កសិករឃុំស្រែសង្គម សប្បាយរីករាយ និងអរគុណអាជ្ញាធរខេត្ត-ស្រុក ដែលជួយអន្តរាគមន៍បូមទឹកសង្គ្រោះស្រូវទាន់ពេលវេលា

កសិករឃុំស្រែសង្គម សប្បាយរីករាយ និងអរគុណអាជ្ញាធរខេត្ត-ស្រុក ដែលជួយអន្តរាគមន៍បូមទឹកសង្គ្រោះស្រូវទាន់ពេលវេលា

ខេត្តមណ្ឌលគិរី៖ ប្រជាកសិករនៅឃុំស្រែសង្គម ស្រុកកោះញែក បានបង្ហាញក្តីសប្បាយរីករាយ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះថ្នាក់ដឹកនាំខេត្ត ជាពិសេស ឯកឧត្តម គង់ គឹមនី អភិបាលខេត្តមណ្ឌលគិរី និងរដ្ឋបាលស្រុកកោះញែក ក្រោមការដឹកនាំរបស់ លោក សី ទូច អភិបាលស្រុក ដែលតែងតែយកចិត្តទុកដាក់ខ្ពស់ចំពោះសុខទុក្ខ ជីវភាពរស់នៅ និងបញ្ហាប្រឈមរបស់ប្រជាកសិករ។

ការអន្តរាគមន៍នេះធ្វើឡើង ខណៈដំណាំស្រូវរបស់ប្រជាកសិករកំពុងប្រឈមនឹងការខ្វះខាតទឹក ដោយសារឆ្នាំនេះមានកម្រិតទឹកភ្លៀងធ្លាក់តិច និងទឹកក្នុងទំនប់បានស្រកចុះ ដែលធ្វើឱ្យមិនអាចបង្ហូរចូលស្រែបានគ្រប់គ្រាន់។ ប្រជាកសិករបានសម្តែងការបារម្ភថា ប្រសិនបើគ្មានទឹកក្នុងរយៈពេលពី ១០ ទៅ ១៥ថ្ងៃខាងមុខទេ ស្រូវនៅតំបន់ឆ្ងាយពីប្រឡាយនឹងប្រឈមមុខនឹងការខូចខាតទាំងស្រុង។

ដោយមើលឃើញពីស្ថានភាពបន្ទាន់នេះ លោក សី ទូច បានស្នើសុំម៉ាស៊ីនបូមទឹកខ្នាតធំចំនួន ១គ្រឿង ពីមន្ទីរធនធានទឹក និងឧតុនិយមខេត្តមណ្ឌលគិរី ព្រមទាំងរៀបចំប្រេងម៉ាស៊ូតសម្រាប់ធ្វើអន្តរាគមន៍បូមទឹកពីអូរច្បាឡើងមកប្រឡាយ ដើម្បីបង្ហូរបន្តទៅកាន់ផ្ទៃដីស្រែរបស់ប្រជាពលរដ្ឋ។

ជាមួយគ្នានោះ លោកអភិបាលស្រុកកោះញែក ក៏បានថ្លែងអរគុណដល់ លោក សុង ឃាង ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តមណ្ឌលគិរី ដែលបានឧបត្ថម្ភប្រេងម៉ាស៊ូតចំនួន ១,០០០លីត្រ ចូលរួមក្នុងសកម្មភាពអន្តរាគមន៍បូមទឹកសង្គ្រោះស្រូវពលរដ្ឋនៅក្នុងឃុំស្រែសង្គមផងដែរ។

គិតត្រឹមថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២៦ ក្រុមការងារបានកំពុងដំឡើងម៉ាស៊ីន និងរៀបចំប្រព័ន្ធបូមទឹក ដើម្បីជួយសង្គ្រោះស្រូវប្រជាពលរដ្ឋឱ្យបានទាន់ពេលវេលា និងបានចាប់ផ្តើមដំណើរការបូមទឹកជាផ្លូវការហើយ។

សម្រាប់ប្រជាកសិករ ទឹកមួយតំណក់មានតម្លៃស្មើនឹងក្តីសង្ឃឹមនៃផលស្រូវពេញមួយរដូវ។ ការអន្តរាគមន៍យ៉ាងទាន់ពេលវេលានេះ មិនត្រឹមតែជួយសង្គ្រោះដំណាំស្រូវប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយរក្សាស្ថិរភាពជីវភាព និងកាត់បន្ថយការខាតបង់របស់ប្រជាកសិករយ៉ាងមានប្រសិទ្ធភាព។ ស្រុកកោះញែក ដែលត្រូវបានចាត់ទុកថាជា «ជង្រុកស្រូវដ៏សំខាន់មួយរបស់ខេត្តមណ្ឌលគិរី» កំពុងត្រូវការការយកចិត្តទុកដាក់ និងដំណោះស្រាយជាក់ស្តែងបែបនេះ ដើម្បីធានាថាផលដំណាំស្រូវរបស់ប្រជាកសិករមិនត្រូវខូចខាតដោយសារបញ្ហាខ្វះទឹកឡើយ៕

Scroll to Top