កំពង់ចាម៖ នាព្រឹកថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២៦ ឯកឧត្តម ខ្លូត ចិន្តា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាមស្តីទី បានអញ្ជើញជាអធិបតីភាពក្នុងពិធីសំណេះសំណាល និងជូនដំណើរយុវជនស្ម័គ្រចិត្ត ចូលបំពេញកាតព្វកិច្ចយោធា នៅសាលាហ្វឹកហ្វឺនកងទ័ព ដែលពិធីនេះបានរៀបចំឡើងនៅទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ចាម។
ពិធីនេះមានការអញ្ជើញចូលរួមពី លោកឧត្តមសេនីយ៍ទោ ហ៊ូ ពៅ មេបញ្ជាការតំបន់ប្រតិបត្តិសឹករងកំពង់ចាម និងជាប្រធានគណៈកម្មាធិការកាតព្វកិច្ចយោធាខេត្ត, លោកឧត្តមសេនីយ៍ត្រី ថេង ឆេងលីម មេបញ្ជាការកងរាជអាវុធហត្ថខេត្ត, ថ្នាក់ដឹកនាំកងកម្លាំងប្រដាប់អាវុធ, គណៈកម្មាធិការកាតព្វកិច្ចយោធាក្រុង-ស្រុក, អាជ្ញាធរដែនដី ព្រមទាំងមាតាបិតា អាណាព្យាបាល និងប្រជាពលរដ្ឋជាច្រើនរូប។
យោងតាមរបាយការណ៍របស់ លោកឧត្តមសេនីយ៍ទោ ហ៊ូ ពៅ បានឱ្យដឹងថា ក្នុងការអនុវត្តការងារកាតព្វកិច្ចយោធា ឆ្នាំ២០២៦ គណៈកម្មាធិការកាតព្វកិច្ចយោធាថ្នាក់ជាតិ បានប្រគល់ភាគកម្រិត និងទម្លាក់បញ្ជីឈ្មោះប្រជាពលរដ្ឋស្ម័គ្រចិត្តក្នុងខេត្តកំពង់ចាម សរុបចំនួន ១៤០នាក់ តាមបណ្តាក្រុង-ស្រុក ដើម្បីចូលរួមបំពេញភារកិច្ចការពារជាតិ។
ថ្លែងនាឱកាសនោះ ឯកឧត្តម ខ្លូត ចិន្តា បានពាំនាំនូវការសួរសុខទុក្ខ និងការអបអរសាទរយ៉ាងកក់ក្តៅពីសំណាក់ ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម ជូនចំពោះយុវជនស្ម័គ្រចិត្តទាំងអស់។ ឯកឧត្តមអភិបាលខេត្តស្តីទី បានសម្តែងនូវការកោតសរសើរ និងអរគុណយ៉ាងជ្រាលជ្រៅចំពោះគណៈកម្មាធិការកាតព្វកិច្ចយោធាគ្រប់លំដាប់ថ្នាក់ ពិសេសអាណាព្យាបាលទាំងអស់ ដែលបានលើកទឹកចិត្ត និងផ្តល់ឱកាសឱ្យកូនចៅចូលរួមបំពេញកាតព្វកិច្ចយោធា ដើម្បីទទួលបាននូវចំណេះ-ជំនាញ កិត្តិយស និងសេចក្តីថ្លៃថ្នូរ ក្នុងការចូលរួមថែរក្សាសុខសន្តិភាព សន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារអធិបតេយ្យភាព បូរណភាពទឹកដី។
ទន្ទឹមនឹងនេះ ឯកឧត្តម ខ្លូត ចិន្តា ក៏បានផ្តាំផ្ញើនូវអនុសាសន៍សំខាន់ៗចំនួន ៤ចំណុច ដល់យុវជនស្ម័គ្រចិត្តទាំងអស់ រួមមាន៖
១. ត្រូវយកចិត្តទុកដាក់ថែរក្សាសុខភាព និងកាយសម្បទារបស់ខ្លួនឱ្យបានល្អប្រសើរជាប្រចាំ។
២. ត្រូវខិតខំរៀនសូត្រ ស្វែងយល់ បង្កើនការលះបង់ និងមានស្មារតីអត់ធ្មត់ខ្ពស់ ដើម្បីអនាគតខ្លួនឯង និងក្រុមគ្រួសារ។
៣. ត្រូវរួមចំណែកជាមួយរាជរដ្ឋាភិបាល ក្នុងការការពារសន្តិសុខ សណ្តាប់ធ្នាប់សង្គម អធិបតេយ្យភាព និងបូរណភាពទឹកដី ដោយស្មារតីទទួលខុសត្រូវខ្ពស់ «មានតែយើងខ្លាំងទេ ទើបអាចរក្សាបាននូវអ្វីៗដែលមាននាពេលបច្ចុប្បន្ន»។
៤. ត្រូវចងចាំថា «គ្មានបរទេសណា ឬជនជាតិណា ស្រឡាញ់ជាតិយើង ដូចជនជាតិយើងនោះឡើយ» ដូច្នេះត្រូវរួមគ្នាកសាង និងការពារប្រទេសជាតិឱ្យបានរឹងមាំ។
ក្នុងបរិយាកាសស្និទ្ធស្នាល និងប្រកបដោយមោទនភាព ឯកឧត្តម ខ្លូត ចិន្តា ព្រមទាំងថ្នាក់ដឹកនាំអមដំណើរ បានជូនពរ និងជូនដំណើរយុវជនស្ម័គ្រចិត្តទាំងអស់ ចេញដំណើរទៅកាន់សាលាហ្វឹកហ្វឺនកងទ័ពដោយសុវត្ថិភាព និងទទួលបានជោគជ័យគ្រប់ភារកិច្ចបំពេញកាតព្វកិច្ចជូនជាតិមាតុភូមិ៕


