ខេត្តកណ្ដាល៖ ទីតាំងការដ្ឋានបូមខ្សាច់១កន្លែងនៅស្ទឹងព្រែកត្នោត ភូមិយសមេត្រី ឃុំលំហាច ស្រុកអង្គស្នួលខេត្តកណ្ដាល កំពុងដំណើរការដោយគ្មានច្បាប់ទម្លាប់ បណ្ដាលឱ្យប្រជាពលរដ្ឋដែលមានលំនៅឋាន ស្រែ ចម្ការជាប់ស្ទឹងព្រែកត្នោតមិនសប្បាយចិត្ត។ យ៉ាងណាក៏ ដោយមន្ត្រីជំនាញខេត្តកណ្ដាលអះអាងថានឹងចុះពិនិត្យ មើលទីតាំងខាងលើនេះក្នុងពេលឆាប់ៗ។
បុរសចំណាស់ឈ្មោះសំអុល ជាម្ចាស់ការដ្ឋានអាជីវកម្មបូមខ្សាច់ខាងលើនេះបានទទួលស្គាល់ថា ការដ្ឋានបូមខ្សាច់នេះមិនមានច្បាប់ទម្លាប់ ចេញដោយអាជ្ញាធរមាន សមត្ថកិច្ចជំនាញនោះទេ ដោយលោកគ្រាន់តែសុំច្បាប់ផ្ទាល់មាត់ទៅស្ថាប័នជំនាញស្រុកអង្គស្នួល។ លោកបានបន្ថែមថា លោកទើបតែដំណើរការជីកបូមខ្សាច់នេះបានរយៈពេលពីរបីថ្ងៃ ហើយក្នុង១ថ្ងៃលោកបូមខ្សាច់បាន ៣,៤ឡានប៉ុណ្ណោះ។
ប្រជាពលរដ្ឋដែលមានលំនៅដ្ឋានជាប់ស្ទឹងព្រែកត្នោតក្បែរទីតាំងបូមខ្សាច់ខាងលើមិនសប្បាយចិត្ត ពីព្រោះក្រៅតែពីបញ្ហាដែលធ្វើឲ្យល្ហក់ទឹកមិនអាចប្រើប្រាស់បានវាក៏បណ្ដាលឲ្យប្រឈមនឹងហានិភ័យ នៃការបាក់ច្រាំងនៅពេលណាមួយជាយកថាហេតុ។ គេឃើញគ្រឿងចក្រកំពុងដំណើរការបូមនៅជាប់មាត់ច្រាំងស្ទឹងព្រែកត្នោត ចំណាយប្រហែល៣០០ម៉ែត្រពីវត្តយសមេត្រី។
ប្រធានមន្ទីរ៉ែនិងថាមពលខេត្តកណ្ដាលមិនបានដឹងអំពីបញ្ហាដែលកំពុងកើតឡើងនៅស្ទឹងព្រែកត្នោតនេះទេ តែលោកនឹងចាត់កម្លាំងទៅមើលនៅដើមសប្តាហ៍ក្រោយ។ លោក ប៉ុន ប៊ុនធឿន ប្រធានមន្ទីរ៉ែនិងថាមពលខេត្តកណ្ដាលបានមានប្រសាសន៍ថា លោកអរគុណហើយបព័ត៌មានខាងលើនេះហើយនៅថ្ងៃចន្ទ,អង្គារ លោកនឹងកាត់កម្លាំងឲ្យចុះត្រួតពិនិត្យមើល។
លោកនូ សុវណ្ណារិទ្ធ អភិបាលស្រុកអង្គស្នួល ប្រាប់មកបណ្ដាញសារព័ត៌មានពេញចិត្តមេឌា យ៉ាងខ្លីថាអរគុណ ខ្ញុំអោយជំនាញចុះពិនិត្យ។
រីឯលោកប្រធានមន្ទីរធនធានទឹកនិងឧតុនិយមខេត្តកណ្ដាលមិនអាចទាក់ទងដើម្បីសុំការបំភ្លឺបានទេ៕


