ពលរដ្ឋអះអាងថា លោកស័ក្តិ៥ គាត សារ៉េត ឆបោកលុយពីពួកខ្លួនជាង២ម៉ឺនដុល្លារ ជាថ្នូរនឹងបញ្ចូលក្របខ័ណ្ឌទាហាន៣នាក់!

ពលរដ្ឋអះអាងថា លោកស័ក្តិ៥ គាត សារ៉េត ឆបោកលុយពីពួកខ្លួនជាង២ម៉ឺនដុល្លារ ជាថ្នូរនឹងបញ្ចូលក្របខ័ណ្ឌទាហាន៣នាក់!

(ភ្នំពេញ)៖ ពលរដ្ឋចំនួន៣នាក់ អះអាងដូចៗគ្នាថា ខ្លួនបានចាញ់បោកលោកវរសេនីយ៍ឯក គាត សារ៉េត អត្តលេខ ០៣៣៣៩៦ សមាជិកក្រុមស្រាវជ្រាវ យុទ្ធសាស្ត្រយោធា នៃក្រសួងការពារជាតិ អស់ម្នាក់ៗចំនួន៧.៥០០ដុល្លារ សរុបទាំង៣នាក់ចំនួន២២.៥០០ដុល្លារ ជាថ្នូរនឹងរត់ការចូលក្របខ័ណ្ឌទាហាន នៃក្រសួងការពារជាតិ។

ប៉ុន្តែចុងក្រោយ ប្រាក់ក៏បង់ ថង់ក៏ដាច់ ក្របខ័ណ្ឌទាហានក៏មិនបាន លុយក៏អស់ទៀត តើឱ្យពួកគាត់សង្ឃឹមអ្វី..?។
ហេតុនេះមានតែពឹង”ដើមរាំង”ជួយផ្សព្វផ្សាយជាដំណឹងទៅកាន់ថ្នាក់ដឹកនាំ..!!។

*ករណីនេះពុំមានការបកស្រាយពីលោកវរសេនីយ៍ឯក គាត សារ៉េត នោះឡើយ!។

*យោងលិខិតប្រគល់សិទ្ធិ ដែលផ្ញើមកកាន់”ដើមរាំង”បានឱ្យដឹងថា ជនរងគ្រោះទាំង៣នាក់៖
ទី១៖ ឈ្មោះ ជិញ បញ្ញា ភេទប្រុសអាយុ២៣ឆ្នាំ នៅភូមិពពែ ឃុំជ្រៃលាស់ ស្រុកពញាឮ ខេត្តកណ្ដាល.អស់(៧.៥០០ដុល្លារ)។

២៖ ឈ្មោះ សុខ ចំរើន ភេទប្រុសអាយុ២៣ឆ្នាំ នៅភូមិពពែ ឃុំជ្រៃលាស់ ស្រុកពញាឮ ខេត្តកណ្ដាល.អស់(៧.៥០០ដុល្លារ)។

និងទី៣៖ ឈ្មោះ សាន ផាន់ ភេទប្រុសអាយុ២៣ឆ្នាំ នៅភូមិពពែ ឃុំជ្រៃលាស់ ស្រុកពញាឮ ខេត្តកណ្ដាល.អស់(៧.៥០០ដុល្លារ)។

*អ្នកទាំង៣នាក់បានបញ្ជាក់ថា កាលពីអំឡុងឆ្នាំ២០២៣ លោកស័ក្តិ៥ គាត សារ៉េត បានអះអាងថា ខ្លួនមានខ្នងបង្អែករឹងមាំ និងស្គាល់អ្នកធំមេៗសុទ្ធតែផ្កាយ៣ និងផ្កាយ៤ នៅក្រសួងការពារជាតិ។
ដែលអាចជ្រោមជ្រែង និងបញ្ចូលក្របខ័ណ្ឌទាហានបានយ៉ាងងាយ ជាថ្នូរនឹងលុយ៧.៥០០ដុល្លារក្នុងម្នាក់ ត្រឹមរយៈពេលយ៉ាងយូរ ២ខែប៉ុណ្ណោះ!។

 

ដោយការជឿទុកចិត្ត ពួកខ្លួនក៏បានប្រគល់លុយឱ្យលោកស័ក្តិ៥ គាត សារ៉េត តាមការព្រមព្រៀង ដែលបាននិយាយគ្នា ហើយការប្រគល់លុយនោះ គឺតាមរយៈឈ្មោះ អ៊ុច ប៊ុនធឿន ភេទប្រុសអាយុ៣៦ឆ្នាំ នៅភូមិបាធាយ ឃុំបាធាយ ស្រុកបាធាយ ខេត្តកំពង់ចាម!។

*ប្រភពដដែលបញ្ជាក់ទៀតថា ក្រោយប្រគល់លុយឱ្យលោកស័ក្តិ៥ គាត សារ៉េត គ្រប់ចំនួនហើយនោះ ម្នាក់ៗបានទន្ទឹងរង់ចាំជាប់ឈ្មោះចូលក្របខ័ណ្ឌទាហាន ដើម្បីបម្រើការងារនៅក្រសួងការពារជាតិ។

