ខេត្តតាកែវ៖ មហាជន និងប្រជាសហគមន៍នេសាទក្នុងឃុំបាស្រែ ស្រុកអង្គរបូរី កំពុងរង់ចាំមើលយ៉ាងអន្ទះសារថា តើលោក កង អាណាន់ អភិបាលស្រុកអង្គរបូរី ហ៊ានចាត់វិធានការក្តៅគគុក បង្ក្រាបបទល្មើសនេសាទរបស់ឈ្មួញធំឈ្មោះ «បងនាង» ដែលកំពុងផ្គើនច្បាប់ដាក់សម្រាស់យ៉ាងអនាធិបតេយ្យនៅក្បែរស្នាក់ការជលផលស្លែង នៃឃុំបាស្រែ ដែរឬយ៉ាងណា?
ប្រភពពីប្រជាពលរដ្ឋក្នុងមូលដ្ឋានបានទម្លាយឱ្យដឹងថា ចាប់តាំងពីថ្ងៃទី២៨ ខែតុលា មក ឈ្មួញធំឈ្មោះ បងនាង បានដើរប្រមូលដំឡើងសម្រាស់ខុសច្បាប់ក្នុងទ្រង់ទ្រាយយ៉ាងធំធេង និងបានដាក់របាំងព្រួលជិតស្នាក់ការជលផលស្លែង ស្ថិតក្នុងអន្លង់អភិរក្សពូជត្រី ឃុំបាស្រែ ស្រុកអង្គរបូរី ដើម្បីត្រៀមប្រមូលផលត្រីនៅរដូវទឹកសម្រក។ ការប្រព្រឹត្តបទល្មើសយ៉ាងកក្រើកនេះ មិនមែនជាការនេសាទលក្ខណៈគ្រួសារដើម្បីដោះស្រាយជីវភាពនោះទេ ប៉ុន្តែជាអំពើល្មើសច្បាប់ក្នុងនាមជា «មេឈ្មួញធំ» ដែលរំលោភលើទ្រព្យសម្បត្តិធម្មជាតិរបស់រដ្ឋយ៉ាងធ្ងន់ធ្ងរ។
អ្វីដែលគួរឱ្យកត់សម្គាល់ និងបង្កើតឱ្យមានមន្ទិលសង្ស័យខ្លាំងនោះគឺ បងនាង ត្រូវបានគេរាយការណ៍ថា បានប្រើប្រាស់ល្បិចកលទាក់ទងជាមួយសហគមន៍នេសាទក្នុងតំបន់ ដោយផ្តល់ប្រេងសាំងជាថ្នូរនឹងការ «បិទភ្នែកទ្វេភាគី» ដើម្បីបើកដៃឱ្យរូបគេអាចប្រព្រឹត្តបទល្មើសបានដោយរលូន ដូចកាលពីបណ្តាឆ្នាំមុនៗដែរ។
ឆ្លើយតបនឹងករណីនេះ លោក អ៊ឹម វិចិត្រ មន្ត្រីជំនាញជលផលប្រចាំស្នាក់ការស្លែង បានទទួលស្គាល់ថា ឈ្មួញឈ្មោះ បងនាង នេះពិតជាតែងតែប្រព្រឹត្តបទល្មើសនេសាទនៅជិតស្នាក់ការអន្លង់ពូជត្រីជាប្រចាំរៀងរាល់ឆ្នាំមែន ខណៈដែលលោក ខឹម ប៊ុនថន នាយផ្នែករដ្ឋបាលជលផលអង្គរបូរី បែរជាជ្រើសរើសការស្ងៀមស្ងាត់ និងមិនព្រមឆ្លើយតបនឹងសំណួររបស់សារព័ត៌មានឡើយ។
ផ្អែកលើចំណាត់ការកន្លងមក ប្រជាពលរដ្ឋធ្លាប់ឃើញ លោក កង អាណាន់ អភិបាលស្រុកអង្គរបូរី តែងតែបង្ហាញសកម្មភាពចុះបង្ក្រាបបទល្មើសនានាយ៉ាងសកម្ម។ ប៉ុន្តែចំពោះមុខករណីឈ្មួញធំ «បងនាង» នេះ លោកអភិបាលស្រុកគ្រាន់តែបានអះអាងឆ្លើយតបមកកាន់សារព័ត៌មានថានឹង «បញ្ជាឱ្យមន្ត្រីជំនាញចុះទៅពិនិត្យមើល» ប៉ុណ្ណោះ ដែលចម្លើយនេះត្រូវបានមហាជនមើលឃើញថាជាវិធានការយឺតយ៉ាវ និងមិនទាន់មានទម្ងន់គ្រប់គ្រាន់ក្នុងការទប់ស្កាត់បទល្មើសជាក់ស្តែងនៅឡើយ។
ប្រជាសហគមន៍បានលើកឡើងថា មេឈ្មួញឈ្មោះ បងនាង គឺជាមុខសញ្ញាប្រព្រឹត្តបទល្មើសនេសាទដុះស្លែដែលនរណាក៏ស្គាល់មុខដែរ។ ប្រជាពលរដ្ឋរង់ចាំមើលថា តើលោកអភិបាលស្រុក កង អាណាន់ មានឆន្ទៈពិតប្រាកដ និងមានភាពក្លាហានគ្រប់គ្រាន់ក្នុងការប្រើប្រាស់អំណាច និងសមត្ថកិច្ចរបស់ខ្លួន ដើម្បីបង្ក្រាបឈ្មួញធំរូបនេះដែរឬទេ? ឬមួយក៏ទុកឱ្យ បងនាង បន្តធ្វើព្យុះធ្វើភ្លៀងជិះសេះលែងដៃលើផ្ទៃទឹកអន្លង់អភិរក្ស?
ទន្ទឹមនឹងនេះ ប្រជាពលរដ្ឋក៏បានអំពាវនាវយ៉ាងទទូចដល់លោកអភិបាលខេត្តតាកែវ និងអាជ្ញាធរមានសមត្ថកិច្ចថ្នាក់ខេត្ត មេត្តាចាត់កម្លាំងជំនាញចុះអន្តរាគមន៍បង្ក្រាប និងចាត់វិធានការច្បាប់លើឈ្មួញ បងនាង ឱ្យបានទាន់ពេលវេលា ដើម្បីការពារកុំឱ្យធនធានមច្ឆជាតិត្រូវរងការបំផ្លិចបំផ្លាញ និងបញ្ឈប់វប្បធម៌អន្តរាគមន៍គ្របដណ្តប់លើបទល្មើសនេសាទតទៅទៀត៕


