ខេត្តកណ្តាល៖ ត្រឹមតែរយៈពេលខ្លីប៉ុណ្ណោះ ក្រោយពីសំណង់រឹងខុសច្បាប់ត្រូវបានកម្លាំងសមត្ថកិច្ចចុះវាយកំទេចចោលដើម្បីរក្សាទស្សនីយភាព និងសណ្តាប់ធ្នាប់សាធារណៈ ពេលនេះទីតាំងដដែលស្ថិតនៅតាមបណ្ដោយផ្លូវជាតិលេខ42 ភូមិត្នោតម្តើម ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល ត្រូវបានគេលួចសាងសង់ជាថ្មីឡើងវិញយ៉ាងរលូន ដោយគ្មានក្រដាសស្នាម ឬច្បាប់អនុញ្ញាតត្រឹមត្រូវពីស្ថាប័នជំនាញឡើយ។ អ្វីដែលកាន់តែស្រពិចស្រពិល និងបង្កការខកចិត្តដល់មជ្ឈដ្ឋានទូទៅ គឺម្ចាស់សំណង់រឹងល្មើសច្បាប់នេះ គឺជាបុគ្គលដែលមានតួនាទីជា មេឃុំបែកចាន ផ្ទាល់ គឺលោក សុិន សំអាង ដែលត្រូវជាអ្នកកាន់អំណាចមូលដ្ឋាន តែបែរជាមេក្លោងប្រព្រឹត្តផ្ទាល់ក្នុងការរំលោភបំពានច្បាប់ស្តីពីផ្លូវថ្នល់ និងច្បាប់ស្តីពីសំណង់ទៅវិញ។
ក្រោយពេលទទួលបានព័ត៌មានពីប្រភពច្បាស់ការណ៍ ក្រុមអ្នកសារព័ត៌មានបានទំនាក់ទំនងសុំការបំភ្លឺទៅកាន់លោក សុិន សំអាង មេឃុំបែកចាន តាមរយៈប្រព័ន្ធតេឡេក្រាម។ ជាការឆ្លើយតប មេឃុំរូបនេះមិនត្រឹមតែមិនបានបង្ហាញវិប្បដិសារីប៉ុណ្ណោះទេ ថែមទាំងបានលើកហេតុផលគេចវេស និងអះអាងយ៉ាងងាយថា «អូ! សាងសង់វិញដោយមានការអនុញ្ញាតពីលោកអភិបាលស្រុក ពីដែនដីលោករស់ រ៉ុម… ឥឡូវខ្ញុំសាងសង់នៅលើដីរបស់ខ្ញុំ… ខ្ញុំធ្វើដោយការយល់ព្រមឲ្យវ៉ៃចោលពីរម៉ែត្រ… ឥឡូវខ្ញុំធ្វើត្រឹមដីខ្ញុំ ខុសអីទៅទៀត?»
ទោះបីជាយ៉ាងណាក៏ដោយ នៅពេលដែលអ្នកសារព័ត៌មានស្នើសុំបង្ហាញលិខិតអនុញ្ញាតផ្លូវការ លោកមេឃុំរូបនេះមិនអាចបង្ហាញសាច់ការណ៍ ឬឯកសារណាមួយមកបង្ហាញបានឡើយ ដោយគ្រាន់តែប្រាប់ថានឹងផ្ញើជូនតាមតេឡេក្រាម តែស្ងាត់ឈឹង។
ចំណែកឯលោក នូ សុវណ្ណារិទ្ធ អភិបាលនៃគណៈអភិបាលស្រុកអង្គស្នួល នៅពេលត្រូវបានអ្នកសារព័ត៌មានសាកសួរតាមរយៈទូរសព្ទដំបូង បានបង្ហាញភាពមិនដឹងឮ និងឆ្លើយយ៉ាងប្រញាប់ប្រញាល់ថា «ខ្ញុំមិនបានស៊ីញ៉េទេ ចាំមើលខ្ញុំឆែកមើលជំនាញអោយច្បាស់មើល ដូចជាមិនបានអនុញ្ញាតឱ្យទៅសាងសង់នៅលើចំណីផ្លូវអញ្ចឹងទេ…» មុនពេលដែលលោកបានបញ្ជូនបន្តឱ្យទាក់ទងទៅកាន់ប្រធានការិយាល័យជំនាញរៀបចំដែនដី។
