ខេត្តកំពង់ចាម÷ នៅថ្ងៃសុក្រ ១៣កើត ខែភទ្របទ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៥ នេះលោកបណ្ឌិត សំ ពិសិដ្ឋ អភិបាលនៃគណៈអភិបាលស្រុកចំការលើ និងជាប្រធានសាខាសមាគម សិស្ស និស្សិត បញ្ញវន្តក្មេងវត្ត ខេត្តកំពង់ចាម បានដឹកនាំក្រុមការងារសាខាសមាគមខេត្ត និងអនុសាខាសមាគមស្រុកបាធាយ នាំយកទេយ្យវត្ថុ និងបច្ច័យ ដែលជាមូលនិធិឯកឧត្តម ហ៊ុន ម៉ានិត និងឯកឧត្តម អ៊ុន ចាន់ដា ទៅប្រគេនព្រះគ្រូ នន នីម ព្រះចៅអធិការវត្តសិរីចំប៉ា ភូមិមេព្រីង ឃុំមេព្រីង ស្រុកបាធាយ ខេត្តកំពង់ចាម។
លោកបណ្ឌិត បានបន្តអញ្ជើញដឹកនាំក្រុមការងារសាខាសមាគម សហការជាមួយមន្ទីរសម្រាកព្យាបាលភ្នែក ស្គន់ ចុះពិនិត្យ ពិគ្រោះយោបល់ និងចែកវ៉ែនតា ឱសថភ្នែក ប្រគេន ជូន ព្រះសង្ឃ អាចារ្យ គណៈកម្មការ យាយជី តាជី និងបងប្អូនប្រជាពលរដ្ឋ ស្ថិតនៅក្នុងបរិវេណវត្តសិរីចំប៉ា ឃុំមេព្រីង ស្រុកបាធាយ ខេត្តកំពង់ចាម ។
ក្នុងឱកាសនោះដែរ ព្រះសង្ឃ អាចារ្យ គណៈកម្មការ យាយជី តាជី និងបងប្អូនប្រជាពលរដ្ឋ ដែលបាននិមន្ត និងអញ្ជើញមកពិនិត្យភ្នែក សរុប ២៥២អង្គ/នាក់ ព្រះសង្ឃ ១៥ អង្គ ស្រី ១១០ នាក់ ប្រុស ១២៧ នាក់ ដោយទទួលបានការពិនិត្យព្យាបាលភ្នែកពីលោកវេជ្ជបណ្ឌិត ហួន សំអាត ឯកទេសជំងឺភ្នែក និងជាប្រធានមន្ទីរសម្រាកព្យាបាល ស្គន់ ។
ក្នុងកម្មវិធីនេះ មន្ទីរសម្រាកព្យាបាលភ្នែក ស្គន់ បានផ្តល់ថ្នាំបន្តក់ភ្នែកដល់អ្នកជំងឺ សរុបចំនួន ២៦៥ ដប និងវ៉ែនតាសរុបចំនួន ២៧៥ ដើម។ ក្នុងនោះអ្នកជំងឺដែលពិនិត្យឃើញមានជំងឺភ្នែកឡើងបាយសរុបចំនួន ១២០ អង្គ/នាក់ ព្រះសង្ឃ ៥ អង្គ ស្រី ៦០ នាក់ ប្រុស ៥៥ នាក់ និងត្រូវណាត់ទៅបូមបាយភ្នែកដោយឥតគិតថ្លៃ នៅមន្ទីរសម្រាកព្យាបាលស្គន់ ស្រុកជើងព្រៃ ខេត្តកំពង់ចាម និងក្រុងសួង ខេត្តត្បូងឃ្មុំ៕


