ខេត្តតាកែវ៖ មន្ត្រីមូលដ្ឋាន ៣ រូប រួមជាមួយអ្នកពាក់ព័ន្ធ ២ រូបផ្សេងទៀត នៅក្នុងស្រុកគីរីវង់ ត្រូវបានកម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ នៃក្រសួងមហាផ្ទៃ សហការជាមួយស្នងការដ្ឋាននគរបាលខេត្តតាកែវ ធ្វើការឃាត់ខ្លួនកាលពីព្រឹកថ្ងៃសុក្រ ទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៦ នេះ និងបានបញ្ជូនខ្លួនទៅកាន់អយ្យការអមសាលាដំបូងខេត្តតាកែវ ដើម្បីចាត់ការតាមនីតិវិធីច្បាប់ ពាក់ព័ន្ធករណីក្លែងបន្លំឯកសារសាធារណៈ។
ប្រភពព័ត៌មានពីសមត្ថកិច្ចខេត្តតាកែវ បានឱ្យដឹងថា ជនសង្ស័យទាំង ៥ រូប ដែលត្រូវកម្លាំងសមត្ថកិច្ចឃាត់ខ្លួន រួមមាន៖ នាយនគរបាលរដ្ឋបាលប៉ុស្តិ៍ឃុំសោម មេភូមិ (ជាអតីតមេឃុំសោម) ស្មៀនឃុំសោម និងអ្នកពាក់ព័ន្ធចំនួន ២ រូបទៀត។
ពាក់ព័ន្ធនឹងព្រឹត្តិការណ៍នេះ លោក ងួន ឌីណា អភិបាលស្រុកគីរីវង់ បានបញ្ជាក់ប្រាប់អ្នកសារព័ត៌មានទទួលស្គាល់ថា ពិតជាមានករណីក្រុមការងារក្រសួងមហាផ្ទៃ ចុះសហការជាមួយស្នងការដ្ឋាននគរបាលខេត្ត ដើម្បីឃាត់ខ្លួនស្មៀនឃុំ និងនាយប៉ុស្តិ៍ឃុំសោម ប្រាកដមែន។ លោកបានបន្ថែមថា «ពាក់ព័ន្ធនឹងអង្គហេតុលម្អិត រដ្ឋបាលស្រុកមិនទាន់បានដឹងច្បាស់នៅឡើយទេ ដោយសារជាប្រតិបត្តិការផ្ទាល់ពីថ្នាក់ក្រសួង។ ប៉ុន្តែផ្អែកតាមព័ត៌មានបឋម ពួកគាត់ត្រូវបានបញ្ជូនទៅកាន់តុលាការរួចរាល់ហើយកាលពីព្រឹកមិញ»។
ជាមួយគ្នានេះដែរ លោក ឯក ឆេងហ៊ួត ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តតាកែវ បានថ្លែងប្រាប់អ្នកសារព័ត៌មានថា បច្ចុប្បន្នជនសង្ស័យទាំង ៥ រូប កំពុងស្ថិតក្រោមការសាកសួរនៅអយ្យការអមសាលាដំបូងខេត្ត ពាក់ព័ន្ធនឹងបទល្មើស «ធ្វើអត្តសញ្ញាណបណ្ណ និងសំបុត្រកំណើតក្លែងក្លាយជូនជនបរទេស»។ ចំពោះវិធានការផ្លូវច្បាប់ បទចោទប្រកាន់ ឬការសម្រេចឃុំខ្លួនបណ្តោះអាសន្ន នឹងត្រូវធ្វើឡើងបន្ទាប់ពីដំណើរការសាកសួរត្រូវបានបញ្ចប់ជាស្ថាពរ៕


