ខេត្តបន្ទាយមានជ័យ៖ បើទោះបីជារាជរដ្ឋាភិបាលកម្ពុជាបានដាក់ចេញនូវបទបញ្ជាយ៉ាងម៉ឺងម៉ាត់ និងបានកំណត់ឱសានវាទបិទបញ្ចប់រាល់សកម្មភាពល្បែងស៊ីសង និងការភ្នាល់តាមប្រព័ន្ធបច្ចេកវិទ្យា (Online Gambling & Online Betting) យ៉ាងណាក្ដី ប៉ុន្តែសេចក្ដីរាយការណ៍ពីមូលដ្ឋានបានទម្លាយឱ្យដឹងថា កាស៊ីណូ «ហ្គោតវើល» ស្ថិតនៅភូមិក្បាលស្ពាន សង្កាត់អូជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ កំពុងដំណើរការយ៉ាងគគគ្រឹកគគ្រេង ដោយមានទាំងល្បែងអនឡាញ និងបៀរគ្រប់ប្រភេទ ផ្ទុយស្រឡះពីគោលនយោបាយជាតិ។
តាមប្រភពព័ត៌មានបានឱ្យដឹងថា នៅពេលដែលក្រុងប៉ោយប៉ែតកំពុងមានភាពស្ងប់ស្ងាត់ និងស្ថិតក្រោមវិធានការបោសសម្អាតយ៉ាងតឹងរ៉ឹងលើបញ្ហាស្គេម និងល្បែងអនឡាញនោះ កាស៊ីណូ «ហ្គោតវើល» បែរជាត្រូវបានគេរាយការណ៍ថា កំពុងបើកដំណើរការយ៉ាងរលូន ដោយមិនញញើតនឹងផ្លូវច្បាប់ឡើយ។ សកម្មភាពនេះបានបង្កជាមន្ទិលសង្ស័យយ៉ាងខ្លាំងអំពីភាពស្របច្បាប់នៃកាស៊ីណូខាងលើ ព្រមទាំងការអនុវត្តច្បាប់ស្ដីពីការងារ ដែលមានសេចក្ដីសង្ស័យថាមានជនបរទេសបម្រើការងារនៅទីនោះដោយខុសលក្ខខណ្ឌផងដែរ។
អ្វីដែលកាន់តែគួរឱ្យកត់សម្គាល់ និងរឹតតែជជែកវែកញែកទៅទៀតនោះ គឺការបណ្ដោយឱ្យមានជនជាតិខ្មែរទាំងប្រុសស្រី មិនថាជាអ្នកមានទ្រព្យធន ឬបុគ្គលរកបានប្រាក់តាមផ្លូវទុច្ចរិតផ្សេងៗ អាចចូលលេងល្បែងស៊ីសងក្នុងកាស៊ីណូនោះយ៉ាងសេរី ដោយគ្មានការរឹតត្បិតត្រឹមត្រូវតាមផ្លូវច្បាប់ឡើយ ដែលចំណុចនេះកំពុងរងការរិះគន់យ៉ាងខ្លាំងពីមហាជន។
គួរបញ្ជាក់ផងដែរថា កន្លងមកលេខាធិការដ្ឋានគណៈកម្មការចំពោះកិច្ចប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (គ.ប.ឆ.ប) បានប្រកាសបិទបញ្ចប់រាល់ប្រតិបត្តិការ និងសកម្មភាពអាជីវកម្មល្បែងស៊ីសងអនឡាញ និងការភ្នាល់តាមប្រព័ន្ធអនឡាញគ្រប់ប្រភេទទាំងក្នុង និងក្រៅបរិវេណកាស៊ីណូនៅទូទាំងប្រទេសរួចហើយ ក្រោយពេលដែលឱសានវាទបានឈានមកដល់កាលពីថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៦ កន្លងទៅ។
ជុំវិញភាពមិនប្រក្រតី និងការបណ្ដោយឱ្យពលរដ្ឋខ្មែរចូលលេងលុយយ៉ាងសេរីនេះ មហាជន និងសង្គមស៊ីវិល កំពុងទទូចអំពាវនាវដល់អាជ្ញាធរ និងសមត្ថកិច្ចពាក់ព័ន្ធថ្នាក់ខេត្តបន្ទាយមានជ័យ ក៏ដូចជាគណៈកម្មការចំពោះកិច្ចថ្នាក់ជាតិ មេត្តាចាត់វិធានការចុះត្រួតពិនិត្យ និងស៊ើបអង្កេតឱ្យបានស៊ីជម្រៅជាបន្ទាន់ ដើម្បីផ្ទៀងផ្ទាត់ភាពស្របច្បាប់ និងចាត់វិធានការតាមផ្លូវច្បាប់យ៉ាងតឹងរ៉ឹងបំផុត ចំពោះកាស៊ីណូណាដែលហ៊ានបំពានបទបញ្ជារបស់រាជរដ្ឋាភិបាល៕


