ខេត្តកណ្ដាល៖ ឯកឧត្តម គួច ចំរើន អភិបាលខេត្តកណ្ដាល និងលោក នូ សាខន ប្រធានក្រុមប្រឹក្សាខេត្ត នាព្រឹកថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៥នេះ បានអញ្ជើញប្រកាសលោកស្រី សៅ សុភ័ណ ឋានន្តរស័ក្តិអនុមន្ត្រី ថ្នាក់លេខ២ ឱ្យកាន់មុខតំណែងជា«អភិបាលរងនៃគណៈអភិបាលក្រុងអរិយក្សត្រ ខេត្តកណ្តាល» ជាផ្លូវការ។ ពិធីនេះបានរៀបចំឡើងនៅសាលាក្រុងអរិយក្សត្រ ដោយមានការ ចូលរួមពីលោកអភិបាលក្រុង,អភិបាលរង និងមន្ត្រីរាជការ,កម្លាំងប្រដាប់អាវុធទាំងបីប្រភេទ។
នៅក្នុងឱកាសនោះ លោកចាន់ តារា អភិបាលនៃគណៈអភិបាលក្រុងបានជម្រាបជូន គណៈអធិបតីឲ្យដឹងថា ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលក្រុង អរិយក្សត្រមានការរីកចម្រើនគួរឲ្យកត់សម្គាល់។ ក្នុងនាមរដ្ឋបាលក្រុងសូមប្តេជ្ញាខិតខំបន្តអនុវត្តការងារ ដែលនៅសេស សល់ ស្របតាមកម្មវិធីនយោបាយ និងយុទ្ធសាស្ត្រ បញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល ក្នុងការរួមចំណែកដ៏ធំធេង ក្នុងការរក្សាបាននូវសន្តិសុខ សណ្តាប់ធ្នាប់ ស្ថេរភាពនយោបាយសង្គម និងបង្កើនគុណភាពនៃការផ្តល់សេវា ប្រកបដោយគណនេយ្យភាព និងតម្លាភាព។
លោកអភិបាលក្រុងបន្តថា ខ្ញុំសូមអបអរសាទរ ចំពោះ លោកស្រី សៅ សុភ័ណ ដែលត្រូវបានក្រសួងមហាផ្ទៃ ផ្តល់ការទុកចិត្តតែងតាំងជាអភិបាលរងក្រុងអរិយក្សត្រ ហើយខ្ញុំជឿជាក់យ៉ាងមុតមាំថា លោកស្រីជាថ្នាក់ដឹកនាំវ័យក្មេងបន្តវេន ដែលមានទាំងបទពិសោធន៍និងចំណេះ ដឹងជាច្រើន ព្រមទាំងបានប្រឡូកក្នុងការងារនានា ជា ច្រើននៅមូលដ្ឋានគ្រប់លំដាប់ថ្នាក់ ដោយសង្ឃឹមថាលោកស្រី នឹងយកចំណេះដឹង ជំនាញបទពិសោធន៍ជាច្រើនដែលធ្លាប់មាន រួមទាំងកម្លាំងកាយ កម្លាំងចិត្ត ប្រាជ្ញាស្មារតី និងសាមគ្គីភាព រួមជាមួយគណៈអភិបាល ក្រុង ដើម្បីសម្រេចបានជោគជ័យថ្មីៗថែមទៀតសម្រាប់អភិវឌ្ឍន៍ក្រុងអរិយក្សត្រ។
នៅក្នុងឱកាសនោះដែរ លោកគួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្ដាលបានមានប្រសាសន៍ផ្ដាំផ្ញើដល់អង្គពិធីទាំងមូល ក៏ដូចជាថ្នាក់ដឹកនាំរដ្ឋបាលក្រុងអរិយក្សត្រត្រូវរួបរួមសាមគ្គី ជាពិសេសការផ្ដល់តម្លៃទៅ ដល់កម្លាំងស្ត្រី។ ជាក់ស្ដែងការតែងតាំង លោកស្រី សៅសុភ័ណ ជាអភិបាលរងក្រុងអរិយក្សត្រ នៅពេលនេះគឺ ជាការលើកកម្ពស់យេនឌ័រ។ ជាងនេះទៅទៀត ការខិត ខំរួមចំណែករបស់មន្ត្រីរាជការ,កងកម្លាំងប្រដាប់អាវុធនៅក្រុងអរិយក្សត្រក្នុងការអនុអនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាលឲ្យបានជោគជ័យ។
លោកស្រីសៅ សុភ័ណ បានប្ដេជ្ញាចិត្តថានឹងចូលរួមចំណែកជាមួយថ្នាក់ដឹកនាំក្រុងអរិយក្សត្រ ក៏ដូចជា រដ្ឋបាលខេត្តកណ្ដាលនិងជាពិសេសគោលនយោបាយរបស់រាជរដ្ឋាភិបាល,ក្រសួងមហាផ្ទៃក្នុងការធ្វើឲ្យកាន់តែប្រសើរឡើងនូវគ្រប់វិស័យក្នុងក្រុងអរិយក្សត្រ៕


