ខេត្តកំពង់ចាម៖ ដីព្រៃបឹងកម្មសិទ្ធិរបស់រដ្ឋនៅក្នុងឃុំផ្ទះកណ្ដាល ស្រុកស្រីសន្ធរត្រូវគេជីកកកាយចាក់ដីក្រវាត់ព័ទ្ធប៉ុនប៉ងធ្វើជាកម្មសិទ្ធិ ដោយដំបូងឡើយរដ្ឋបាលស្រុកស្រីសន្ធរ ក៏ ដូចជាឃុំផ្ទះកណ្ដាលឆ្លើយថា មិនដឹងរឿងនេះទេពីព្រោះផ្ទៃបឹងទួលសំបូរមហាធំល្វឹងល្វើយ។ បន្ទាប់ពីការស្រាវ ជ្រាវបែកញែកជោគខ្នង,រដ្ឋបាលស្រុកស្រីសន្ធរ ទទួល ស្គាល់ថា ពិតជាមានរឿងដូចអ្នកកាសែតផ្សាយនោះមែន។ នេះបានកាសែតផ្សាយ,បើកុំផ្សាយ ដេកចាំអស់ លោកធំៗថ្នាក់ស្រុក,មេឃុំដឹងទៅ?
បន្ទាប់ពីការស្រាវជ្រាវដុតដៃដុតជើងស្ទើរខ្លោច នៅល្ងាចជិតព្រលប់ថ្ងៃទី២៥ខែសីហា ឆ្នាំ២០២៥ រដ្ឋបាលស្រុកស្រីសន្ធរបានចេញសេចក្តីប្រកាសព័ត៌មានមួយ ដែលមានខ្លឹមសារថា
ក្រោយពីទទួលបានព័ត៌មាននេះ រដ្ឋបាលស្រុកស្រីសន្ធរបានចាត់ក្រុមការងារស្រុក អាជ្ញាធរឃុំផ្ទះកណ្តាល សហការជាមួយខណ្ឌរដ្ឋបាលជលផល នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ចាម ចុះពិនិត្យស្រាវ ជ្រាវដល់ទីតាំងផ្ទាល់ បានរកឃើញលទ្ធផលដូចខាងក្រោម៖
ទី១. ពិតជាមានករណីរំលោភចាក់ដីចូលទៅក្នុងបឹង និងជីកអាចម៌ដីពួនជាទួល បម្រុងដាំដំណាំ ធ្វើជា កម្មសិទ្ធិផ្ទាល់ខ្លួនប្រាកដមែន ដោយបុគ្គល២នាក់៖
បុគ្គលទី១ ឈ្មោះ ស្បោង ថន ប្រជាពលរដ្ឋរស់នៅភូមិផ្ទះកណ្តាលលើ ឃុំផ្ទះកណ្តាល បានសារភាពថា ពិតជាបានចាក់ដីទំហំ២៤៨ម៉ែត្រការ៉េ រំលោភចូលក្នុងបឹងទួលសំបូរ ស្ថិតនៅភូមិផ្ទះ កណ្តាលក្រោម ឃុំផ្ទះកណ្តាល ប្រាកដមែន។
– បុគ្គលទី២ ឈ្មោះ គង់ ធឿន ប្រជាពលរដ្ឋរស់នៅភូមិផ្ទះកណ្តាលលើ ឃុំផ្ទះកណ្តាល បានទន្ទ្រាន ដីបឹងទំហំ ១៥ ៦៨៧ម៉ែត្រការ៉េ ស្ថិតនៅចំណុចបឹងទួលសំបូរ ភូមិផ្ទះកណ្តាលក្រោម ដោយជីក យកអាចម៌ដីពួនជាទួល បម្រុងដាំដំណាំ ធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួន។
ទី២.ជាវិធានការរបស់រដ្ឋបាលស្រុកនិងក្រុមការងារបានតម្រូវឱ្យបុគ្គលទាំង២ ធ្វើកិច្ចសន្យាបញ្ឈប់ការ ទន្ទ្រានយកដីរដ្ឋ(ដីបឹង) និងឈប់ចាក់ដីរំលោភចូលក្នុងតំបន់ដីបឹង ព្រមទាំងមិនអនុញ្ញាតឱ្យបន្ត អាស្រ័យផលទៀតទេ បើពុំព្រមអនុវត្តតាមកិច្ចសន្យា នឹងប្រឈមវិធានការផ្លូវច្បាប់ជាធរមាន។
ឆ្លើយតបចំពោះអ្នកកាសែតថា តើនឹងមានវិធានការបន្តយ៉ាងណាចំពោះបុគ្គលទាំងពីររូបនោះ? លោកតឹកសេង សុន្ថន អភិបាលរងស្រុកនិងជាអ្នកនាំពាក្យរដ្ឋបាលស្រុកស្រីសន្ធរបញ្ជាក់យ៉ាងខ្លីមានន័យគ្រប់គ្រាន់ថា”ដូចយើង បញ្ជាក់នៅក្នុងហ្នឹងហើយគឺមិនបន្តឲ្យគាត់អាស្រ័យផលទៀតទេ”។
ករណីនេះធ្វើឲ្យប្រជាពលរដ្ឋ នៅក្នុងមូលដ្ឋានខាងលើមានមន្ទិលមិនអស់ មិនហើយក្នុងចិត្តថា តើដីបឹងនេះធំប៉ុណ្ណាទៅ ដែលអាជ្ញាធរមិនដឹងតាំងពីដើមទី អំពីការជីកកកាយលើកក្រវ៉ាត់ព័ទ្ធជាកម្មសិទ្ធិនោះ? បន្ទាប់ពីការដើរចេញ តើអាចនឹងមានការដើរចូលទៀតឬទេ? មានអ្វីជាការធានាទេបើត្រឹមតែការសន្យានោះ?៕





