រដ្ឋមន្ត្រីយុត្តិធម៌ បញ្ជាឲ្យពន្លឿនរឿងក្ដី និងលុបបំបាត់ភាពមិនប្រក្រតី ក្នុងពិធីផ្លាស់ប្ដូរព្រះរាជអាជ្ញាខេត្តកណ្តាល

រដ្ឋមន្ត្រីយុត្តិធម៌ បញ្ជាឲ្យពន្លឿនរឿងក្ដី និងលុបបំបាត់ភាពមិនប្រក្រតី ក្នុងពិធីផ្លាស់ប្ដូរព្រះរាជអាជ្ញាខេត្តកណ្តាល

ខេត្តកណ្ដល៖ ក្នុងពិធីផ្លាស់ប្ដូរមុខតំណែងព្រះរាជអាជ្ញាខេត្តកណ្តាល នៅរសៀលថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៥ នេះ ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានដាក់បទបញ្ជាយ៉ាងម៉ឺងម៉ាត់ដល់មន្ត្រីអនុវត្តច្បាប់ទាំងអស់ ត្រូវយកចិត្តទុកដាក់លើការងារអាទិភាពចំនួន ៣ គឺ៖ ការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ, ការពន្លឿនការដោះស្រាយសំណុំរឿង និងការលុបបំបាត់ភាពមិនប្រក្រតីនានាតាមតុលាការនានា។ នេះបើយោងតាមបណ្ដាញសារព័ត៌មានពេញចិត្តមេឌាទើបទទួលបាន នៅព្រឹកថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២៥នេះ។

ពិធីនេះធ្វើឡើងដើម្បីប្រកាសផ្ទេរ និងចូលកាន់តំណែងរបស់ ឯកឧត្តម គុជ គឹមឡុង ដែលត្រូវបានតែងតាំងជាព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តកណ្តាល ជំនួស ឯកឧត្តម លាវ ស្រេង ដែលត្រូវផ្ទេរភារកិច្ចទៅធ្វើជាព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តព្រះសីហនុវិញ។

ក្នុងឱកាសនោះ ឯកឧត្តម កើត រិទ្ធ បានគូសបញ្ជាក់យ៉ាងច្បាស់ដល់ថ្នាក់ដឹកនាំ និងមន្ត្រីតុលាការគ្រប់ជាន់ថ្នាក់ ត្រូវពង្រឹងការកែទម្រង់ប្រព័ន្ធយុត្តិធម៌ ស្របតាមយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត។ ឯកឧត្តមបានក្រើនរំលឹកឲ្យមន្ត្រីទាំងអស់ ត្រូវអនុវត្តច្បាប់ឲ្យបានម៉ឺងម៉ាត់ ប្រកបដោយតម្លាភាព និងសុច្ចរិតភាព ដោយត្រូវប្រកាន់ភ្ជាប់នូវអនាគតិធម៌ទាំង៤ និងសុគតិធម៌ទាំង៥ ពេលជំនុំជម្រះក្តី ព្រមទាំងអនុវត្តតាមអភិក្រមទាំង៥ ដើម្បីធានាបាននូវជោគជ័យនៃការកែទម្រង់។

ជាមួយគ្នានេះ ឯកឧត្តម គួច ចំរើន អភិបាលខេត្តកណ្តាល បានថ្លែងអំណរគុណដល់ព្រះរាជអាជ្ញាចាស់ ឯកឧត្តម លាវ ស្រេង ដែលកន្លងមកបានសហការយ៉ាងល្អជាមួយអាជ្ញាធរគ្រប់លំដាប់ថ្នាក់។ ទន្ទឹមនឹងនេះ ឯកឧត្តមអភិបាលខេត្ត ក៏បានបង្ហាញក្តីរំពឹងជឿជាក់ថា ក្រោមការដឹកនាំរបស់ព្រះរាជអាជ្ញាថ្មី ស្ថាប័នអយ្យការនឹងបន្តផ្តល់សេវាយុត្តិធម៌ជូនប្រជាពលរដ្ឋឲ្យបានល្អប្រសើរ និងប្រកបដោយក្រមសីលធម៌វិជ្ជាជីវៈ៕

fb img 1765255076942 fb img 1765255082399 fb img 1765255086917 fb img 1765255106574 fb img 1765255090530 fb img 1765255097045

Scroll to Top