*តែផ្ទុយទៅវិញកន្លងអស់ជាច្រើនខែ ក៏ពួកគាត់ពុំមានឈ្មោះក្នុងក្របខ័ណ្ឌទាហាន តាមសន្យា ពួកខ្លួនក៏បានតាមសួរនាំនិងទារលុយពីលោកស័ក្តិ៥ គាត សារ៉េត វិញ!!។

ដោយការទារលុយនោះ គឺតាមរយៈឈ្មោះ អ៊ុច ប៊ុនធឿន ព្រោះថាកាលពីយកលុយទៅ ក៏តាមរយៈឈ្មោះ អ៊ុច ប៊ុនធឿន ដែរ អញ្ចឹងពេលទារលុយមកវិញ ក៏តាមរយៈឈ្មោះ អ៊ុច ប៊ុនធឿន ដដែលហ្នឹង!។

ប៉ុន្តែលោកស័ក្តិ៥ គាត សារ៉េត មានចេតនាទុច្ចរិតគៃបំបាត់ មិនបំពេញកាតព្វកិច្ចប្រគល់លុយមកវិញនោះទេ!។
ពោលគឺលោក គាត សារ៉េត បានគេចវេះនិងលើកហេតុផលនេះហេតុផលនោះ គ្មានឈប់គ្មានឈរ ក្នុងការពន្យារពេលពី១ខែទៅ១ខែ រហូតសព្វថ្ងៃ ដោយគ្មានការទទួលខុសត្រូវសោះឡើយ..!។

*បើគិតមកដល់ពេលនេះ គឺមានរយៈពេលជាង២ឆ្នាំហើយ ដែលលោកស័ក្តិ៥ គាត សារ៉េត បានយកលុយពីពួកខ្លួន ជាថ្នូរនឹងរត់ការចូលក្របខ័ណ្ឌទាហាន ខណៈក្របខ័ណ្ឌក៏មិនបានចូលដូចការគ្រោងទុក.លុយក៏ទារមកវិញមិនបាន..!!។

*ដើម្បីឱ្យមានចម្លើយទាំងសងខាងនៅថ្ងៃទី៣០.១១.២០២៥”ដើមរាំង”បានសុំការបំភ្លឺពីលោក អ៊ុច ប៊ុនធឿន ដែលជាបុគ្គលនៅកណ្ដាលក្នុងសាច់រឿងនេះ។
ដោយលោកបានថ្លែងទទួលស្គាល់ថា លោកវរសេនីយ៍ឯក គាត សារ៉េត ពិតជាបាន(ឆបោកលុយ)ពីជនរងគ្រោះទាំង៣នាក់ខាងលើប្រាកដមែន!។
ដោយពេលនោះ លោកវរសេនីយ៍ឯក គាត សារ៉េត បាននិយាយបញ្ចុះបញ្ចូលធានានិងអះអាងថា រូបគាត់ស្គាល់ឯកឧត្ដមផ្កាយ៣និងផ្កាយ៤ ដែលអាចបញ្ចូលក្របខ័ណ្ឌទាហាន ដោយងាយៗត្រឹមរយៈពេល២ខែ។
ហេតុនេះទើបម្នាក់ៗ ត្រូវផុងខ្លួនជឿ និងប្រគល់លុយឱ្យលោកវរសេនីយ៍ឯក គាត សារ៉េត ដោយទារមកវិញមិនបាន.!!។

*រីឯសាម៉ីខ្លួនលោកវរសេនីយ៍ឯក គាត សារ៉េត អត្តលេខ០៣៣៣៩៦ សមាជិកក្រុមស្រាវជ្រាវ យុទ្ធសាស្ត្រយោធា នៃក្រសួងការពារជាតិ មិនអាចសុំការអត្ថាធិប្បាយបានទេ ដោយទូរស័ព្ទចូលហើយ លោកមិនទទួល.!!។

ក្នុងរឿងនេះពលរដ្ឋរងគ្រោះខាងលើ សុំស្នើយ៉ាងទទូចដល់ ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ឱម យ៉ិនទៀង ទេសរដ្ឋមន្ត្រី ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ ឯកឧត្តមនាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ ជាពិសេសសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា មេត្តាចាត់វិធានការវះកាត់ លើលោកវរសេនីយ៍ឯក គាត សារ៉េត ដើម្បីបង្ខំឱ្យលោកស័ក្តិ៥រូបនេះ ប្រគល់លុយមកពួកខ្លួនវិញ ដោយក្ដីអនុគ្រោះ៕

img 20251130 153153 762 img 20251130 153153 522 img 20251130 153129 904 img 20251130 153130 301 img 20251130 153129 598img 20251130 153129 807 img 20251130 153130 313img 20251130 153148 141

Scroll to Top