កំពង់ចាម៖ ក្រោមការយកចិត្តទុកដាក់ខ្ពស់ និងការដឹកនាំផ្ទាល់យ៉ាងសកម្មប្រកបដោយគំនិតច្នៃប្រឌិតពីសំណាក់ ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម ព្រឹត្តិការណ៍ប្រណាំងទូក បណ្ដែតប្រទីប បាញ់កាំជ្រួច និងតាំងពិព័រណ៌សមិទ្ធផលនានា ក្នុងឱកាសពិធីបុណ្យចេញព្រះវស្សារយៈពេល៥ថ្ងៃ ចាប់ពីថ្ងៃទី២២ ដល់ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៦ បានប្រព្រឹត្តទៅយ៉ាងជោគជ័យ និងទទួលបានការគាំទ្រយ៉ាងច្រើនកុះករពីប្រជាពលរដ្ឋ។
យោងតាមរបាយការណ៍ផ្លូវការរបស់រដ្ឋបាលខេត្តកំពង់ចាម បានបង្ហាញថា ត្រឹមរយៈពេល៥ថ្ងៃនៃការរៀបចំពិធីនេះ មានភ្ញៀវទេសចរជាតិ និងអន្តរជាតិសរុបចំនួន ៦៧៦,៦៣៦នាក់ បានអញ្ជើញមកទស្សនា និងចូលរួមកម្សាន្តយ៉ាងសប្បាយរីករាយ។ ដោយឡែកសម្រាប់ថ្ងៃចេញព្រះវស្សា និងជាថ្ងៃប្រណាំងទូកផ្ទាល់ គឺមានភ្ញៀវទេសចរសរុបចំនួន ៣៦១,១១៥នាក់ (ក្នុងនោះទេសចរជាតិចំនួន ៣១៥,៣៣០នាក់ និងទេសចរបរទេសចំនួន ១៣៧នាក់)។
ព្រឹត្តិការណ៍ដ៏មហោឡារិកនេះ បានប្រារព្ធឡើងយ៉ាងអធិកអធមតាមដងទន្លេមេគង្គ ក្នុងក្រុងកំពង់ចាម ដោយមានការដាក់ទូកចូលរួមប្រកួតសរុបចំនួន ១០០ទូក ក្នុងនោះរួមមាន៖ទូក «ង» ចំនួន៥២ទូក (ស្មើនឹង ២៦គូ) និងទូកខ្នាតអន្តរជាតិ ចំនួន៤៨ទូក (ស្មើនឹង ២៤គូ)
ក្រៅពីការប្រណាំងទូកដ៏ស្វិតស្វាញ និងប្រកបដោយស្មារតីកីឡា ក្រោមការរៀបចំសន្តិសុខ សណ្ដាប់ធ្នាប់ និងបរិយាកាសដ៏កក់ក្តៅរបស់រដ្ឋបាលខេត្ត កម្មវិធីក៏មានការបណ្តែតប្រទីប និងការបាញ់កាំជ្រួចយ៉ាងស្រស់ស្អាតបំភ្លឺផ្ទៃទឹកទន្លេមេគង្គ ដែលបានរួមចំណែកយ៉ាងសំខាន់ក្នុងការបង្កភាពសប្បាយរីករាយ ព្រមទាំងលើកស្ទួយវិស័យទេសចរណ៍ និងបង្ហាញពីវប្បធម៌ប្រពៃណីដ៏ផូរផង់របស់ខេត្តកំពង់ចាម ក្រោមការដឹកនាំដ៏នឿយហត់របស់ ឯកឧត្តម អ៊ុន ចាន់ដា ផងដែរ៕


