ទីស្តីការក្រសួងមហាផ្ទៃ៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី១១ ខែកញ្ញា ឆ្នាំ២០២៥ លោកជំទាវ អុង សុភាវី អនុប្រធាន ក ជ ក ស និងជា រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ បានអញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យលេីសេចក្តីព្រាងរបាយការណ៍វឌ្ឍនភាព ស្តីពី ផែនការសកម្មភាពឆ្នាំ២០២០-២០២៣/២៤ ឆ្លើយតបសេចក្តីសន្និដ្ឋាន ៥៧ចំណុចរបស់គណៈកម្មាធិការលុបបំបាត់ការរើសអើងប្រឆាំងនឹងនារីភេទ (CEDAW)នៃអង្គការសហប្រជាជាតិ ដោយមានការអញ្ជេីញចូលរួមពី លោកជំទាវ ជាក្រុមការងារយេនឌ័រ នៃអគ្គលេខាធិការដ្ឋានគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពេីជួញដូរមនុស្ស (គ.ជ.ប.ជ) អគ្គនាយកដ្ឋានពន្ធនាគារ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ អគ្គនាយកដ្ឋានភស្ភុភារ និងហរិញ្ញវត្ថុ អគ្គស្នងការរដ្ឋាននគរបាលជាតិ អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម សាលាជាតិរដ្ឋបាលមូលដ្ឋាន និងលោក លោកស្រី តំណាង អគ្គនាយកដ្ឋាន ចំណុះក្រសួងមហាផ្ទៃ សរុបចំនួន ១៩រូប ក្នុងនោះមាន ស្រ្តី ១៥រូប និង បុរស ៤រូប។
ជាកិច្ចចាប់ផ្តេីមនៃកិច្ចប្រជុំនេះដែរ លោកជំទាវ រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ និងសូមស្វាគមន៍យ៉ាងកក់ក្តៅចំពោះវត្តមាន របស់លោកជំទាវ អស់លោក លោកស្រីទាំងអស់ ដែលបានឆ្លៀតពេលវេលាដ៏មមាញឹក ដើម្បីចូលរួមនៅក្នុងកិច្ចប្រជុំនាពេលនេះ។
សូមបញ្ជាក់ផងដែរថា កិច្ចប្រជុំនេះ ធ្វើឡើងក្នុងគោលបំណង ដើម្បីពិនិត្យ និងពិភាក្សាលើខ្លឹមសារសេចក្តីព្រាងរបាយការណ៍ខាងលើ នៅក្នុងចំណុចដែលជាទិន្នន័យលើការងារពាក់ព័ន្ធរបស់ក្រសួងមហាផ្ទៃ មុននឹង ចូលរួមកិច្ចប្រជុំឆ្លងរបាយការណ៍ខាងលើជាមួយក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្រ្តី នៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៥ ខាងមុខនេះ។
ដោយ៖ អគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ


