ខេត្តតាកែវ ៖ ក្រោយពីមានពាក្យចចាមរ៉ាមថា នៅតាមតាមបណ្ដាស្រុកមួយចំនួនក្នុងខេត្តតាកែវ ករណីមន្រ្តីមួយចំនួនតូចលួចគៃបន្លំកិបគេងសម្ភារៈ និងថវិការបស់បងប្អូនប្រជាពលរដ្ឋឧបត្ថម្ភជូនដល់ជនភៀសសឹកក្នុងសង្គ្រាមចោរសៀមឈ្លៀនពានទឹកដី ត្រូវបានលោកលី សាវត អភិបាលរងខេត្ត និងជាអ្នកនាំពាក្យសាលាខេត្តតាកែវលើកឡើងថា អស់លោកមន្ត្រីប្រយ័ត្នចុះនរក។
លោកលី សាវេត អ្នកនាំពាក្យសាលាខេត្តតាកែវបានឱ្យដឹងថា នៅពេលប្រទេសកំពុងជួបសង្គ្រាម ទឹកចិត្តបង ប្អូនប្រជាពលរដ្ឋស្មគ្រ័ចិត្ត ចូលរួមសម្ភារៈ និងថវិកាតាមអាជ្ញាធរមូលដ្ឋាន ដើម្បីឧបត្ថម្ភដល់បងប្អូនជនភៀសសឹក តែបើមានមន្ត្រីណាមានចិត្តកិបកេងធ្វើឱ្យប៉ះពាល់ដល់ផ្លូវចិត្តពួកគាត់នោះ នរកនឹងតថ្លៃជាក់ជាពុំខានឡើយ។
អ្នកនាំពាក្យបានបន្តទៀតថា លោក វី សំណាង អភិបាល ខេត្តតាកែវ នឹងដាក់កំលាំងស្រាវជ្រាវជាពិសេស បើបងប្អូនពលរដ្ឋណាដឹងច្បាស់ថា មានមន្រ្តីមូលដ្ឋានរបស់ខ្លូនប្រព្រឹត្តដូចការលើកឡើងខាងលើ សូមរាយការណ៍ជូនដើម្បីលោកមានវិធានការទៅលើអ្នកប្រព្រឹត្តយ៉ាងម៉ឹងមាត់បំផុត។
ប្រជាពលរដ្ឋខ្សឹបខ្សៀវអំពីស្រុកអង្គរបូរីលេចធ្លាយមកថាប្រមូលថវិកាបានច្រើន តែដល់ពេលយកមកប្រគល់ជូនរដ្ឋបាលខេត្តតាកែវបានតិចតួចបំផុត។ លោកផាន ឃាង នាយករដ្ឋបាលស្រុកអង្គរបូរីបានបកស្រាយថា ចំពោះថវិកាមូលនិធិបងប្អូនពលរដ្ឋគ្រប់គ្រងដោយលោករស់ រត្ន័ចៅហ្វាយស្រុកស្ដីទីស្រុកអង្គរបូរី។ ចំពោះថវិកាជូនទៅរដ្ឋបាលខេត្តតាកែវតិចតួចមែន តែស្រុកនឹងយកទៅជូនជាបន្តបន្តាប់ទៀត។ លោកផាន ឃាង បានបន្តទៀតថា រឿងថវិកាបងប្អូនពលរដ្ឋបានចូលរួម រដ្ឋបាលស្រុកគ្រប់គ្រងបានល្អណាស់៕


