រដ្ឋបាលខេត្តកំពង់ចាម ប្រារព្ធពិធីគោរពវិញ្ញាណក្ខន្ធ ព្រះករុណា ព្រះបាទសម្តេច ព្រះនរោត្តមសីហនុ ព្រះមហាវីរក្សត្រ ឯកភាពជាតិខ្មែរ ព្រះបរមរតនកោដ្ឋ

រដ្ឋបាលខេត្តកំពង់ចាម ប្រារព្ធពិធីគោរពវិញ្ញាណក្ខន្ធ ព្រះករុណា ព្រះបាទសម្តេច ព្រះនរោត្តមសីហនុ ព្រះមហាវីរក្សត្រ ឯកភាពជាតិខ្មែរ ព្រះបរមរតនកោដ្ឋ

នៅព្រឹកថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៥ រដ្ឋបាលខេត្តកំពង់ចាម បានប្រារព្ធពិធីគោរពវិញ្ញាណក្ខន្ធ ព្រះករុណា ព្រះបាទសម្តេច ព្រះនរោត្តមសីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតា ឯករាជ្យបូរណភាពទឹកដី និងឯកភាពជាតិខ្មែរ ព្រះបរមរតនកោដ្ឋ ក្រោមអធិបតីភាព ឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម និងដោយមានការនិមន្តអញ្ជើញចូលរួមពីព្រះមេគណខេត្ត ព្រះមន្ត្រីសង្ឃខេត្ត សមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត កងកម្លាំងប្រដាប់អាវុធទាំងបី លោក លោកស្រី ប្រធានមន្ទីរអង្គភាពជុំវិញខេត្ត និងមន្ត្រីរាជការជាច្រើនរូប។

ក្នុងឱកាសនោះ ឯកឧត្ដម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម ក៏បានរំលឹក អំពីស្នាព្រះហស្ថ របស់ព្រះអង្គ ដែលនៅគង់ព្រះជន្ម ដើម្បីប្រគេនជូនដល់ព្រះថេរានុថេរៈគ្រប់ព្រះអង្គ និងអង្គពិធីជ្រាបចាប់តាំងពីឆ្នាំ១៩៤៧ រៀងមក ជាពិសេស ការ រំលឹកអំពីសមិទ្ធផលធំៗ នៅតាមបណ្តាខេត្ត ក្រុងនានា ជាច្រើនឥតគណនា ត្រូវបានស្ថាបនា និងកសាងឡើងក្នុងសម័យព្រះអង្គគ្រប់គ្រងដឹកនាំប្រទេសកម្ពុជា ។ ព្រះករុណា ព្រះបាទសម្តេចព្រះនរោត្តម សីហនុ ក្នុងសម័យសង្គមរាស្រ្តខ្មែរបានថ្វាយ ព្រះនាមព្រះអង្គថាជា ព្រះបិតាឯករាជ្យជាតិ ព្រះបិតាសិក្សាធិការជាតិ ព្រះបិតាសុខាភិបាលជាតិ ព្រះបិតាកីឡាជាតិ ព្រះបិតាស្ថាបនាជាតិ។ នៅឆ្នាំ១៩៥៥ ក្រោមព្រះរាជកិច្ចដឹកនាំរបស់ព្រះករុណាព្រះបាទសម្តេចព្រះ នរោត្តម សីហនុ ប្រទេសកម្ពុជាបានចូលជាសមាជិកអង្គការសហប្រជាជាតិ។

ការចូលទីវង្គត់ របស់ព្រះបរមរតនកោដ្ឋ គឺជាការបាត់វីរៈមហាក្សត្រមួយអង្គ ដ៏ឆ្នើមបំផុតរបស់ព្រះរាជាណាចក្រកម្ពុជា ដែលជាព្រះបិតាឯករាជ្យជាតិ ដែលក្នុងមួយព្រះជន្មរបស់ព្រះអង្គ បានបូជាព្រះកាយពល ព្រះបញ្ញាញាណ ក្នុងព្រះរាជ សកម្មភាព ដើម្បីបុព្វហេតុ ឯករាជជាតិ បូរណភាពទឹកដី ផ្សះផ្សាជាតិ បង្រួបបង្រួមជាតិ និងការអភិវឌ្ឍលើគ្រប់វិស័យ ដើម្បីជាការតបស្នងនូវព្រះមហាករុណាទិគុណ និងព្រហ្មវិហារធម៌ ដ៏ថ្លៃថ្លាឧត្តុង្គឧត្តម វិសេសវិសាលរបស់ព្រះអង្គ។

គួររំលឹកដែរថា ព្រះករុណា ព្រះបាទសម្តេច ព្រះនរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតា ឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ “ព្រះបរមរតនកោដ្ឋ” ព្រះអង្គបានប្រសូតនៅថ្ងៃទី៣១ ខែតុលា ឆ្នាំ១៩២២ និងបានយាងចូលព្រះទិវង្គត កាលពីថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១២ ក្នុងព្រះជន្មាយុ ៩០ព្រះវស្សា នាទីក្រុងប៉េកាំង៕

img 20251015 114722 625 img 20251015 114722 501 img 20251015 114722 719 img 20251015 114723 196 img 20251015 114722 947 img 20251015 114723 309 img 20251015 114723 307 img 20251015 114722 506

Scroll to Top