ស្នងការដ្ឋាននគរបាលខេត្តតាកែវ ជំរុញការផ្សព្វផ្សាយច្បាប់ចរាចរណ៍ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ និងការពារអាយុជីវិតប្រជាពលរដ្ឋ

ស្នងការដ្ឋាននគរបាលខេត្តតាកែវ ជំរុញការផ្សព្វផ្សាយច្បាប់ចរាចរណ៍ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ និងការពារអាយុជីវិតប្រជាពលរដ្ឋ

ខេត្តតាកែវ៖ ថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៦ នេះអនុវត្តតាមអនុសាសន៍ដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ ម៉ែន លី ស្នងការនគរបាលខេត្តតាកែវ និងការណែនាំបន្ថែមពីលោកស្នងការរងទទួលផែនការងារសណ្ដាប់ធ្នាប់ កម្លាំងការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក បានចុះផ្សព្វផ្សាយ អប់រំ និងណែនាំប្រជាពលរដ្ឋអំពីច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក ក្នុងភូមិសាស្ត្រខេត្តតាកែវ ដើម្បីលើកកម្ពស់ការយល់ដឹង និងជំរុញឱ្យអ្នកប្រើប្រាស់ផ្លូវទាំងអស់ចូលរួមគោរពច្បាប់ចរាចរណ៍។

ក្នុងសកម្មភាពផ្សព្វផ្សាយនេះ កម្លាំងនគរបាលបានណែនាំដល់អ្នកបើកបរម៉ូតូ ត្រូវពាក់មួកសុវត្ថិភាព និងបំពាក់កញ្ចក់មើលក្រោយឱ្យបានត្រឹមត្រូវ។ ចំពោះអ្នកបើកបររថយន្ត ត្រូវពាក់ខ្សែក្រវ៉ាត់សុវត្ថិភាព និងមិនត្រូវប្រើប្រាស់ទូរសព្ទក្នុងពេលកំពុងបើកបរ ព្រមទាំងត្រូវគោរពផ្លាកសញ្ញា ភ្លើងសញ្ញាចរាចរណ៍ និងសិទ្ធិអាទិភាពតាមដងផ្លូវ។

ជាមួយគ្នានេះ អ្នកបើកបរត្រូវចៀសវាងការបើកបរបញ្ច្រាសទិសចរាចរណ៍ ហាមដឹកជញ្ជូនទំនិញលើសលក្ខណៈបច្ចេកទេស ឬសំពីងសំពោងដែលអាចបង្កគ្រោះថ្នាក់ដល់អ្នកដទៃ។ មុនពេលធ្វើដំណើរ ត្រូវត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្តឱ្យបានច្បាស់លាស់ ដូចជា ប្រព័ន្ធហ្វ្រាំង ភ្លើងស៊ីញ៉ូ ភ្លើងខាងមុខ ខាងក្រោយ និងសំបកកង់ ព្រមទាំងមិនត្រូវកែច្នៃភ្លើងយានយន្តខុសលក្ខណៈបច្ចេកទេស និងដាច់ខាតមិនត្រូវបើកបរក្រោមឥទ្ធិពលគ្រឿងស្រវឹងឡើយ។

ស្នងការដ្ឋាននគរបាលខេត្តតាកែវ ក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ និងអ្នកប្រើប្រាស់ផ្លូវទាំងអស់ សូមចូលរួមគោរពច្បាប់ចរាចរណ៍ និងបើកបរប្រកបដោយការប្រុងប្រយ័ត្ន និងការទទួលខុសត្រូវ ព្រោះការគោរពច្បាប់ចរាចរណ៍ មិនត្រឹមតែជាការការពារអាយុជីវិតខ្លួនឯងប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាការការពារសុវត្ថិភាពក្រុមគ្រួសារ និងអ្នកដទៃនៅលើដងផ្លូវផងដែរ៕

 

Scroll to Top