ខេត្តកណ្ដាល៖ ប្រជាពលរដ្ឋដែលធ្វើដំណើរឆ្លងកាត់ ផ្លូវតាមសង្កាត់ព្រែកអំពិល ក្រុងអរិយក្សត្របានរអ៊ូរទាំថា ស្ថានភាពផ្លូវនៅរដូវវស្សានេះ មានខូចខាតជាច្រើនកន្លែងពិបាកធ្វើដំណើរខ្លាំងណាស់ ហើយមិនឃើញមានការជួសជុលសម្រួលឲ្យងាយស្រួល ធ្វើដំណើរបណ្ដោះអាសន្ននោះឡើយ។ ស្ថានភាពផ្លូវបែបនេះ បង្កឲ្យមានគ្រោះថ្នាក់ចរាចរណ៍ចេញញឹកញាប់ ហើយគ្រោះថ្នាក់សម្រាប់តែប្រជាពលរដ្ឋជិះម៉ូតូ ដែលងាយរងគ្រោះប៉ុណ្ណោះ ប៉ុន្តែថ្នាក់ដឹកនាំដែលជិះរថយន្ត មិនគ្រោះថ្នាក់ទេ,គ្រាន់តែរលាក់បន្តិច។
ជាក់ស្ដែងផ្លូវដែលរងការខូចខាត គ្រលុកសំបុកមាន់ដូចរន្ធបាយខុំនៅមុខផ្សារព្រែកក្របៅ សង្កាត់ព្រែកអំពិល ក្រុងអរិយក្សត្រ បង្កគ្រោះថ្នាក់ជាញឹកញាប់ដល់អ្នកធ្វើដំណើរតាមម៉ូតូ។ បើទោះជាយ៉ាងណាក៏ដោយ អាជ្ញាធរនៅទីនោះ លើកមេដៃកោតសរសើរចំពោះការប្រុង ប្រយ័ត្នរបស់ប្រជាពលរដ្ឋ ដែលជិះម៉ូតូឆ្លងកាត់មុខផ្សារនោះ ដែលមិនបណ្ដាលឲ្យបាត់បង់ជីវិត ទោះជាមានគ្រោះថ្នាក់យ៉ាងណាក៏ដោយ ពោលគឺត្រឹមរលាត់ក្រឡិតដៃជើងទេ ដែលអ្នកខ្លះត្រូវទៅពេទ្យ និងអ្នកខ្លះត្រឹមតែលាបប្រេងកូឡាគឺអាចជាសះស្បើយហើយ។
ប្រជាពលរដ្ឋដែលធ្វើដំណើរ នៅចំណុចខាងលើបន្តហូរ ហែដល់ឃុំកោះរះ ស្រុកល្វាឯម និយាយថា ផ្លូវ១ខ្សែនេះរងការខូចខាតយ៉ាងខ្លាំង ហើយក៏មិនទាន់ឃើញអាជ្ញាធរមានសមត្ថកិច្ច ជួសជុលជាបណ្ដោះអាសន្នអ្វីដែរ។ អ្នក ធ្វើដំណើរ ដែលដួលរលាត់ដៃជើង មិនមែនដោយសារប្រើល្បឿនលឿននោះទេ។ ប៉ុន្តែគឺដោយសារ តែផ្លូវជង្ហុកស្មានមិនដល់ នៅពេលមានទឹកដក់ចេះតែប្រថុយធ្វើដំណើរក៏ធ្លាក់ចូលជង្ហុកជ្រៅដួលច្រងាប់ច្រងឹលតែម្ដង។
នៅពេលដែលដួលគ្រោះថ្នាក់រលាត់ដៃជើង ក៏បន្ថែមទៅដោយល្បាប់ភក់ប្រឡាក់ស្រម៉ក ក្លាយទៅជារឿងអស់ សំណើចសម្រាប់អស់លោក ជាអាជ្ញាធរដែលជិះរថយន្តសើចសប្បាយទៅវិញ។ អ្នកធំ ជិះរថយន្តសើចចំអកឲ្យប្រជាពលរដ្ឋជិះម៉ូតូដួលថា មានភ្នែកមិនចេះមើល? ឬក៏ថា ជង្ហុកប៉ុណ្ណឹង ក៏ជិះឲ្យដួលដែរ។ ប្រជាពលរដ្ឋអ្នកជិះម៉ូតូគឺចាំតែខុស….?
ផ្លូវ១ខ្សែដែលរងការខូចខាតយ៉ាងខ្លាំង នៅរដូវវស្សានេះ
តែមិនដឹងថា មានផែនការជួសជុលពីស្ថាប័នជំនាញខាងសាធារណការ និងអាជ្ញាធរដែនដីដែរ ឬយ៉ាងណានោះទេ? ។ ប្រជាពលរដ្ឋសង្ឃឹមថា អាជ្ញាធរក៏ដូចជាស្ថាប័នជំនាញ អាចនឹងប្រកាសប្រាប់ប្រជាពលរដ្ឋ ឲ្យទ្រាំលំបាកមួយរដូវវស្សា ជាពិសេសក្នុងឱកាសបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌនាពេលខាងមុខនេះ ឬមួយថា បើមិនចាំបាច់ទេ កុំធ្វើដំណើរឆ្លងកាត់ផ្លូវខាងលើនេះអី ដើម្បីជៀសវាងហានិភ័យ,ប្រឡាក់សំលៀកបំពាក់ទៅវត្តមិនកើត ឬមិនបានបុណ្យកុសល…ជាដើម៕


