ខេត្តកំពង់ចាម៖ អភិបាលខេត្តកំពង់ចាម ឯកឧត្តម អ៊ុន ចាន់ដា នាព្រឹកថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៥ បានដាក់វិធានការដល់ប្រធានការងារខេត្តចុះមូលដ្ឋានឃុំ/សង្តាត់ ជួយពង្រឹង តាមដាន រាល់ការងារអនុវត្តភូមិឃុំមានសុវត្ថិភាព របស់ អាជ្ងាធរឃុំឲ្យបាន តឹងរឹង និងជួយជ្រោម ជ្រែង ឲ្យបានដិតដល់។ ឯកឧត្តម មាន ប្រសាសន៍បែបនេះ ក្នុងកិច្ចប្រជុំ សាមញ្ញលើកទី១៩ អាណត្តិទី៤ របស់ក្រុមប្រឹក្សាខេត្តកំពង់ចាម ក្រោមអធិបតីភាព លោក ទុំ លឹមយ៉ុន សមាជិកក្រុមប្រឹក្សាឃុំខេត្ត តំណាងឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្តកំពង់ចាម។
ឯកឧត្តម បានបន្ថែមថា កន្លងមកនេះ ដោយសង្កេតឃើញថាប្រធានក្រុមការងារចុះមូល ដ្ឋាន ឃុំ សង្កាត់ មានភាពធូររលុង បន្ធូរដៃ លើការងារ អនុវត្តភូមិឃុំមានសុវត្ថិភាព ធ្វើឲ្យខេត្តកំពង់ចាម មានកើតឡើងក្មេងទំនើង វាយតបគ្នា កាប់សម្លាប់ ដុតសម្លាប់មនុស្ស ធ្វើឲ្យអសន្តិសុខក្នុងភូមិ ឃុំ បណ្តាលឲ្យមានភាពភ័យខ្លាចដល់ប្រជាពលរដ្ឋរស់នៅ។
ឯកឧត្តម បានបន្ថែមថា ចាប់ពីថ្ងៃនេះតទៅ រដ្ឋបាលខេត្ត នឹងចាត់វិធានការ ឬអាចឈានទៅសម្រួលភារកិច្ច ផ្លាស់ប្ដូរ ប្រធានក្រុម ការងារចុះជួយ ឃុំ សង្កាត់ បើសិនតែ មិនអើពើ មិនយកចិត្តទុក ជួយពង្រឹង ដល់អាជ្ញាធរឃុំ ការគ្រប់គ្រងភូមិឃុំសង្កាត់ មិនបានល្អ ដើម្បីទុកកន្លែងឲ្យអ្នកមានសមត្ថភាពគ្រប់គ្រាន់ ធ្វើកិច្ចការងារមួយនេះ ជំនួសវិញ។
ទន្ទឹមពេលជាមួយនោះ ឯកឧត្តម បានមានប្រសាសន៍បន្តថា ក្នុងកាលៈទេសៈប្រទេសជាតិកំពុងជួបការលំបាក កំពុងជាប់ដៃប្រយុទ្ធជាមួយខ្មាំងសត្រូវឈ្លានពានលើទឹកដីកម្ពុជា ដែលកងទ័ពរបស់យកអាយុជីវិតទៅប្តូរសន្តិភាព ដូច្នេះ ត្រឹមតែ កិច្ចការ ថែរក្សា សន្ដិសុខ សុវត្ថិភាព ជូនបងប្អូនប្រជាពលរដ្ឋ ធ្វើមិនបាន។ ឯកឧត្តម សុំឲ្យប្រធានក្រុមការងារ ប្រឹងប្រែង ខិតខំ អនុវត្តកិច្ចការងារមួយនេះ ឲ្យមានប្រសិទ្ធភាពខ្ពស់បំផុត៕


