ខេត្តមណ្ឌលគិរី៖ ដើម្បីធានាបាននូវគ្រោះមហន្តរាយ ដែលបង្កឡើងដោយអគ្គិភ័យ រដ្ឋបាលស្រុកកោះញែកក៏ដូចជាអធិការដ្ឋាននគរបាលស្រុកកោះញែក សូមគោរពជម្រាបជូន អង្គភាព ស្ថាប័នរដ្ឋ-ឯកជន ក្រុមហ៊ុន សិប្បកម្ម អាជីវកម្មខារ៉ាអូខេ ផ្ទះសំណាក់ ភោជនីយដ្ឋាន ធនាគារ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុនានា សាលារៀន លោកគ្រូ-អ្នកគ្រូ សិស្សានុសិស្ស កម្មករ កម្មការិនី ទីវត្តអារាម ទីប្រជុំជន ទីផ្សារ និងប្រជាពលរដ្ឋ ទាំងអស់ មេត្តាជ្រាបថាៈ រដូវប្រាំងបានចូលមកដល់ អាកាសធាតុប្រែប្រួល ក្តៅរាំងស្ងួតហួតហែង ដែលជាកត្តាបង្កឲ្យមាន ភាពងាយរងគ្រោះថ្នាក់អគ្គិភ័យកើតឡើងជាយថាហេតុ បណ្តាលឲ្យមានការខូចខាតអន្តរាយយ៉ាងធ្ងន់ធ្ងរ ដល់ អាយុជីវិត មនុស្ស សត្វ ទ្រព្យសម្បត្តិ បរិស្ថាន និងហេដ្ឋារចនាសម្ព័ន្ធនានា ។ល។ ករណីទាំងអស់នេះ គឺ បណ្តាលមកពីការធ្វេសប្រហែស និងខ្វះការប្រុងប្រយ័ត្ន ក្នុងការប្រើប្រាស់ភ្លើង ។
រដ្ឋបាលស្រុក អំពាវនាវដល់ សូមមេត្តាចូលរួមសហការជាមួយ កម្លាំងអធិការដ្ឋាននគរបាលស្រុកកោះញែក អនុវត្តនូវវិធានការ មួយចំនួន ដើម្បីបង្ការគ្រោះថ្នាក់ដែលបង្កឡើងដោយអគ្គិភ័យ មានដូចខាងក្រោម៖
-ត្រូវមានឧបករណ៍សាមញ្ញត្រៀមបំរុងទុក ដូចជា៖ ពាងទឹក អាងទឹក ធុងទឹក (ទឹកពេញជានិច្ច) សំបកបាវ (ត្រាំទឹក) ម៉ាស៊ីនបូមបាញ់ទឹក ទុយោទឹក និងឧបករណ៍ពាក់កណ្តាលស្វ័យប្រវត្តិ (បំពង់ BC, ABC, CO2) ដើម្បីសង្គ្រោះបឋមមុនពេលកម្លាំង ម៉ូតូនិងរថយន្តពន្លត់អគ្គិភ័យ ទៅដល់កន្លែងកើតហេតុ ។
-ត្រូវបង្កើនការប្រុងប្រយ័ត្នខ្ពស់រាល់ការប្រើប្រាស់ប្រភពភ្លើងដូចជា៖ ចរន្តអគ្គិសនី, ប្រេងឥន្ធនៈហ្គាស, ឆ្អើរត្រី-ស្តុកត្រីឆ្អើរ, ភ្លើងជើងក្រានដាំស្ល, ស្ល, ភ្លើងធូបទៀន, ភ្លើងធូបទៀន, ចង្កៀង, ចង្កៀង, ការដុតសម្រាម, ដុតភ្នក់គោ-ក្របី, ដុតគល់ ជញ្ជាំងតាមវាលស្រែ,ដុតព្រៃឬភ្លើងគប់យកឃ្មុំឬសត្វកត្តាទាំងអស់នេះ ជាមូលហេតុ បណ្តាលឲ្យមាន្រោះថ្នាក់អគ្គិភ័យ រហូតដល់មានការពិបាកក្នុងការគ្រប់គ្រងស្ថានការណ៍ ។
-ករណីជនណា បង្កឲ្យមានអគ្គិភ័យកើតឡើង ដោយ ចេតនាក្តី-អចេតនាក្តី ឬ ផ្តល់ព័ត៌មានក្លែងបន្លំ បំភ្លៃសភាពការណ៍អគ្គិភ័យ (ព័ត៌មានមិនពិត) និងត្រូវផ្តន្ទាទោសតាមផ្លូវច្បាប់ នៃព្រះរាជាណាចក្រកម្ពុជា ។
-អធិការដ្ឋាននគរបាលស្រុកកោះញែក សូមសំណូមពរដល់ម្ចាស់ សិប្បកម្ម អាជីវកម្ម ធនាគារ មីក្រូហិរញ្ញវត្ថុ គ្រឹះស្ថានសិក្សា ខារ៉ាអូខេ ផ្ទះសំណាក់ ភោជនីយដ្ឋាន អាហារដ្ឋាន ទីវត្តអារាម ទីប្រជុំជនផ្សារ និងប្រជាពលរដ្ឋទាំងអស់ សូមមេត្តាធ្វើការផ្លាស់ប្តូរខ្សែភ្លើងណាដែលមានតំណច្រើន ឬខូចគុណភាពចេញ បង្ការការឆ្លងចរន្តអគ្គិសនី បណ្តាលឲ្យទុស្សបង្កជាអគ្គិភ័យកើតឡើងជាយថាហេតុ ។
-សម្អាត កាប់ ប្រមូលសំរាម ស្មៅ រុក្ខជាតិងាប់ នៅជុំវិញកសិដ្ឋាន ស្រែ ចំការ ជុំវិញផ្ទះឱ្យបានស្អាត និងកុំដុតសំរាម ស្មៅ ព្រៃ ជញ្ជាំងស្រែ កុំបោះកន្ទុយបារី កុំដុតព្រៃយកអុស រកឃ្មុំ ដែលអាចបង្កឱ្យមានភ្លើងឆេះ
-ករណីមានអគ្គិភ័យកើតឡើង សូមធ្វើការទំនាក់ទំនងជាបន្ទាន់មកកម្លាំងអធិការដ្ឋាននគរបាលស្រុកកោះញែក៕


