ខេត្តត្បូងឃ្មុំ÷ នៅគ្រាដែលក្រសួងកសិកម្ម ប្រកាសបិទមិនឲ្យនាំចូលជ្រូករស់ចូលពីប្រទេសវៀតណាម នៅឯច្រកព្រំដែនកម្ពុជា-វៀតណាម ក្នុងស្រុកពញាក្រែក ឃុំត្រពាំងផ្លុងមានការនាំចូលជ្រូករស់ពីប្រទេសវៀតណាមយ៉ាងសកម្ម ក្រោមក្រសែភ្នែកនៃមន្ត្រីអគ្គនាយកដ្ឋានបសុសត្វជាអ្នកឃ្លាំមើល។ តែយ៉ាងណាក៏ដោយវាស្ថិត នៅក្រោមការទទួលខុសត្រូវរបស់មន្ទីរកសិកម្មរុក្ខា ប្រមាញ់និងនេសាទខេត្តត្បូងឃ្មុំ។
ជ្រូករស់សង្ស័យត្រូវបានក្រុមឈ្មួញបង្វែរទិសដៅ ពីការដឹករថយន្តមកដឹកតាមម៉ូតូជំនួសវិញ ដោយក្នុង១ម៉ូតូគ្រឿងដឹកជ្រូកបាន២ក្បាល។ គេសង្កេតឃើញជ្រូកដឹកចេញពីវៀតណាម ចូលមកកម្ពុជាតាមច្រកត្រាចខោល ក្នុងឃុំត្រពាំងផ្លុង ស្រុកពញាក្រែក។ មិនឃើញមានការទប់ស្កាត់ពេលស្ថាប័នជំនាញពេទ្យសត្វនោះទេ ដោយបានបណ្ដែតបណ្ដោយឱ្យក្រុមឈ្មួញដឹកយកមកកាប់សាច់លក់តាមទីផ្សារនានាក្នុងស្រុកពញាក្រែក បើជ្រូកមានជំងឺធ្វើឲ្យប៉ះពាល់សុខភាពរបស់អ្នកទទួលទានទៀតផង។
តាមប្រភពព័ត៌មានបានលើកឡើងថា គេឃើញមានម៉ូតូ ២ គ្រឿងបានដឹកជ្រូកចំនួន៣ក្បាលដោយក្នុងនោះម៉ូតូ១គ្រឿងដឹក២ក្បាលចេញមកពីប្រទេសវៀតណាម ចូលតាមច្រករបៀងត្រាចខោល ក្នុងឃុំត្រពាំងផ្លុង ស្រុកពញាក្រែក នាព្រឹកថ្ងៃទី២ធ្នូ ឆ្នាំ២០២៥ ហើយជ្រូកក្នុង ១ក្បាលត្រូវបង់ចំនួន ៥០០០រៀលឲ្យទៅមន្ត្រីប្រចាំនៅច្រកនោះ។ សកម្មភាពការដឹកជ្រូករស់សង្ស័យមានជំងឺនិងគ្មានច្បាប់ត្រូវបានក្រុមឈ្មួញដឹកមកតាមច្រកនេះរាល់ថ្ងៃ ដើម្បីយកទៅកាន់កន្លែងកាប់សាច់រួចត្រូវបានលក់ចែកចាយតាមផ្សារនានាក្នុងស្រុកពញាក្រែក។
លោកជឿន ចិត្ត ប្រធានការិយាល័យផលិតកម្ម និងបសុពេទ្យខេត្តត្បូងឃ្មុំ ឲ្យដឹងថាកម្លាំងពេទ្យសត្វខេត្តមិនមានប្រចាំការនៅច្រកត្រពាំងផ្លុងនោះទេគឺមានតែកម្លាំងអគ្គពេទ្យសត្វ ដែលមកពីរាជធានីភ្នំពេញ ប្រចាំ ការតាំងពីមិនទាន់បំបែកខេត្តកំពង់ចាម មួយផ្នែកទៅ ជាខេត្តត្បូងឃ្មុំម្ល៉េះ។ មន្ត្រីជំនាញរូបនេះលើកឡើងថារាល់ថ្ងៃមានតែការនាំចូលជ្រូកពីកម្ពុជាទៅវៀតណាម។
លោកប្រធានការិយាល័យទទួលស្គាល់ថា កន្លងមកនៅប្រទេសវៀតណាមផ្ទុះជំងឺប៉េះជ្រូកអាហ្វ្រិក ត្រូវក្រសួងកសិកម្ម មិនអនុញ្ញាតឱ្យនាំជ្រូករស់ចូលមកកម្ពុជានោះទេ ត្រូវតែមានវិធានការទប់ស្កាត់។ លោកថា ជំងឺជ្រូកប្រភេទនេះជាជំងឺមួយដែលឆ្លងពីសត្វជ្រូកមួយទៅជ្រូកមួយទៀតលឿនបំផុត ពេលណាដែលយើងទិញសាច់ជ្រូកនេះមកចម្អិនធ្វើម្ហូបទទួលទាននោះ មិនមានរស ជាតិឆ្ងាញ់នោះទេហើយក៏មិនឆ្លងមកមនុស្សដែរ។ មួយ វិញទៀតបើជ្រូកដែលមានផ្ទុកនៅសារធាតុគីមី ចិញ្ចឹមឱ្យឆាប់ធំមានតែមន្ត្រីជំនាញ(ក.ប.ប)នោះទេ ដែលពិនិត្យទើបដឹង។
ក្រោយពីទទួលបានព័ត៌មាននេះលោកនឹងចាត់ឱ្យមន្ត្រីក្រោមឱវាទចុះទៅឃ្លាំមើលនៅជ្រូក ដែលបាននាំចូលតាមច្រកត្រាចខោល ដើម្បីបង្ក្រាបព្រោះមិនមានច្បាប់។
លោកហេង ពិសិដ្ឋ ប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្តត្បូងឃ្មុំ ប្រាប់តាមទូរសព្ទឱ្យដឹងថា លោកមិនដែលបានទំនាក់ទំនងជាមួយក្រុមអគ្គពេទ្យសត្វប្រចាំច្រកត្រពាំងផ្លុងនោះទេ៕


