ខេត្តតាកែវ៖ រហូតមកទល់ពេលនេះ ករណីចោរលួចកាត់ខ្សែភ្លើង និងដុំខួរក្បាលបញ្ជាម៉ូទ័របូមទឹកស្រោចស្រពស្រូវរបស់ប្រជាពលរដ្ឋក្នុងសហគមន៍ឃុំបានកាម ស្រុកព្រៃកប្បាស កំពុងធ្លាក់ក្នុងភាពងឿងឆ្ងល់ និងរិះគន់យ៉ាងខ្លាំង ខណៈប្រធានសហគមន៍ត្រូវបានគេរាយការណ៍ថា បានយកប្រាក់សន្សំរបស់ពលរដ្ឋជិត ៧,០០០ដុល្លារ មកចំណាយដោះស្រាយដោយគ្មានកិច្ចប្រជុំផ្សព្វផ្សាយទូលំទូលាយ។
យោងតាមសម្ដីរបស់ លោក ភឿក រុន ប្រធានសហគមន៍បូមទឹកខាងលើ បានឆ្លើយសារភាពថា ការបាត់បង់ខ្សែភ្លើង និងដុំខួរក្បាលបញ្ជាម៉ូទ័រនេះ គឺជាកំហុសប្រាកដមែន ទោះបីជាស្ថានីយបានដាក់ឆ្មាំការពារ ២៤ម៉ោងលើ២៤ម៉ោងក៏ដោយ។ លោកបានបន្តថា លោកពិតជាបានដកលុយសន្សំរបស់បងប្អូនប្រជាកសិករចំនួនជិត ៧,០០០ដុល្លារពិតមែន ដើម្បីយកទៅចំណាយទិញសម្ភារៈជួសជុលដំណើរការបូមទឹកឡើងវិញ ប៉ុន្តែទន្ទឹមនឹងនេះ លោកក៏គ្មានតម្រុយពីជនសង្ស័យដែលធ្វើសកម្មភាពលួចនោះដែរ។
ផ្ទុយទៅវិញ ប្រជាពលរដ្ឋក្នុងឃុំបានកាមបានសម្ដែងការមិនពេញចិត្តជាខ្លាំង ដោយលើកឡើងថា ការបាត់បង់ទ្រព្យសម្បត្តិសហគមន៍នេះ គឺតម្រូវឱ្យអ្នកគ្រប់គ្រងត្រូវទទួលខុសត្រូវ មិនមែនយកលុយដែលពួកគាត់ខំសន្សំយ៉ាងលំបាកទៅទូទាត់ជំនួសដោយគ្មានមូលដ្ឋានច្បាស់លាស់នោះទេ។ ជាមួយគ្នានេះ ពលរដ្ឋបានស្នើសុំឱ្យ លោក គឹន ភក្តី អភិបាលស្រុកព្រៃកប្បាស ជួយអន្តរាគមន៍ និងរៀបចំឱ្យមានការបោះឆ្នោតជ្រើសរើសប្រធានសហគមន៍ថ្មី ដើម្បីធានាភាពស្អាតស្អំ និងកុំឱ្យមានហេតុការណ៍បែបនេះកើតឡើងជាថ្មីទៀត។
គួររំលឹកផងដែរថា ករណីនេះបានបង្កឱ្យមានភាពចម្រូងចម្រាសកាន់តែខ្លាំង ដោយសារតែមានភាពខុសគ្នាខ្លាំងរវាងការអះអាងពីតម្លៃសម្ភារៈដែលបាត់បង់។ យោងតាមប្រភពពីមន្ត្រីសហគមន៍បានបង្ហើបថា ផ្ទាំងបញ្ជានេះមានតម្លៃរាប់ម៉ឺនដុល្លារ និងត្រូវបញ្ជាទិញពីក្រៅប្រទេស ប៉ុន្តែ លោក ឡុង ណាំង មេឃុំបានកាម និងជាមន្ត្រីសហគមន៍ទឹកបានកាម បានបញ្ជាក់ថា ឧបករណ៍នោះមានតម្លៃត្រឹមតែប្រមាណ ៨លានរៀលប៉ុណ្ណោះ។ បន្ថែមពីនេះ គឺគ្មានការដាក់ពាក្យបណ្តឹងជាផ្លូវការទៅកាន់សមត្ថកិច្ចភ្លាមៗនោះទេ រហូតទាល់តែមានការរិះគន់ទើបលោកអភិបាលស្រុកបញ្ជាក់ថា បានណែនាំឱ្យសមត្ថកិច្ចចុះស្រាវជ្រាវ។
ប្រជាពលរដ្ឋរាប់រយគ្រួសារដែលពឹងផ្អែកលើទឹកសម្រាប់ស្រោចស្រពដំណាំស្រូវ កំពុងរង់ចាំមើលចំណាត់ការរបស់សមត្ថកិច្ចក្រោមការដឹកនាំរបស់ លោក ឡេង ប៊ុនឡុង អធិការនគរបាលស្រុកព្រៃកប្បាស ថាតើអាចស្វែងរកមុខជនខិលខូចមកផ្ដន្ទាទោស និងស្ដារប្រព័ន្ធបូមទឹកនេះឱ្យដំណើរការឡើងវិញបានដោយរបៀបណា ដើម្បីដោះស្រាយទុក្ខលំបាករបស់ពួកគាត់ក្នុងពេលឆាប់ៗខាងមុខ៕


