ខេត្តតាកែវ៖ កាលពីពេលថ្មីៗនេះ លោក ពួយ រដ្ឋា ជាមន្ត្រីសាលាស្រុកអង្គរបូរី បានសម្រេចចិត្តដាក់ពាក្យបណ្ដឹងទៅកាន់ សាលាដំបូងខេត្តតាកែវ ដោយប្តឹងលើមន្ត្រីនគរបាលម្នាក់ឈ្មោះ សួង សុកាមល៏ ពីបទ «កំហែងយក»។
យោងតាមការបញ្ជាក់ពីលោក ពួយ រដ្ឋា បានឱ្យដឹងថា លោក សួង សុកាមល៏ បានគំរាមកំហែងរូបលោកតាមរយៈសារប្រព័ន្ធតេឡេក្រាម ដោយប្រើប្រាស់អំណាចជាមន្ត្រីនគរបាល ព្រមានថានឹងនាំសមត្ថកិច្ចមកចាប់ខ្លួនដល់ផ្ទះ។
លោក ពួយ រដ្ឋា បានរៀបរាប់ពីដើមចោទនៃរឿងរ៉ាវនេះថា កាលពីឆ្នាំ២០២០ លោក សួង សុកាមល៏ បានទិញដីអាស្រ័យផលទំហំជាង ១ហិកតា ស្ថិតនៅភូមិបាក់ដៃ ឃុំគោកធ្លក ស្រុកអង្គរបូរី ដោយមានការដឹងឮពីអាជ្ញាធរមូលដ្ឋានត្រឹមត្រូវតាមផ្លូវច្បាប់ (មានប្លង់ទន់) និងបានទូទាត់ប្រាក់គ្រប់ចំនួនរួចរាល់។
លុះដល់ ឆ្នាំ២០២៦ នេះ ស្រាប់តែលោក សួង សុកាមល៏ បានមកបង្កជម្លោះទារប្រាក់វិញ ដោយអះអាងថាដីនៅចំណុចនោះមិនអាចធ្វើប្លង់រឹងជាប្រព័ន្ធបាន។ មិនត្រឹមតែប៉ុណ្ណោះ ភាគីខាងលើបានគំរាមចាប់ដៃដាក់ខ្នោះប្រសិនបើគ្មានប្រាក់សងវិញ និងបានចោទប្រកាន់លោកតាមរយៈសារព័ត៌មានថា «ទិញដីឱ្យប្រាក់អស់ ប៉ុន្តែគ្មានដីឱ្យ»។
ជុំវិញការចោទប្រកាន់នេះ លោក ពួយ រដ្ឋា បានបញ្ជាក់ការពិតថា ដីដែលលោក សួង សុកាមល៏ បានទិញនោះ គឺត្រូវបានយកទៅជួលឱ្យឈ្មោះ ស៊ី ណា ធ្វើស្រែប្រាំង-វស្សា ដោយគិតកម្រៃឈ្នួលក្នុង ១ឆ្នាំ ស្មើនឹងអង្ករចំនួន ១០០គីឡូក្រាម ហេតុអ្វីបានជាលោក សួង សុកាមល៏ ដើរនិយាយថាគ្មានដីទៅវិញ?
ពាក់ព័ន្ធនឹងការចោទប្រកាន់ខាងលើនេះ លោក សួង សុកាមល៏ បានទទួលស្គាល់ថា លោកពិតជាបានទិញដីនៅចំណុចខាងលើ និងបានយកទៅជួលឱ្យឈ្មោះ ស៊ី ណា ធ្វើស្រែមែន។ ប៉ុន្តែមូលហេតុដែលលោកទារប្រាក់ពីលោក ពួយ រដ្ឋា វិញ គឺដោយសារតែ ដីនោះមិនអាចធ្វើប្លង់រឹងបាន ខណៈដែលដីនៅក្បែរៗនោះអាចធ្វើប្លង់រឹងបានទាំងអស់ លើកលែងតែដីរបស់ខ្លួន៕