ក្រោយពីមានការរាយការណ៍ និងចាត់ចែងពីថ្នាក់ដឹកនាំស្រុក ក្រុមអ្នកសារព័ត៌មានរួមជាមួយការបញ្ជាក់ពីមន្ត្រីរៀបចំដែនដីស្រុកអង្គស្នួល (តាមរយៈលេខទូរសព្ទ 087262888) បានទម្លាយការពិតថា «ខ្ញុំឃើញហើយ ល្ងាចមិញនេះបានឱ្យក្រុមការងារចុះទៅពិនិត្យមើលហើយ ពិនិត្យមើលទៅឃើញថា ទីមួយគឺគាត់អត់មានសុំច្បាប់ទេ មួយទៀតគឺការសាងសង់ហ្នឹងវាមិនត្រូវតាមគំលាតនគរូបនីយកម្ម ហើយអញ្ចឹងការសាងសង់ថ្មីម្ដងទៀតហ្នឹង ក្រុមការងារបានដាក់កំណត់ហេតុ ផ្អាកគាត់ហើយ…»។
បន្ថែមពីលើនេះ សូម្បីតែកូនប្រុសរបស់លោកមេឃុំបែកចាន ដែលបានចេញមុខមកស្ទាក់ផ្លូវ និងអះអាងថាជាម្ចាស់ទីតាំងសំណង់ខាងលើ ក៏បានសារភាពដោយអចេតនាថា «ទីតាំងហ្នឹងអត់មានលិខិតអនុញ្ញាតទេ តែលោកបានសុំទៅខាងលើរួចហើយ» ដែលនេះជារបៀបនិយាយបិទបាំងកំហុស និងបង្ហាញឱ្យឃើញច្បាស់ពីការរៀបចំផែនការទន្ទ្រានយកដីចំណីផ្លូវសាធារណៈយ៉ាងរលូន។
ពលរដ្ឋក្នុងមូលដ្ឋានបានលើកឡើងថា សកម្មភាពសាងសង់សំណង់រឹងដោយគ្មានលិខិតអនុញ្ញាត និងរំលោភលើដីចំណីផ្លូវសាធារណៈដោយមន្ត្រីកម្រិតមូលដ្ឋានដូចជា លោក សុិន សំអាង មេឃុំបែកចាន គឺជារូបភាពដ៏អាក្រក់មួយដែលធ្វើឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់កិត្យានុភាពនៃស្ថាប័នរដ្ឋ និងជាគំរូអាក្រក់នាំឱ្យប្រជាពលរដ្ឋទូទៅបាត់បង់ជំនឿទុកចិត្តលើការអនុវត្តច្បាប់។ ក្នុងនាមជាអាជ្ញាធរដែនដី ជាអ្នកត្រូវការពារ និងអនុវត្តច្បាប់ ផ្ទុយទៅវិញលោកមេឃុំបែរជាមកប្រើប្រាស់តួនាទី និងអំណាចរបស់ខ្លួនដើម្បីបំពានច្បាប់ទៅវិញ។
មជ្ឈដ្ឋានទូទៅ ក៏ដូចជាប្រជាពលរដ្ឋរស់នៅស្រុកអង្គស្នួល កំពុងចាំមើលចំណាត់ការយ៉ាងម៉ឺងម៉ាត់ពីសំណាក់ ឯកឧត្តមគួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តកណ្តាល ក៏ដូចជាក្រសួងស្ថាប័នពាក់ព័ន្ធ ថាតើនឹងមានវិធានការយ៉ាងណាចំពោះលោក សុិន សំអាង មេឃុំបែកចាន និងលោក នូ សុវណ្ណារិទ្ធ អភិបាលស្រុកអង្គស្នួល ដែលត្រូវបានសង្ស័យថាមានការពាក់ព័ន្ធ និងការខ្វះការយកចិត្តទុកដាក់ក្នុងការត្រួតពិនិត្យ បណ្តោយឱ្យមន្ត្រីក្រោមឱវាទហ៊ានប្រព្រឹត្តិអំពើល្មើសច្បាប់យ៉ាងរំភើយបែបនេះ? តើច្បាប់នៅប្រទេសកម្ពុជាអាចយកមកអនុវត្តស្មើភាពគ្នាចំពោះបុគ្គលមានអំណាច ឬទុកឱ្យមន្ត្រីខិលខូចទាំងនេះបន្តជាន់ឈ្លីលើសេចក្តីត្រូវ និងផលប្រយោជន៍សាធារណៈតទៅទៀត?៕




