ខេត្តកណ្ដាល៖ រូបភាពដ៏ប្លែកភ្នែក និងចម្លែកអារម្មណ៍មួយបានកើតឡើងនៅក្នុងបរិវេណសាលាឃុំគោកត្រប់ ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល នៅពេលដែលរោងការមួយខ្នងត្រូវបានរៀបចំឡើងយ៉ាងអធិកអធម អមដោយសំឡេងតន្ត្រី និងមេក្រូបំពងសំឡេងយ៉ាងកញ្ជ្រោល ចំពេលដែលមន្ត្រីរាជការកំពុងបំពេញការងាររដ្ឋបាល និងផ្តល់សេវាជូនប្រជាពលរដ្ឋជាប្រចាំថ្ងៃ។
ករណីនេះបានបង្កឲ្យមានការចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់មហាជន ដោយសារសាលាឃុំ សង្កាត់ គឺជាស្ថាប័នរដ្ឋបាលសាធារណៈរបស់រដ្ឋ ដែលមានភារកិច្ចបម្រើសេវារដ្ឋបាល និងអត្រានុកូលដ្ឋានជូនប្រជាពលរដ្ឋ។
ការអនុញ្ញាតឲ្យប្រើប្រាស់ទីធ្លាសាលាឃុំធ្វើជាទីតាំងរៀបចំពិធីមង្គលការឯកជន ក្នុងម៉ោង និងថ្ងៃធ្វើការបែបនេះ ត្រូវបានមើលឃើញថាអាចបង្កជាសំឡេងរំខាន និងប៉ះពាល់ដល់ដំណើរការផ្តល់សេវាសាធារណៈ ក៏ដូចជាការចូលមកទទួលសេវារបស់បងប្អូនប្រជាពលរដ្ឋឯទៀត។
ឆ្លើយតបជុំវិញបញ្ហានេះ លោក គង់ បឿន មេឃុំគោកត្រប់ បានបញ្ជាក់នៅព្រឹកថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៦ នេះថា លោកពិតជាបានអនុញ្ញាតឲ្យប្រជាពលរដ្ឋរៀបចំពិធីមង្គលការនៅក្នុងបរិវេណសាលាឃុំពិតប្រាកដមែន ដោយសារមានការស្នើសុំពីពលរដ្ឋជាយូរមកហើយ ហើយលោកក៏មិនបានពិនិត្យមើលប្រតិទិនឲ្យបានច្បាស់លាស់ថាចំថ្ងៃធ្វើការនោះដែរ។
លោកមេឃុំបានបន្ថែមថា ទោះបីជាមានពិធីមង្គលការនៅក្នុងបរិវេណសាលាឃុំក៏ដោយ ប៉ុន្តែទ្វារសាលាឃុំនៅតែបើកបម្រើសេវាជូនប្រជាពលរដ្ឋជាធម្មតា ដោយមិនបានប៉ះពាល់ដល់ដំណើរការចុះឈ្មោះបោះឆ្នោតឡើយ ព្រោះការងារចុះឈ្មោះបោះឆ្នោតត្រូវបានរៀបចំធ្វើនៅតាមភូមិរួចរាល់ហើយ។ លោកបានគូសបញ្ជាក់ថា កន្លងមកការអនុញ្ញាតនេះគឺធ្វើឡើងដោយស្មោះស្ម័គ្រដើម្បីសម្រួលដល់ពលរដ្ឋ ដោយពុំមានការទារប្រាក់កាសអ្វីឡើយ គ្រាន់តែតម្រូវឲ្យម្ចាស់ដើមការបោសសម្អាតទីធ្លាឲ្យស្អាតបាតវិញក្រោយចប់ពិធីប៉ុណ្ណោះ។
ទោះជាយ៉ាងណា ផ្អែកតាមបទដ្ឋានគ្រប់គ្រងរដ្ឋបាល និងការគ្រប់គ្រងទ្រព្យសម្បត្តិសាធារណៈរបស់រដ្ឋ ទីធ្លាសាលាឃុំជាសម្បត្តិសាធារណៈដែលត្រូវបម្រើឲ្យផលប្រយោជន៍រួម។ ការយកទីតាំងរដ្ឋបាលទៅប្រើប្រាស់ក្នុងពិធីផ្ទាល់ខ្លួនចំថ្ងៃធ្វើការ អាចបង្កការកកស្ទះ និងរំខានដល់ការងាររដ្ឋបាល ដែលជាទូទៅត្រូវបានចាត់ទុកថាខុសពីគោលការណ៍រដ្ឋបាលសាធារណៈ លើកលែងតែពិធីនោះធ្វើឡើងចំថ្ងៃឈប់សម្រាកចុងសប្តាហ៍ ឬថ្ងៃបុណ្យជាតិ។
ករណីនេះបណ្ដាលឱ្យ មានការងឿងឆ្ងលនៅក្នុងចិត្តមហាជន និងពលរដ្ឋក្នុងមូលដ្ឋានថា៖
តើនៅក្នុងឃុំគោកត្រប់ទាំងមូល ពិតជាគ្មានទីធ្លាសាសនា ទីធ្លាសាធារណៈ ឬទីតាំងសមរម្យផ្សេងទៀត សម្រាប់ឲ្យប្រជាពលរដ្ឋអាស្រ័យផលរៀបចំពិធីមង្គលការ ក្រៅពីយកទីធ្លាសាលាឃុំមកប្រើប្រាស់ចំថ្ងៃធ្វើការបែបនេះទេឬ?
តើលោកអភិបាលស្រុកកណ្ដាលស្ទឹង ក្រោយពីទទួលបានព័ត៌មានជុំវិញករណីនេះហើយ តើនឹងមានចំណាត់ការ ឬណែនាំតម្រង់ទិសផ្នែករដ្ឋបាលយ៉ាងដូចម្តេច ដើម្បីធានាបាននូវប្រសិទ្ធភាពនៃការផ្តល់សេវាសាធារណៈ និងរក្សាសណ្តាប់ធ្នាប់រដ្ឋបាលឲ្យបានត្រឹមត្រូវទៅថ្ងៃមុខ?
សាធារណជនកំពុងរង់ចាំមើលចំណាត់ការ និងការបកស្រាយបន្ថែមពីអាជ្ញាធរថ្នាក់ស្រុក ដើម្បីឲ្យការបម្រើសេវាជូនប្រជាពលរដ្ឋប្រព្រឹត្តទៅដោយរលូន និងស្របតាមបទដ្ឋានច្បាប់កំណត់៕


