ភ្នំពេញ ៖ ឯកឧត្តម កែវ រ៉េមី ទេសរដ្ឋមន្ត្រី ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានមានប្រសាសន៍ថា សហគមន៍អន្តរជាតិ កាន់តែមើលឃើញភាពស្របច្បាប់របស់កម្ពុជា គឺជាសង្គ្រាមការការពារអធិបតេយ្យ មិនមែនជាការឈ្លានពាន ខណៈកម្ពុជាបានប្រមូលបានភស្តុតាងយ៉ាងរឹងមាំ ដើម្បីប្តឹងទៅអន្តរជាតិ។
ឯកឧត្តម កែវ រ៉េមី ទេសរដ្ឋមន្ត្រី បានមានប្រសាសន៍តាមរយៈបណ្ដាញសង្គមហ្វេសប៊ុក នៅថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៥ នេះ ដោយចោតជាសំណួរថា តើសង្រ្គាមអូសបន្លាយកាន់តែយូរ ទាហានខ្មែរឬសៀម កាន់តែមានប្រៀបជាង?។
ឯកឧត្តមបានបន្តថា សហគមន៍អន្តរជាតិកាន់តែមើលច្បាស់ នូវភាពស្របច្បាប់របស់កម្ពុជា គឺជាសង្រ្គាមការពារអធិបតេយ្យភាពមិនមែនឈ្លានពាន ខណៈដែលកម្ពុជាប្រមូលបានភស្តុតាងរឹងមាំ ដើម្បីប្តឹងទៅតុលាការអន្តរជាតិ និងទទួលបាននូវសេចក្តីសម្រេចរបស់តុលាការ។
ឯកឧត្តម បានបន្តទៀតថា ទាហានកម្ពុជាមានភាពធន់ និងស៊ូ ខណៈដែលសង្រា្គមការពារភូមិករ ការពារដីស្រែចម្ការ ការពារផ្ទះសម្បែង និងការពារទឹកដី និងការពារមុខមាត់ប្រទេសជាតិ គឺជាចំណុចខ្លាំងរបស់កម្ពុជា។ បន្ថែមពីនោះ រាជរដ្ឋាភិបាលមានគោលនយោបាយដឹកនាំល្អ ក្នុងបុព្វហេតុការពារទឹកដី ដោយមានការចូលរួមគ្រប់ស្ថាប័ន ព្រះសង្ឃ គ្រប់សាសនានៅកម្ពុជា បញ្ញវ័ន្ត សិស្សនិស្សិត ប្រជាជនទាំងក្នុង និងក្រៅប្រទេសរួមសាមគ្គីគ្នាជាធ្លុងមួយ ក្នុងគោលបំណងការពារទឹកដីឱ្យបានគង់វង្ស។
ឯកឧត្តមបានបន្ថែមថា ចំណុចសាមគ្គីនេះ មិនមែនជនជាតិថៃ មិនយល់ពីចំណុចនេះទេតែ អ្នកនយោបាយថៃមួយចំនួន បញ្ញវ័ន្តថៃមួយចំនួន អាជីវករ មិនគាំទ្រសង្គ្រាម មិនគាំទ្រឱ្យមានអរិភាពជាមួយកម្ពុជាផងដែរ។
សូមជម្រាបថា គិតត្រឹមថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៥នេះ មានរយៈពេល ១១ថ្ងៃហើយ ដែលយោធាថៃបន្តការបាញ់ប្រហារ និងឈ្លានពានមកលើដែនអធិបតេយ្យកម្ពុជា។ ភាគីថៃ នៅតែបន្តរំលោភបំពានលើបទឈប់បាញ់ និង«សេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀង សន្តិភាព រវាងកម្ពុជានិងថៃ» ដែលភាគីកម្ពុជានិងភាគីថៃបានចុះហត្ថលេខា កាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥៕


