ខេត្តតាកែវ៖ នាព្រឹកថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៦នេះ ឯកឧត្តម វុី សំណាង អភិបាល នៃគណៈអភិបាលខេត្តតាកែវ បានបង្ហោះសារដ៏គួរឱ្យរំភើប និងទាក់ទាញនៅលើបណ្ដាញសង្គមផ្ទាល់ខ្លួន ដោយប្រកាសពីសមិទ្ធផលថ្មីដ៏លេចធ្លោមួយក្នុងខេត្តថា៖ «បង្កងតាកែវ សករួចហើយ😘😘😘😘»។
ការប្រកាសនេះមិនត្រឹមតែជាដំណឹងដ៏រីករាយសម្រាប់ប្រជាពលរដ្ឋក្នុងខេត្តតាកែវប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានទាក់ទាញចំណាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់សាធារណជន និងអ្នកលេងបណ្ដាញសង្គមទូទាំងប្រទេសផងដែរ ដោយសារតែបង្កងតាកែវគឺជាអត្តសញ្ញាណ និងជានិមិត្តរូបនៃម្ហូបអាហារដ៏ល្បីល្បាញប្រចាំតំបន់នេះ។
បើយោងតាមការបញ្ជាក់ពី ឯកឧត្តម អភិបាលខេត្ត រូបសំណាក «បង្កងតាកែវ» ដ៏ធំស្កឹមស្កៃនេះ មានវិមាត្រ និងខ្នាតស្តង់ដារគួរឱ្យចាប់អារម្មណ៍ដូចខាងក្រោម៖ បណ្តោយប្រវែង៦ម៉ែត្រ ទទឹងប្រវែង ២,៥ម៉ែត្រ ដង្កៀបប្រវែង ៤,៥ម៉ែត្រ។
រូបសំណាកតំណាងឱ្យសត្វបង្កងធម្មជាតិដ៏មានតម្លៃ និងជាសក្ខីភាពនៃភាពសម្បូរបែបនៃផលនេសាទក្នុងទឹកដីខេត្តតាកែវមួយនេះ ត្រូវបានរៀបចំពិធីដាក់បង្ហាញឱ្យប្រើប្រាស់ជាផ្លូវការ នាព្រឹកថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៦ នេះផ្ទាល់តែម្ដង ដើម្បីស្វាគមន៍ភ្ញៀវទេសចរជាតិ និងអន្តរជាតិដែលអញ្ជើញមកទស្សនាកម្សាន្តខេត្តតាកែវ។
សមិទ្ធផលថ្មីនេះត្រូវបានរំពឹងទុកថា នឹងក្លាយជាគោលដៅទេសចរណ៍ដ៏ទាក់ទាញថ្មីមួយទៀត ដែលជួយលើកកម្ពស់សោភ័ណភាពទីក្រុង និងទាក់ទាញអ្នកដំណើរឱ្យឈប់សម្រាកថតរូបទុកជាអនុស្សាវរីយ៍ ព្រមទាំងជួយជំរុញដល់វិស័យទេសចរណ៍ និងសេដ្ឋកិច្ចមូលដ្ឋានក្នុងខេត្តតាកែវឱ្យកាន់តែរីកចម្រើនថែមមួយកម្រិតទៀត៕


