អភិបាលខេត្តកំពង់ចាម ចុះពិនិត្យការងារបច្ចេកទេស និងលើកកម្ពស់សោភ័ណភាពទំនប់ជ្រោយចេក ដើម្បីពង្រឹងការស្រោចស្រព និងរៀបចំជាតំបន់ទេសចរណ៍

អភិបាលខេត្តកំពង់ចាម ចុះពិនិត្យការងារបច្ចេកទេស និងលើកកម្ពស់សោភ័ណភាពទំនប់ជ្រោយចេក ដើម្បីពង្រឹងការស្រោចស្រព និងរៀបចំជាតំបន់ទេសចរណ៍

កំពង់ចាម៖ ដើម្បីឆ្លើយតបទៅនឹងតម្រូវការប្រើប្រាស់ទឹករបស់ប្រជាពលរដ្ឋ ព្រមទាំងលើកកម្ពស់សោភ័ណភាពតំបន់ប្រភពទឹកឱ្យក្លាយជាតំបន់សម្រាកកម្សាន្ត ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម នៅព្រឹកថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៦ បានដឹកនាំក្រុមការងារបច្ចេកទេស មន្ត្រីជំនាញ និងអាជ្ញាធរមូលដ្ឋាន ចុះពិនិត្យដោយផ្ទាល់នូវស្ថានភាពសំណង់ទ្វារទឹក ការដាំដើមឈើ និងការបំពាក់ប្រព័ន្ធភ្លើងបំភ្លឺសាធារណៈដោយថាមពលព្រះអាទិត្យ (សូឡា) នៅតំបន់ទំនប់ជ្រោយចេក ស្ថិតក្នុងឃុំទ្រាន និងឃុំស្រក ស្រុកកំពង់សៀម។

ក្នុងសកម្មភាពចុះពិនិត្យនាឱកាសនោះ ឯកឧត្តម អ៊ុន ចាន់ដា បានគូសបញ្ជាក់ពីសារៈសំខាន់ជាយុទ្ធសាស្ត្រនៃទំនប់ជ្រោយចេក ដោយឯកឧត្តមមានប្រសាសន៍ថា សំណង់ធារាសាស្ត្រមួយនេះ គឺជាអាងស្តុកទឹកដ៏សំខាន់ឆ្លើយតបយ៉ាងមានប្រសិទ្ធភាពដល់ការស្រោចស្រពដំណាំកសិកម្ម និងការប្រើប្រាស់ក្នុងជីវភាពប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ។ លើសពីនេះ ទំនប់ជ្រោយចេកក៏បំពេញតួនាទីយ៉ាងសកម្មក្នុងការរក្សាតុល្យភាពធនធានទឹក និងទ្រទ្រង់ដល់ការអភិវឌ្ឍវិស័យកសិកម្មប្រកបដោយចីរភាព។

ទន្ទឹមនឹងមុខងារកសិកម្ម ឯកឧត្តមអភិបាលខេត្ត បានរំលេចបន្ថែមអំពីសក្តានុពលទេសចរណ៍ដ៏លេចធ្លោនៃតំបន់នេះ ដោយសារទំនប់ជ្រោយចេកមានទេសភាពធម្មជាតិស្រស់ស្អាត ផ្ទៃទឹកល្វឹងល្វើយ និងខ្យល់អាកាសបរិសុទ្ធ ដែលអំណោយផលយ៉ាងខ្លាំងក្នុងការអភិវឌ្ឍទៅជា «តំបន់អេកូទេសចរណ៍ធម្មជាតិ» និងជាកន្លែងសម្រាកកម្សាន្តឈានមុខគេមួយក្នុងខេត្ត។ ការប្រែក្លាយតំបន់នេះឱ្យទៅជាតំបន់ទេសចរណ៍ នឹងចូលរួមបង្កើតឱកាសការងារ បង្កើនប្រាក់ចំណូលជូនពលរដ្ឋក្នុងមូលដ្ឋាន និងជំរុញកំណើនសេដ្ឋកិច្ចប្រចាំខេត្តឱ្យកាន់តែមានសន្ទុះខ្លាំងក្លា។

យោងតាមរបាយការណ៍បច្ចេកទេសពីលោក អ៊ុម វិបុល ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពង់ចាម បានឱ្យដឹងថា ប្រព័ន្ធធារាសាស្ត្រជ្រោយចេក ទទួលបានប្រភពទឹកពីទន្លេមេគង្គ និងទឹកភ្លៀង ដោយមានសមត្ថភាពស្តុកទឹកបានរហូតដល់ ៩លានម៉ែត្រគូប។ ហេដ្ឋារចនាសម្ព័ន្ធបច្ចេកទេសនៃប្រព័ន្ធធារាសាស្ត្រនេះរួមមាន៖ តួទំនប់ មានប្រវែង ១.៩៤៣ ម៉ែត្រ ប្រឡាយមេ មានប្រវែង ១.៧៨៦ ម៉ែត្រ ប្រឡាយរង មានប្រវែង ៣.៦០២ ម៉ែត្រ សំណង់គ្រប់គ្រងទឹក មានសំណង់ទ្វារទឹកចំនួន ២ កន្លែង និងសំណង់ចែកចាយទឹកចំនួន ១០ កន្លែង

តាមរយៈប្រព័ន្ធធារាសាស្ត្រ និងអាងស្តុកទឹកដ៏រឹងមាំនេះ ទំនប់ជ្រោយចេកមានសមត្ថភាពផ្គត់ផ្គង់ទឹកស្រោចស្រពលើផ្ទៃដីស្រែប្រាំងបានរហូតដល់ ១.១១៦ ហិកតា ប្រកបដោយប្រសិទ្ធភាពខ្ពស់៕

Scroll to Top