាននាសៀលថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៦នេះ។
លោកចេង សំអុល ប្រធានមន្ទីរអប់រំយុវជននិងកីឡាខេត្តកណ្ដាលបានផ្ញើជូននូវរបាយការណ៍ស៊ើបអង្កេតមកបណ្ដាញសារព័ត៌មានពេញចិត្តមេឌាយ៉ាងដូច្នេះថា
១-ការបង់ប្រាក់ចំនួន ១១,០០០រៀលក្នុង១នាក់សម្រាប់
-ទូទាត់ទឹកភ្លើង
-ប្រាក់សន្សំ
-ធ្វើតេស្តដើមឆ្នាំ ចុងឆ្នាំ តេស្តប្រចាំខែ -បំប៉នសិស្សរៀនយឺតពីថ្នាក់ទី៧ដល់ ថ្នាក់ទី១១តាមការស្ម័គ្រចិត្ត គ្រួសារក្រីក្រមិនតម្រូវឲ្យបង់ប្រាក់
(បានប្រមូល ខែធ្នូ ឆ្នាំ២០២៥ រួចហើយ )
២-ភាស៊ី កង់,ម៉ូតូ ក្នុង១ឆ្នាំ ៥៥,០០០,០០០រៀល សាលាមានផែនការច្បាស់លាស់ (យោងតាមឯកសារ)
៣-ផែនការបំពាក់កាំមេរ៉ាសុវត្ថិភាព១គ្រួសារ ១០,០០០ រៀល តាមការស្ម័គ្រចិត្ត គ្រួសារក្រីក្រមិនតម្រូវឲ្យបង់ ប្រាក់ (មិនទាន់ប្រមូលនៅឡើយ)
៤-ការរៀនបំប៉នថ្នាក់ទី១២ សិស្ស ១នាក់ ១៥,០០០ រៀល តាមការស្ម័គ្រចិត្ត គ្រួសារក្រីក្រមិនតម្រូវឲ្យបង់ សម្រាប់បំប៉ន លើ ៧មុខវិជ្ជា (មិនទាន់ប្រមូលនៅឡើយ) ។
តាមការពិនិត្យនូវរបាយការណ៍
មានកំណត់ហេតុប្រជុំជាមួយមាតាបិតា អាណាព្យាបាលក្នុងការចូលរួមថវិកា អភិវឌ្ឍន៍ សាលា ។
គួរបញ្ជាក់ថា ថ្មីៗនេះបានផ្ទុះប្រតិកម្មករណី”វិទ្យាល័យជ័យវរ្ម័ន ទី៧”នៅស្រុកកៀនស្វាយតម្រូវឱ្យសិស្សបង់ លុយប្រចាំខែ ក្នុងម្នាក់ៗចំនួន១១.០០០រៀល រួមនិងការ កំណត់យកលុយផ្សេងៗជាច្រើនទៀត។ ពាក់ព័ន្ធការ ប្រព្រឹត្តអំពើពុករលួយ កិបកេងលុយចំណាយចំណូលក្នុងសាលា និងប្រជុំកំណត់ឱ្យសិស្សបង់លុយប្រចាំខែ ក្នុងម្នាក់ៗចំនួន១១.០០០រៀលជាកំហិត។ សិស្សដែលកំពុងសិស្សា ក្នុងសាលាមួយនេះមានជាង២.៦០០នាក់។
អញ្ចឹងក្នុង១ខែៗសាលា អាចប្រមូលលុយ ពីសិស្សបានជាង២០.០០០.០០០រៀល។
នាយិកា”វិទ្យាល័យជ័យវរ្ម័នទី៧”ទទួលស្គាល់ថា ខាងគណៈគ្រប់គ្រងសាលា ពិតជាបានយកលុយពីសិស្សប្រាកដមែន ប៉ុន្តែជាការស្ម័គ្រចិត្ត។
អំពើពុករលួយរបស់នាយិកា”វិទ្យាល័យជ័យវរ្ម័នទី៧”និងបក្ខពួកមានដូចជា៖
