ពលរដ្ឋស្រុកព្រៃកប្បាស ស្នើលោក អធិការ ឡេង ប៊ុនឡុង បើកការស៊ើបអង្កេតប្រធានសហគមន៍ទឹកពីររូប ក្រោយហេតុការណ៍ចោរលួចខួរក្បាលម៉ូទ័រក្នុងថ្ងៃតែមួយ

ពលរដ្ឋស្រុកព្រៃកប្បាស ស្នើលោក អធិការ ឡេង ប៊ុនឡុង បើកការស៊ើបអង្កេតប្រធានសហគមន៍ទឹកពីររូប ក្រោយហេតុការណ៍ចោរលួចខួរក្បាលម៉ូទ័រក្នុងថ្ងៃតែមួយ

ខេត្តតាកែវ៖ ប្រជាពលរដ្ឋ និងសមាជិកសហគមន៍បូមទឹកស្រោចស្រពស្រែស្រូវចំនួនពីរទីតាំងស្ថិតក្នុងស្រុកព្រៃកប្បាស ខេត្តតាកែវ កំពុងដាក់ការសង្ស័យយ៉ាងខ្លាំង និងបានស្នើទទូចដល់ លោក ឡេង ប៊ុនឡុង អធិការនគរបាលស្រុកព្រៃកប្បាស មេត្តាចាត់វិធានការបើកការស៊ើបអង្កេតឱ្យបានហ្មត់ចត់ ជុំវិញករណីចោរលួចខួរក្បាលបញ្ជាម៉ូទ័របូមទឹក ដែលកើតឡើងយ៉ាងចំលែកក្នុងពេលស្រដៀងគ្នានេះ។

ជុំវិញករណីនេះធ្វើអោយពលរដ្ឋមានការសង្ស័យ និងស្នើឱ្យមានការស្រាវជ្រាវជាបន្ទាន់ទៅលើសហគមន៍ទឹកចំនួន០២រួមមាន៖

១. សហគមន៍ទឹកឃុំស្នោ

២. សហគមន៍ទឹកឃុំបានកាម

ប្រភពពីប្រជាពលរដ្ឋបានលើកឡើងថា សហគមន៍បូមទឹកទាំងពីរខាងលើ ត្រូវបានជនសង្ស័យលួចគាស់ផ្ទាំងបញ្ជា ឬខួរក្បាលបញ្ជាម៉ូទ័របូមទឹកក្នុងថ្ងៃតែមួយ និងបាត់បង់ក្នុងទម្រង់ប្រហាក់ប្រហែលគ្នា ដែលធ្វើឱ្យពួកគាត់មានភាពងឿងឆ្ងល់ និងដាក់ការសង្ស័យថា តើប្រធានសហគមន៍ទាំងពីររូបនេះ មានការពាក់ព័ន្ធ ឬដឹងលឺរឿងនេះដែរឬទេ? ហេតុអ្វីបានជាការបាត់បង់កើតឡើងយ៉ាងចំឡែកបែបនេះ?

អ្វីដែលកាន់តែគួរឱ្យកត់សម្គាល់ និងបង្កការមិនពេញចិត្តដល់ប្រជាពលរដ្ឋខ្លាំងឡើងថែមទៀតនោះ គឺករណីនៅ សហគមន៍ទឹកឃុំបានកាម ដែលប្រធានសហគមន៍ឈ្មោះ ភឿក រុន ត្រូវបានគេដឹងថា បានចេញមុខទទួលស្គាល់កំហុស ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយ លោកនៅតែបន្តប្រមូលប្រាក់សន្សំពីប្រជាពលរដ្ឋក្នុងសហគមន៍ ដើម្បីយកមកទិញសម្ភារៈ ឬខួរក្បាលម៉ូទ័រជំនួសមកវិញដដែល។ ទង្វើនេះ បានធ្វើឱ្យប្រជាពលរដ្ឋរិះគន់ និងសង្ស័យថា តើនេះជាល្បែងទម្លាក់កំហុស ឬជាល្បែងស្ពិនភ្នែកប្រជាពលរដ្ឋ ដើម្បីបិទបាំងអំពើខុសឆ្គង ឬភាពមិនប្រក្រតីណាមួយដែរឬទេ?

ប្រជាពលរដ្ឋ និងកសិកររងគ្រោះ បាននិងកំពុងដាក់ការសង្ស័យ និងទាមទារការបកស្រាយថា តើមានអាថ៌កំបាំងអ្វីនៅពីក្រោយខ្នង? ហើយហេតុអ្វីបានជាអាជ្ញាធរមានសមត្ថកិច្ច និងមន្ត្រីមូលដ្ឋានក្នុងស្រុកព្រៃកប្បាស ហាក់ស្ងៀមស្ងាត់ មិនទាន់បើកការស៊ើបអង្កេតជាផ្លូវការដើម្បីស្វែងរកមុខជនខិលខូច និងអ្នកពាក់ព័ន្ធមកផ្ដន្ទាទោសតាមផ្លូវច្បាប់?

ពាក់ព័ន្ធនឹងការលើកឡើង និងភាពរអ៊ូរទាំរបស់ប្រជាពលរដ្ឋខាងលើនេះ មហាជន និងកសិករសង្ឃឹមថា លោក ឡេង ប៊ុនឡុង អធិការនគរបាលស្រុកព្រៃកប្បាស នឹងចាត់មន្ត្រីជំនាញចុះស្រាវជ្រាវ ស៊ើបអង្កេតដោយតម្លាភាព ដើម្បីផ្ដល់ភាពយុត្តិធម៌ និងផ្តល់ភាពកក់ក្ដៅជូនដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន ដែលកំពុងពឹងផ្អែកលើទឹកសម្រាប់បង្កបង្កើនផលស្រែស្រូវ៕

Scroll to Top