ខេត្តកណ្ដាល៖ សេចក្តីរាយការណ៍ និងការរិះគន់ពីប្រជាពលរដ្ឋបាននិងកំពុងផ្ទុះឡើងជុំវិញការដ្ឋានចាក់អាចម៍ដីមួយកន្លែង តាមបណ្ដោយផ្លូវជាតិលេខ ២ ជាប់នឹងស្ថានីយ៍ជញ្ជីងអចល័តថ្លឹងរថយន្ត ក្នុងភូមិជ័យជំនះ ឃុំសៀមរាប ស្រុកកណ្តាលស្ទឹង ដោយសារពួកគាត់មានការសង្ស័យយ៉ាងខ្លាំងលើភាពច្បាស់លាស់នៃការអនុញ្ញាតច្បាប់ ការប៉ះពាល់ប្រឡាយទឹកសាធារណៈ និងភាពមិនប្រក្រតីនៃការដឹកជញ្ជូន។
ពាក់ព័ន្ធនឹងការរិះគន់នេះ ភាគីខាងការដ្ឋានតាមរយៈស្ត្រីម្នាក់ជាអ្នកមើលការខុសត្រូវ បានចេញមុខបំភ្លឺថា ការចាក់ដីនេះ គឺម្ចាស់ដីបានស្នើសុំច្បាប់រួចរាល់ហើយ។ ចំពោះបញ្ហាអាចម៍ដីហៀរធ្លាក់ចូលប្រឡាយ គាត់បានបដិសេធ និងអះអាងថា គ្មានគោលការណ៍ឱ្យលុបប្រឡាយទឹកសាធារណៈនោះទេ។ ចំណែកអាចម៍ដីដែលហៀរគឺបណ្តាលមកពីដីមានជម្រៅជ្រៅ ហើយខាងរថយន្តនឹងយកគ្រឿងចក្រមកកាយ និងសម្អាតចេញវិញក្រោយពេលចាក់រួច។
ទោះបីជាមានការបំភ្លឺពីភាគីការដ្ឋានបែបនេះក្តី ប៉ុន្តែភាពងឿងឆ្ងល់របស់មហាជនកាន់តែខ្លាំងឡើង ពេលបានឮការបកស្រាយពីមន្ត្រីប្រចាំការនៅស្ថានីយជញ្ជីងអចល័តថ្លឹងរថយន្តផ្លូវជាតិលេខ ២ ដែលស្ថិតនៅជាប់កន្លែងកើតហេតុផ្ទាល់។ មន្ត្រីស្ថានីយជញ្ជីងម្នាក់បានប្រាប់ថា រថយន្តដឹកដីទាំងនោះ មិនចាំបាច់ឆ្លងកាត់ការថ្លឹងទម្ងន់ទេ ព្រោះវាជាប្រភេទរថយន្តភ្លៅពីរ។ រឯមន្ត្រីម្នាក់ទៀតបានបន្ថែមថា សម្រាប់រថយន្តដឹកដីប្រភេទនេះ ស្ថានីយមិនតម្រូវឱ្យថ្លឹងឡើយ លើកលែងតែដឹកថ្មទើបហៅចូលថ្លឹង ខណៈក្រុមមន្ត្រីផ្សេងទៀតបានជំរុញឱ្យសួរនាំលោកប្រធានស្ថានីយវិញ។
ភាពខុសគ្នានៃការអនុវត្ត និងការឆ្លើយបំភ្លឺទាំងនេះ បានធ្វើឱ្យប្រជាពលរដ្ឋ និងមហាជនដាក់ជា សំណួរផ្ទុះការសង្ស័យដូចខាងក្រោម៖
១. ប្រជាពលរដ្ឋរិះគន់ថា ហេតុអ្វីបានជាការចាក់អាចម៍ដីនេះមានសភាពហ៊ាហូរ និងរំលោភបំពានដល់ប្រឡាយទឹកសាធារណៈបែបនេះ? តើអាជ្ញាធរឃុំ ស្រុក និងមន្ទីរជំនាញបានចុះពិនិត្យ និងមានវិធានការតឹងរ៉ឹងកម្រិតណា ទើបបណ្តោយឱ្យមានការសង្ស័យថាគ្មានច្បាប់ទម្លាប់ត្រឹមត្រូវបែបនេះ?
២. មហាជនហាក់មិនអស់ចិត្ត និងចោទសួរចំៗថា ហេតុអ្វីបានជារថយន្តដឹកដីខ្នាតធំបើកបរឆ្លងកាត់ជិតស្ថានីយជញ្ជីង ប៉ុន្តែត្រូវបានមន្ត្រីអះអាងថា «រថយន្តភ្លៅពីរមិនបាច់ថ្លឹង» ទៅវិញ? តើមានបទប្បញ្ញត្តិណាមួយដែលលើកលែងឱ្យរថយន្តដឹកដីមិនបាច់ថ្លឹងទម្ងន់ដែរឬទេ? ឬមួយក៏ជាការត្រូវរ៉ូវគ្នា និងមានភាពអសកម្មបិទបាំងពីសំណាក់មន្ត្រីប្រចាំការ ទើបបណ្តោយឱ្យរថយន្តដឹកដីទាំងនោះរួចខ្លួនបែបនេះ?
ជុំវិញការងឿងឆ្ងស់ និងការទាមទាររកការពិតពីសំណាក់ប្រជាពលរដ្ឋនេះ គេនៅពុំទាន់អាចស្វែងរកការបំភ្លឺ ឬការបកស្រាយពី លោក ចាប ច័ន្ទវិទ្យា អភិបាលនៃគណៈអភិបាលស្រុកកណ្តាលស្ទឹង បាននៅឡើយទេ ដោយសារការផ្ញើសារសាកសួរតាមប្រព័ន្ធតេឡេក្រាម ត្រូវបានបង្ហាញថាបានចូលមើលហើយ ប៉ុន្តែពុំមានការឆ្លើយតប។
មហាជន និងប្រជាពលរដ្ឋរង់ចាំអន្ទះសា និងសង្ឃឹមថា ថ្នាក់ដឹកនាំខេត្តកណ្តាល ក៏ដូចជាស្ថាប័នមានសមត្ថកិច្ចពាក់ព័ន្ធ នឹងចុះត្រួតពិនិត្យ និងបំភ្លឺឱ្យបានច្បាស់លាស់ ដើម្បីធានាបាននូវសេចក្តីសុខសាន្ត ការការពារប្រព័ន្ធរំដោះទឹកសាធារណៈ និងការអនុវត្តច្បាប់ដោយស្មើភាពគ្នា៕