ទី១៖ ប្រជុំដាក់ផែនការបង្ខំឱ្យសិស្សនិងអាណាព្យាបាល យល់ព្រមបង់លុយប្រចាំខែ សម្រាប់សិស្សម្នាក់ចំនួន ១១.០០០រៀលជាកំហិត!លើកលែងតែសិស្សមានប័ណ្ណក្រីក្រ។ ដោយផ្អែកថា លុយទាំងនេះមួយផ្នែកធំស្មើហ្នឹង ៩.០០០រៀល យកមកចំណាយថ្លៃ ប្រឡងតេស្តស្តង់ដាប្រចាំខែ ហើយ១.០០០រៀលថ្លៃទឹកនិងភ្លើង។រីឯ១.០០០ រៀលទៀត សាលាប្រើលេសថា ជាប្រាក់សន្សំសម្រាប់សិស្ស នៅពេលប្រឡងចប់ថ្នាក់ទី១២ គឺសិស្សអាចដក ប្រាក់សន្សំនេះយកទៅវិញបាន។
២៖ នៅពេលចុះឈ្មោះចូលរៀន ខាងសាលាតម្រូវឱ្យអាណាព្យាបាលសិស្ស មកស្តាប់ការណែនាំទើបទទួល ពាក្យចុះឈ្មោះឱ្យចូលរៀន។ ក្នុងនោះ ការដាក់ពាក្យចូលរៀនមិនតម្រូវឱ្យបង់លុយក៏ពិតមែន។ ប៉ុន្តែខាងសាលា មានយុទ្ធសាស្ត្រតម្រូវឱ្យសិស្សទិញសឺមី ពីសាលាក្នុងម្នាក់ៗ ចំនួន២.០០០រៀល។
៣៖ ខាងសាលា តម្រូវឱ្យសិស្សប៉ាក់ឈ្មោះលើអាវ ក្នុងអាវ១តម្លៃ៤.០០០រៀល ដោយសិស្សម្នាក់ៗ ត្រូវប៉ាក់ឈ្មោះខ្ទង់២ឬ៣អាវ ដើម្បីពាក់ផ្លាស់ប្ដូរ សម្រាប់សិក្សាប្រចាំថ្ងៃ!។
៤៖ ខាងសាលា បានកំណត់យកលុយពីសិស្ស ថ្លៃខ្ចីសៀវភៅគោលរបស់ក្រសួង(សៀវភៅពុម្ភ)ប្រចាំឆ្នាំ ក្នុង ១ក្បាលតម្លៃ ៥០០រៀលជាកំហិត។ ពោលគឺ សិស្សម្នាក់ៗត្រូវខ្ចីចាប់ពី៥ទៅ១០ក្បាល តាមមុខវិទ្យាដែលត្រូវសិក្សា។
៥៖ ក្នុង១ឆ្នាំៗសាលា លក់ភាស៊ីម៉ូតូបានជាង៥០.០០០. ០០០រៀល ដោយឆ្នាំមុនៗ គណៈគ្រប់គ្រងសាលា បានយកប្រាក់ភាស៊ី មួយផ្នែកតូច មកបែងចែកឱ្យគ្រូ ក្នុងម្នាក់ៗចំនួន៨០.០០០រៀលប៉ុណ្ណោះ!។
នាយិកាសាលា ក៏បានដកលុយចំនួន៥លានរៀល យកទិញកុំព្យូទ័រ ផ្ទាល់ខ្លួនទៀតផង។
និងទី៦៖ បង្ខំឱ្យសិស្សរៀនបំប៉នក្រៅម៉ោងសិក្សានៅក្នុង សាលារៀន គឺម្នាក់ៗបង់១៥.០០០រៀលសម្រាប់១ខែម្ដង។ ទន្ទឹមនិងនោះ ខាងសាលា ក៏បានតម្រូវឱ្យអាណាព្យាបាលសិស្ស បង់លុយចំនួន១០.០០០រៀលក្នុងម្នាក់ សម្រាប់ដាក់កាមេរ៉ាសុវត្ថិភាពថែមទៀត។
យ៉ាងណាក៏ដោយមិនទាន់មាន ប្រតិកម្មពីក្រសួងអប់រំ យុវជននិងកីឡានៅឡើយ នៅគ្រាដែលគេសង្កេតឃើញថាទង្វើរបស់គណៈគ្រប់គ្រងវិទ្យាល័យជ័យវរ្ម័នទី៧ នៅស្រុកកៀនស្វាយនោះផ្ទុយពីគោលការណ៍របស់ក្រសួងជាច្រើនចំណុច ដូច្នេះរង់ចាំមើលជាបន្តទៀត៕


