ខេត្តកណ្ដាល៖ រដ្ឋបាលក្រុងតាខ្មៅ បានដាក់បទបញ្ជា និងកំណត់ឱសានវាទយ៉ាងម៉ឺងម៉ាត់ដល់ក្រុមអាជីវករដែលកំពុងលក់ដូរលើចិញ្ចើមផ្លូវ និងទ្រូងផ្លូវសាធារណៈ លេខ ១០៤ (ខាងលិចផ្សារតាខ្មៅចាស់ ចំណុចផ្សារត្រី) និងផ្លូវលេខ ២០២ ស្ថិតក្នុងសង្កាត់តាខ្មៅ ត្រូវតែបញ្ឈប់សកម្មភាពលក់ដូរទាំងស្រុងយ៉ាងយូរត្រឹមថ្ងៃទី ០២ ខែវិច្ឆិកា ឆ្នាំ ២០២៦ ខាងមុខនេះជាកំហិត។
ប្រតិបត្តិការចុះរៀបចំសណ្ដាប់ធ្នាប់ និងផ្សព្វផ្សាយសេចក្តីជូនដំណឹងនេះ បានធ្វើឡើងក្រោមការចង្អុលបង្ហាញផ្ទាល់ពី លោក លីវ វណ្ណថេង អភិបាល នៃគណៈអភិបាលក្រុងតាខ្មៅ ដោយនៅក្នុងនោះ លោក ឡាយ សំរិទ្ធ អភិបាលរងក្រុង បានដឹកនាំមន្ត្រីជំនាញនៃរដ្ឋបាលក្រុង រួមមាន៖
ការិយាល័យសាធារណការ ដឹកជញ្ជូន អនាម័យ បរិស្ថាន និងសណ្ដាប់ធ្នាប់សាធារណៈក្រុងក្រុមការងាររៀបចំសណ្ដាប់ធ្នាប់ផ្សារតាខ្មៅចាស់ ក្រុមការងារចម្រុះបានចុះផ្ដល់ការអប់រំ ណែនាំ និងចែកសេចក្តីជូនដំណឹងផ្លូវការដោយផ្ទាល់ដៃជូនដល់បងប្អូនអាជីវករនៅតាមទីតាំងខាងលើ ដើម្បីឱ្យបានជ្រាបជាព័ត៌មាន និងរៀបចំផ្លាស់ប្តូរទីតាំងលក់ដូរឱ្យបានមុនកាលកំណត់។
រដ្ឋបាលក្រុងតាខ្មៅ បានគូសបញ្ជាក់យ៉ាងច្បាស់ថា ក្នុងករណីអាជីវកររូបណាដែលនៅតែរឹងរូស មិនព្រមចូលរួមសហការ ឬមិនអនុវត្តតាមការណែនាំរបស់អាជ្ញាធរទេនោះ រដ្ឋបាលក្រុងនឹងចុះអនុវត្តវិធានការរដ្ឋបាល និងវិធានការផ្លូវច្បាប់ជាធរមាន ដោយគ្មានការលើកលែងឡើយ។
ជាមួយគ្នានេះ អាជ្ញាធរក្រុងតាខ្មៅ សម្តែងនូវក្តីសង្ឃឹមយ៉ាងមុតមាំថា បងប្អូនអាជីវករទាំងអស់នឹងបង្ហាញស្មារតីទទួលខុសត្រូវខ្ពស់ ដោយចូលរួមសហការបញ្ឈប់ការរំលោភយកទ្រូងផ្លូវសាធារណៈ ដើម្បើយ៉ាងណារួមគ្នាលលើកកម្ពស់សោភ័ណភាព របៀបរៀបរយ អនាម័យ និងបរិស្ថានស្អាតក្នុងក្រុងតាខ្មៅឱ្យកាន់តែល្អប្រសើរឡើង៕


