ខេត្តពោធិ៍សាត់÷នៅវេលាម៉ោង១០និង២៧ នាទីយប់ថ្ងៃទី ២៩ខែសីហា ឆ្នាំ២០២៥ លើកំណាត់ផ្លូវជាតិលេខ ៥ស្ថិតក្នុងភូមិសាស្ត្រស្រុកក្រគរ ខេត្តពោធិ៍សាត់មានសេចក្តីរាយការណ៍ថា រថយន្តដឹកត្រី១គ្រឿងចេញ ដំណើរពីខេត្តពោធិ៍សាត់សំដៅមកខេត្តកំពង់ឆ្នាំងក៏ជួប ប្រទះសមត្ថកិច្ច នៅលើដងផ្លូវ ឃាត់សួរនាំរកឯកសារផ្សេងៗនិងសុំលុយកាក់។ ប៉ុន្តែទាំងលោកនាយប៉ុស្តិ៍កំពង់លួង ក៏ដូចជាលោកអធិការនគរបាលស្រុកក្រគរបដិសេធចំពោះការលើកឡើងនេះ។
ប្រភពបបានឲ្យដឹងថា រថយន្តទម្ងន់៥តោនដឹកត្រីប្រហែល ១០០គីឡូក្រាមនិងមានកំពឹសផងបានចេញដំណើរពីខេត្តពោធិ៍សាត់សំដៅទៅខេត្តកំពង់ឆ្នាំង។ លុះមកដល់ ភូមិសាស្ត្រឃុំកំពង់លួងក៏ជួបមន្ត្រីនគរបាលហៅសួរនាំរកឯកសារផ្សេងៗ..ដែលនៅក្នុងវីដេអូឃ្លីបបញ្ជាក់ថា គឺជាវិធីទាក់ទាញដើម្បីរកប្រាក់ដែលដំបូងឡើយសុំស្រាបៀរចំនួន២កេស ប្រហែល៣០ដុល្លារនិងចុងក្រោយម្ចាស់រថយន្តដឹកត្រីបានសម្របសម្រួលសូមជូន៥ម៉ឺនរៀលប៉ុន្តែខាងមន្ត្រីនគរបាលមិនទទួលយកឡើយ។
ទីបំផុតមិនមានការចំណាយប្រាក់ចំពោះករណីខាងលើនេះទេ ប៉ុន្តែបានធ្វើឲ្យខូចខាតពេលវេលានិងធ្វើឲ្យអ្នករកស៊ីដឹកជញ្ជូនត្រីមិនសប្បាយចិត្តជាខ្លាំង។ បើតាមប្រភពបានរាយការណ៍ថា មិនមែនមានតែករណីនេះទេដែលអ្នករកស៊ីដឹកជញ្ជូនទំនិញផ្សេងៗតែងតែជួបប្រទះជារឿយៗករណីស្រដៀងគ្នានេះ នៅលើដងផ្លូវជាតិលេខ ៥ ក្នុងភូមិសាស្ត្រខេត្តពោធិ៍សាត់។
លោកហឹល តឹមលាង នាយប៉ុស្តិ៍នគរបាលរដ្ឋបាលកំពុងលួងបានឆ្លើយតបថា លោកបានដើរឆ្លងថ្នល់ដើម្បីដេញសត្វគោដែលដេកនៅលើផ្លូវ ខ្លាចមានគ្រោះថ្នាក់ ហើយត្រឡប់មកវិញក៏ឃើញរថយន្តនោះ ហើយក៏បានសួរនាំមើលឯកសារផ្សេងៗ។ លោកបានសង្កត់ធ្ងន់ថា មិនបានបង្គាប់បញ្ជាដើម្បីទារប្រាក់ពីអ្នកបើកបររថយន្តដឹកត្រីនោះឡើយ។
លោក មោក ភារម្យ អធិការនគរបាលនគរបាលស្រុកក្រគរបានឲ្យដឹងថា លោកបានបញ្ជាឲ្យលោកមេប៉ុស្តិ៍ឃាត់រថយន្តដឹកត្រីនោះ ព្រោះស្ថិតនៅក្នុងរង្វង់ល្បាតរបស់សមត្ថកិច្ច,គេសួរនាំយ៉ាងដូច្នេះហើយ។ លោកបានសង្កត់ធ្ងន់ថា”ខាងរថយន្តនោះក៏ឈ្លើយណាស់ដែរ”ប៉ុន្តែយើងបានអប់រំណែនាំហើយឲ្យគាត់ត្រឡប់ទៅវិញ៕


