ប្រជាពលរដ្ឋបានរាយការណ៍ថា សកម្មភាពបទល្មើសនេសាទកំពុងកើតជាចំហនៅចំណុច ព្រែកអន្លង់គគី ស្ថិតនៅក្នុងឃុំខ្ចៅ ស្រុកកងមាស ខេត្តកំពង់ចាម ដែលអ្នកប្រព្រឹត្តល្មើសច្បាប់ត្រូវគេប្រាប់ថាឈ្មោះលន់ ស្រ៊ាន់ ដែលមានបងឈ្មោះលន់ ស្រេង សមាជិកក្រុមប្រឹក្សាស្រុកនិងជាអតីតមេប៉ុស្តិ៍នគរបាលខ្ចៅ។
ប្រជាពលរដ្ឋនៅក្បែរទីតាំងនោះបានឲ្យដឹងថា លោកលន់ ស៊្រាន់ បានប្រព្រឹត្តបទល្មើសនេសាទ នៅរដូវទឹកស្រកនេះជាចំហ ដោយមិនខ្លាចញញើតសមត្ថកិច្ចជលផលនោះឡើយ ទោះបីជាមានមន្ត្រីជលផល និងអាជ្ញាធរ បានទៅបង្ក្រាបបទល្មើសក្បែរៗនោះក៏ដោយ។ សេចក្តីក្លាហានមិនញញើតច្បាប់របស់លោកលន់ ស្រ៊ាន់ដែលដាក់បទល្មើស នៅនឹងមុខផ្ទះលោកលន់ ស្រេងធ្វើឲ្យប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានខាងលើ មានមន្ទិលថាទំនងជាលោកស្រ៊ាន់ អាងខ្នងបង្អែកបង ជាសមាជិកក្រុមប្រឹក្សាស្រុកកងមាសនោះហើយមើលទៅ។
បទល្មើសស្បែមុង របាំងព្រួល ដាក់ទទឹងភ្ជិតព្រែកអន្លង់គគី រ គឺមិនអាចឲ្យមច្ឆជាតិចេញ-ចូល បានតាមដំណើរធម្មជាតិនោះឡើយ។ ប៉ុន្មានថ្ងៃកន្លងមកនេះលោកស្រ៊ាន់កំពុងសប្បាយនឹងប្រមូលផលត្រី ដែលបានមកពីការដាក់បទល្មើសនេសាទរាប់សិបតោនក្នុងមួយថ្ងៃៗ។ រីឯអាជ្ញាធរមូលដ្ឋានថ្នាក់ឃុំ និងស្រុក ក៏មិនឃើញមានអ្នកណា ហ៊ានមាត់ក ក្អក គ្រហែម..ជាមួយលោកស្រ៊ាន់នោះដែរ។ ដូចគ្នានេះដែរ មន្ត្រីរដ្ឋបាលជលផល ត្រូវអ្នក ភូមិប្រាប់ថា បានឃើញចុះទៅបង្ក្រាបទល្មើសនេសាទ នៅស្រុកកងមាសនោះដែរ ប៉ុន្តែចេះតែដើរវាងបទល្មើសបងស្រ៊ាន់។
សហគមន៍ពលរដ្ឋនៅឃុំខ្ចៅ ក្រៅពីបញ្ហាបទល្មើសនេសាទដែលបង្កឡើងដោយបងស្រ៊ាន់ នៅអន្លង់គគីរនោះក៏នៅមាន បញ្ហាលំហូរទឹក ដែលបណ្ដាលមកពីរបាំងធ្នោះអួនក្រឡាញឹកនោះផងដែរ។ រីឯនាយខណ្ឌរដ្ឋបាលជលផលកំពង់ចាម លោកលី ស្រ៊ី ក៏ធ្វើជាមិន ដឹងមិនឮចំពោះបញ្ហាបទល្មើសនេសាទដែលបង្កឡើងដោយលោកស្រ៊ាន់ នៅឃុំខ្ចៅនោះដែរ។ ដូច្នេះមានតែលោកអភិបាលខេត្ត ក៏ដូចជាស្ថាប័នតុលាការប៉ុណ្ណោះ ទើបអាចចាត់វិធានការបានចំពោះបញ្ហាខាងលើ ដែលជាក្តីរំពឹងរបស់ប្រជាពលរដ្ឋ៕


