កំពង់ចាម៖ ដើម្បីធានាបាននូវសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពដាច់ខាត ក្នុងឱកាសដែលព្រះរាជាណាចក្រកម្ពុជាធ្វើជាម្ចាស់ផ្ទះនៃព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រ កិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី (Francophonie) លើកទី២០ ឆ្នាំ២០២៦ ស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម បានបើកកិច្ចប្រជុំបន្ទាន់មួយដើម្បីរៀបចំយុទ្ធសាស្ត្រ ការពារ និងពង្រឹងកម្លាំងជំនាញទូទាំងខេត្ត។
កិច្ចប្រជុំគណៈស្នងការនេះ បានប្រព្រឹត្តទៅនាព្រឹកថ្ងៃសុក្រ ទី៦ ខែវិច្ឆិកា ឆ្នាំ២០២៦ នេះ នៅសាលប្រជុំតូច នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ លោកឧត្តមសេនីយ៍ទោ ហេង វុទ្ធី ស្នងការនគរបាលខេត្តកំពង់ចាម ដោយមានការចូលរួមពីប្រធានផែន និងមន្ត្រីពាក់ព័ន្ធជាច្រើនរូប។
នៅក្នុងជំនួបយុទ្ធសាស្ត្រនេះ លោកឧត្តមសេនីយ៍ទោ ស្នងការ បានដាក់ចេញនូវបទបញ្ជា និងវិធានការតម្រង់ទិសយ៉ាងម៉ឺងម៉ាត់ ដល់គ្រប់ផែនជំនាញទាំងអស់ ឱ្យបង្កើនការយកចិត្តទុកដាក់ខ្ពស់បំផុតលើការងារការពារ សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពជូនដល់ថ្នាក់ដឹកនាំជាន់ខ្ពស់ ព្រមទាំងគណៈប្រតិភូជាតិ និងអន្តរជាតិ ដែលត្រូវអញ្ជើញឆ្លងកាត់ភូមិសាស្ត្រខេត្តកំពង់ចាម។
ចំណុចសំខាន់ៗដែលត្រូវបានលើកឡើង និងដាក់ចេញក្នុងកិច្ចប្រជុំរួមមាន៖ ត្រួតពិនិត្យ និងរៀបចំផែនការការពារតាមដងផ្លូវ និងផ្លូវបំបែកសំខាន់ៗ ក្នុងភូមិសាស្ត្រខេត្ត ដើម្បីធានាថាការធ្វើដំណើររបស់គណៈប្រតិភូ និងថ្នាក់ដឹកនាំប្រព្រឹត្តទៅដោយសុវត្ថិភាព និងរលូន គ្មានការកកស្ទះ ឬឧបទ្ទវហេតុណាមួយកើតឡើង។
រឹតបន្តឹងសន្តិសុខនៅតាមមូលដ្ឋាន បង្កើនការល្បាត និងចាត់វិធានការក្តៅគគុកចំពោះរាល់សកម្មភាពល្មើសច្បាប់ ដើម្បីលុបបំបាត់ហានិភ័យផ្សេងៗតាំងពីដំណាក់កាលដំបូង។ លើកយកបទពិសោធន៍កន្លងមកមកពិភាក្សា ដើរទន្ទឹមគ្នានឹងការដោះស្រាយបញ្ហាប្រឈមចំពោះមុខ ដើម្បីឱ្យការអនុវត្តផែនការសន្តិសុខកាន់តែមានប្រសិទ្ធភាពខ្ពស់។ ពិនិត្យ និងកែសម្រួលការពង្រាងផែនការចាំបាច់នានា សំដៅធានាសន្តិសុខ និងសណ្តាប់ធ្នាប់ ទាំងសម្រាប់កម្មវិធីផ្លូវការ និងការរស់នៅប្រចាំថ្ងៃរបស់បងប្អូនប្រជាពលរដ្ឋក្នុងខេត្ត។
លោកឧត្តមសេនីយ៍ទោ ហេង វុទ្ធី បានគូសបញ្ជាក់ថា ព្រឹត្តិការណ៍កិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី គឺជាកិត្តិយស និងជាមុខមាត់ដ៏ធំធេងរបស់ប្រទេសជាតិ ដូច្នេះកម្លាំងនគរបាលខេត្តកំពង់ចាមទាំងអស់ ត្រូវតែត្រៀមលក្ខណៈសម្បត្តិ ស្មារតី និងកម្លាំងសរុប ដើម្បីបម្រើ និងការពារព្រឹត្តិការណ៍នេះឱ្យទទួលបានជោគជ័យឥតខ្ចោះ នាពេលឆាប់ៗខាងមុខនេះ៕


