ឯកឧត្តម វ៉ាហេង ដាវុធ រដ្ឋលេខាធិការក្រសួងទេសចរណ៍ និងឯកឧត្តម គន់ សុភា អភិបាលរងខេត្ត តំណាងឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម អញ្ជើញដឹកនាំ កិច្ចប្រជុំបច្ចេកទេសក្នុងការត្រៀមរៀបចំព្រឹត្តិការណ៍ អបអរទិវាដើរពិភពលោក (World Walking Day) ក្រោមប្រធានបទ៖ ដើរដើម្បីសន្តិភាព (Walk For Peace) នៅខេត្តកំពង់ចាម ដែលនឹងប្រព្រឹត្តិទៅ ថ្ងៃទី០៥ ខែតុលា ឆ្នាំ២០២៥ ខាងមុខនេះ។
កិច្ចប្រជុំនេះធ្វើឡើងនៅសាលប្រជុំសាលាខេត្តកំពង់ចាម នារសៀលថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៥ ដោយមានការអញ្ជើញចូលរួមពី លោក លោកស្រី នាយក នាយករងរដ្ឋបាលសាលាខេត្ត និងតំណាងមន្ទីរ អង្គភាពពាក់ព័ន្ធជាច្រើននាក់ទៀតផងដែរ។
រដ្ឋលេខាធិការក្រសួងទេសចរណ៍ បានបញ្ជាក់ថា ការរៀបចំ អបអរទិវាដើរពិភពលោក បងប្អូនប្រជាពលរដ្ឋ អាចចូលរួមបានទាំងអស់គ្នា ដោយព្រឹត្តិការណ៍នេះ បើកចំហរសម្រាប់ មនុស្សគ្រប់វ័យ គ្រប់វិស័យ និងគ្រប់ភេទ។ ព្រោះកម្មវិធីនេះ មិនត្រឹមតែជាព្រឹត្តិការណ៍សាមញ្ញនោះទេ វាក៏ជាចលករដ៏មានតម្លៃខ្លាំង ណាស់សម្រាប់យើងទាំងអស់គ្នា ដោយបានបង្ហាញពីចលនារួមគ្នាក្នុងស្មារតីតែមួយ រួមគ្នាស្មារតីកីឡា សម្រាប់យើងទាំងអស់ ដើម្បីពិភពលោកមានសន្តិភាព។
ឯកឧត្តម គន់ សុភា អភិបាលរងខេត្តកំពង់ចាម បានឲ្យដឹងថា ការរៀបចំព្រឹត្តិការណ៍ទិវាដើរពិភពលោក ប្រធានបទ៖ ដើរដើម្បីសន្តិភាព (ចាប់ផ្តើមពីវិមានឯករាជ្យ កាត់តាមរង្វង់មូល៧មករា និង សួនសម្តេចឧត្តមទេពញ្ញាណ វង់តាមក្រោយសាលាខេត្ត បត់តាមរង្វង់មូលកាណាឌីយ៉ា ឆ្ពោះទៅវេទិកា អ៊ុំទូក បកមករង្វង់មូលកាណាឌីយ៉ា វង់តាមមុខសាលាខេត្ត ត្រឡប់មកបញ្ចប់នៅវិមានឯករាជ្យវិញ។
ឯកឧត្តម អភិបាលរងខេត្ត បានបន្តថា ដើម្បីបង្កបរិយាកាសសប្បាយរីករាយ ជូនប្រជាពលរដ្ឋដែលចូលរួមក្នុងសកម្មភាពដើរ ប្រកបដោយសុខសុវត្ថិភាព រដ្ឋបាលខេត្តកំពង់ចាម បានរៀបចំកិច្ចការមួយចំនួនដូចជា៖ តុបតែងលម្អវេទិកាកម្មវិធី លើកបដាពាក្យស្លោក ទង់ជាតិ ទង់សាសនា និងទង់ព្រះ មហាក្សត្រនៅតាមផ្លូវដែលបានគ្រោងទុក , រៀបចំសម្អាតផ្លូវ គូសគំនូសតម្រាយផ្លូវសម្រាប់អ្នកចូលរួមព្រឹត្តិការណ៍ដើរ ,និង ការពាររក្សាសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់សង្គម អនាម័យ និងជួយសម្រួលចរាចរណ៍តាមផ្លូវដែលបានគ្រោងទុក , ព្រមទាំងរៀបចំក្រុមគ្រូពេទ្យ និងរថយន្តសង្គ្រោះប្រចាំការនៅតាមគោលដៅ ដែលបានកំណត់ក្នុងផែនទីបង្ហាញផ្លូវ ដើម្បីការពារបញ្ហាកើតឡើងជា យថាហេតុ៕


